អន្តរជាតិ
កាសែតហុងកុងApple Daily នឹងបញ្ចប់ដំណើរការ នៅត្រឹមថ្ងៃទី២៤ ខែមិថុនា
23, Jun 2021 , 5:39 pm        
រូបភាព
បុរសម្នាក់អានកាសែត Apple Daily ។ រូបថត AFP
បុរសម្នាក់អានកាសែត Apple Daily ។ រូបថត AFP
កាសែតហុងកុង​ Apple Daily បានជូនដំណឹងថា កាសែតរបស់ខ្លួននឹងបញ្ចប់ការចុះផ្សាយអត្ថបទចាប់ពីស្អែកទៅ ដោយសារតែអាជ្ញាធរហុងកុង បានបង្កកទ្រព្យសម្បត្តិរបស់ខ្លួន និងការខ្វះខាតហិរញ្ញវត្ថុ។



 
 
តាមរយៈអត្ថបទមួយ ដែលចុះផ្សាយនៅថ្ងៃទី២៣ ខែមិថុនា កាសែតហុងកុង Apple Daily បានអះអាងថា ដំណើរការកាសែតរបស់ខ្លួន នឹងបញ្ឈប់ដំណើរការ រួមទាំងការបោះពុម្ភកាសែត និងការចុះផ្សាយលើវេបសាយ ចាប់ពីថ្ងៃទីថ្ងៃទី២៤ ខែមិថុនាតទៅ។ បានន័យនេះ ថ្ងៃទី២៤ ខែមិថុនានេះ នឹងជាថ្ងៃប្រត្តិបត្តិការចុងក្រោយរបស់កាសែតមួយនេះ។ 
 
«វេបសាយApple Daily នឹងបញ្ឈប់ការចុះផ្សាយចាប់ពីពាក់កណ្តាលយប់តទៅ»។ កាសែតហុងកុង ដែលបើកដំណើរការរយៈពេល ២៦ឆ្នាំ បានចុះផ្សាយបែបនេះ នៅក្នុងអត្ថបទរបស់ខ្លួន។ 
 
ការចេញផ្សាយបែបនេះ ធ្វើឡើងបន្ទាប់ពីការប្រកាសរបស់ក្រុមប្រឹក្សា Apple Daily បានបញ្ជាក់ថា នឹងបិទដំណើរការកាសែត មិនឱ្យហួសពីថ្ងៃ២៦ ខែមិថុនា។ ការបញ្ចប់ប្រតិបត្តិការកាសែត Apple Daily  បែបនេះ ដោយសារតែអាជ្ញាធរហុងកុង បានបង្កកទ្រព្យសម្បត្តិ និងរងបទចោទបំផ្លាញសន្តិសុខជាតិចិន ដែលមានចែងក្នុងច្បាប់សន្តិសុខជាតិ។
 
កាសែត Apply Daily ត្រូវបានអាជ្ញាធរហុងកុង បង្កកទ្រព្យសម្បត្តិនៅសប្តាហ៍មុន រួមទាំងចាប់ខ្លួនអ្នកសារព័ត៌មាន បន្ទាប់ពីកាសែតមួយនេះ បានចុះផ្សាយអត្ថបទមួយ អំពាវនាវឱ្យបរទេសដាក់ទណ្ឌកម្មលើមេដឹកនាំចិន និងហុងកុង។ 
 
នៅថ្ងៃម្សិលមិញ ប្រធានប្រតិបត្តិហុងកុង ការី ឡាំ បានការពាររដ្ឋាភិបាលខ្លួនថា វាមិនមែនជាបញ្ហាអ្វីឡើយ ដែលសារព័ត៌មានរិះគន់រដ្ឋាភិបាល ប៉ុន្តែការរៀបចំសកម្មភាព ដើម្បីញុះញង់ឱ្យមានវិទ្ធង្សនាប្រឆាំងរដ្ឋាភិបាល ជារឿងដោយឡែក។ បើតាមលោកស្រីការី ឡាំ ប្រព័ន្ធផ្សព្វផ្សាយ មិនត្រូវធ្វើវិទ្វង្សនាប្រឆាំងរដ្ឋាភិបាលឡើយ។ 
 
គួររំលឹកថា កាលពីខែសីហា ឆ្នាំ២០២០ លោក  Jimmy Lai ស្ថាបនិកកាសែត Apple Daily និងជាអ្នក គាំទ្រប្រជាធិបតេយ្យ ត្រូវបានចាប់ខ្លួនពីបទចោទបំពានច្បាប់សន្តិសុខជាតិ ពាក់ព័ន្ធនឹងការគប់គិតជាមួយបរទេស៕ 
 

Tag:
 ហុងកុង
  Apple Daily
© រក្សាសិទ្ធិដោយ thmeythmey.com