អន្តរជាតិ
ដូសទីមួយចាក់ AstraZeneca តែអធិការបតីអាល្លឺម៉ង់ ទទួលវ៉ាក់សាំង Moderna នៅដូសទីពីរ
23, Jun 2021 , 7:29 pm        
រូបភាព
អធិការបតីអាល្លឺម៉ង់ អែនជែឡា មឺហ្គែល បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាលើកទីពីរហើយ ដែលជារបស់ក្រុមហ៊ុន Moderna បន្ទាប់ពីចាក់វ៉ាក់សាំងក្រុមហ៊ុន AstraZeneca នៅដូសដំបូង។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋាភិបាលនៅថ្ងៃទី២២ ខែមិថុនា។

 
ចាប់តាំងពីខែមីនាកន្លងមក ប្រទេសនៅតំបន់អឺរ៉ុបតិចតួចប៉ុណ្ណោះ រួមទាំងអាល្លឺម៉ង់ផង បានរឹតត្បិត ឬបញ្ឈប់ការចាក់វ៉ាក់សាំងក្រុមហ៊ុន AstraZeneca ដោយសារបារម្ភពីបញ្ហាឈាមកក។ ប៉ុន្តែក្រោយមក អាល្លឺម៉ង់ បានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca ឱ្យយុវជនវិញ។ ចំណែកប្រជាជន ដែលទទួលវ៉ាក់សាំងក្រុមហ៊ុន AstraZeneca លើកដំបូង ត្រូវស្នើឱ្យទទួលវ៉ាក់សាំងក្រុមហ៊ុន Pfizer ឬក្រុមហ៊ុន Moderna វិញ។
 
ទាក់ទិននឹងបញ្ហាខាងលើ អធិការបតីអាល្លឺម៉ង់ ត្រូវប្តូរទៅចាក់វ៉ាក់សាំងដូសទីពីររបស់ក្រុមហ៊ុន Moderna ជំនួស។ តាមការចុះផ្សាយរបស់សារព័ត៌មា នBBC អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ នៅថ្ងៃទី២២ ខែមិថុនា បានអះអាងថា លោកស្រី អែនជែឡា មឺហ្គែល បានទទួលវ៉ាក់សាំងក្រុមហ៊ុន Moderna កាលពីប៉ុន្មានថ្ងៃមុន។ មេដឹកនាំអាល្លឺម៉ង់ វ័យ៦៦ឆ្នាំ រូបនេះ បានទទួលវ៉ាក់សាំងក្រុមហ៊ុន AstraZeneca លើកដំបូង នៅក្នុងខែមេសាកន្លងទៅ។ 
 
បើទោះអ្នកជំនាញមួយចំនួន ជឿថា ការចាក់វ៉ាក់សាំងបញ្ជូនគ្នាមានប្រសិទ្ធភាពល្អក៏ដោយ ប៉ុន្តែវាមិនទាន់មានលទ្ធផលពិសោធន៍បញ្ជាក់ឱ្យបានត្រឹមត្រូវឡើយ។ 
 
វ៉ាក់សាំងក្រុមហ៊ុន AstraZeneca និងក្រុមហ៊ុន Moderna ត្រូវបានផលិតឡើងដោយប្រើបច្ចេកវិទ្យាខុសគ្នា។ Moderna ជាប្រភេទវ៉ាក់សាំងប្រើប្រាស់បច្ចេកវិទ្យានាំសារ mRNA ដើម្បីដាស់ប្រព័ន្ធភាពស៊ាំប្រឆាំងនឹងជំងឺកូវីដ-១៩ ខណៈ AstraZeneca ត្រូវបានអភិវឌ្ឍជាចេញពីបំណែកវីរុស ដែលអសកម្ម ដើម្បីផលិតចេញជាវ៉ាក់សាំង។ 
 
គិតត្រឹមថ្ងៃទី២២ ខែមិថុនា ពាក់កណ្តាលនៃប្រជាជនសរុបរបស់អាល្លឺម៉ង់ បានទទួលវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ យ៉ាងហោចណាស់មួយដូស។ ចំណែកករណីឆ្លងកូវីដ-១៩ សរុបមានចំនួនជាង ៣,៧លានករណី និងអ្នកស្លាប់មានចំនួន ៩ម៉ឺននាក់។ អ្នកជាសះស្បើយមានចំនួន ជាង ៣,៦លាននាក់៕ 
 

Tag:
 អាល្លឺម៉ង់
  Moderna
  AstraZeneca
© រក្សាសិទ្ធិដោយ thmeythmey.com