ជាតិ
សុខភាព
CMAC ចាប់ផ្តើមបង្វឹកឆ្កែ១០ក្បាល ដើម្បីហិតរកអ្នកផ្ទុកកូវីដ-១៩ នៅខែកក្កដា រូបពីទំព័រហ្វេសប៊ុក លោក ហេង រតនា អគ្គនាយកCMAC
× ភ្នំពេញ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នឹងចាប់ផ្តើមបង្វឹកសុនខ(ឆ្កែ) ចំនួន១០ ក្បាល ឱ្យចេះហិតក្លិនរកមេរោគកូវីដ-១៩ ក្នុងអំឡុងខែកក្កដា ឆ្នាំ២០២១។ នេះជាការលើកឡើងរបស់ ហេង រតនា អគ្គនាយកCMAC ។
បើតាមលោក ហេង រតនា លក្ខណៈពិសេសរបស់សត្វសុនខ ដែលអ្នកជំនាញត្រៀមបង្វឹកនេះ គឺមានសមត្ថភាពហិតរកក្លិនអ្នកផ្ទុកមេរោគកូវីដ១៩ បានយ៉ាងលឿនរហ័សក្នុងចំណោមមនុស្សប្រមូលផ្តុំគ្នាច្រើន។ លោក ហេង រតនា បានប្រាប់សារព័ត៌មានThmeyThmeyតាមទូរសព្ទ នាថ្ងៃទី២៤មិថុនាថា អ្នកជំនាញក្រសួងសុខាភិបាល បានប្រមូលក្លិនមេរោគកូវីដ-១៩ យកមកពិនិត្យសុវត្ថិភាព មុននឹងយកទៅបំពាក់ឱ្យសត្វសុនខ ដើម្បីហ្វឹកហ្វឺននៅឯវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីនស៊ីម៉ាក់ខេត្តកំពង់ឆ្នាំង។
រូបពីលោក ហេង រតនា អគ្គនាយកCMAC
លោក ហេង រតនា មានប្រសាសន៍ដូច្នេះ៖ «មកដល់ពេលនេះ ស៊ីម៉ាក់បានត្រៀមទាំងសុនខ និងទាំងសម្ភារផ្សេងៗរួចរាល់អស់ហើយ ដោយនៅរង់ចាំតែការត្រួតពិនិត្យសម្ភារចាប់ក្លិន (Cell Culture)ពីអ្នកវិទ្យាសាស្ត្ររបស់សុខាភិបាលតែប៉ុណ្ណោះ ដើម្បីឱ្យដឹងថា វាធានាសុវត្ថិភាពបាន១០០ភាគរយហើយ បានខាងសុខាភិបាលបញ្ជូនឱ្យយើង ហើយយើងនឹងយកទៅបំពាក់ឱ្យសុនខ ហិត»។
បើតាមអគ្គនាយកCMACរូបនេះ ការបង្វឹកសត្វសុនខ ឲ្យចេះហិតរកអ្នកផ្ទុកកូវីដ-១៩នេះ គឺត្រូវការពេលវេលាពី៤ទៅ៦សប្ដាហ៍ ទើបមានសមត្ថភាពចេញប្រតិបត្តិការបាន៕
© រក្សាសិទ្ធិដោយ thmeythmey.com