COVID-19
ជាតិ
សង្គមជាតិ
ក្រសួងសុខាភិបាល ចេញវិធានការពង្រឹងការធ្វើចត្តាឡីស័កតាមព្រំដែន ដើម្បីទប់ស្កាត់កូវីដ-១៩ បំប្លែងថ្មី «ដែលតា»
26, Jun 2021 , 12:16 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រសួងសុខាភិបាល ចេញវិធានការពង្រឹងការធ្វើចត្តាឡីស័កតាមព្រំដែន  ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទ«ដែលតា»។ ក្រសួងសុខាភិបាល ស្នើអភិបាលរាជធានីខេត្តរៀបចំមណ្ឌលចត្តាឡីស័កមួយដាច់ដោយឡែកឲ្យបានត្រឹមត្រូវ។



លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានសង្កេតឃើញថា ជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទ ដែលតា គឺមានវត្តមាននៅកម្ពុជា ភាគច្រើនតាមរយៈពលរដ្ឋធ្វើដំណើរឆ្លងពីប្រទេសជិតខាង ចូលមកកម្ពុជាតាមបណ្តាច្រកព្រំដែននានា។​

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំឲ្យអាជ្ញាធរទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការពង្រឹងវិធានការចត្តាឡីស័ក នៅតាមព្រំដែនឲ្យបានម៉ឺងម៉ាត់។ ជាពិសេសពង្រឹងការគ្រប់គ្រងច្រកព្រំដែន និងច្រករបៀងឲ្យបានល្អ។

លោក ម៉ម ប៊ុនហេង ក៏ស្នើឲ្យអាជ្ញាធរ ចាត់វិធានការគ្រប់គ្រងពលរដ្ឋចំណាកស្រុក ហើយវិលត្រឡប់មកភូមិ ឃុំវិញនោះ ដោយត្រូវដាក់ឲ្យពួកគេធ្វើចត្តាឡីស័កឲ្យត្រឹមត្រូវ ក្នុងករណីពួកគេមិនបានឆ្លងកាត់ការធ្វើចត្តាឡីស័កតាមព្រំដែន។ ជាពិសេសពង្រឹងផ្នែករដ្ឋបាល និងសុខាភិបាល ដើម្បីទប់ស្កាត់ជំងឺបំប្លែងខ្លួនថ្មីចូលឆ្លងសហគមន៍។​

កូវីដ-១៩ បំប្លែងថ្មី ដែលមានឈ្មោះថា «ដែលតា» នេះ ត្រូវបានគេរកឃើញដំបូងនៅប្រទេសឥណ្ឌា ហើយបច្ចុប្បន្នវាកំពុងបន្តរីករាលដាលចូលដល់ប្រទេសជាច្រើនផងដែរ ជាពិសេសប្រទេសជិតខាងកម្ពុជា ដូចជាថៃ និងវៀតណាមជាដើម។

គិតមកដល់ពេលនេះ  កម្ពុជាមានអ្នកឆ្លង ៤៦ ០៦៥នាក់ ក្នុងនោះ២០៣៨នាក់ជាករណីនាំចូល, ជាសះស្បើយសរុប ៤០៧៦៩នាក់ និងស្លាប់៥០៩នាក់៕

អត្ថបទទាក់ទង



© រក្សាសិទ្ធិដោយ thmeythmey.com