អន្តរជាតិ
ហេតុអ្វីបានជាសត្វព្រៃមិនមែនជាសត្វចិញ្ចឹមដ៏ល្អ?
30, Jun 2021 , 8:29 am        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ៖ ចាន់ ស៊ីណា
 
ស្វាឪ ពស់ថ្លាន់ កំប្រុក សេកក្រហម ជាប្រភេទសត្វព្រៃដែលមនុស្សស្រលាញ់ និងចូលចិត្ត។ ប៉ុន្តែការយកសត្វទាំងនេះមកចិញ្ចឹមគឺជារឿងមិនត្រឹមត្រូវ។ សត្វព្រៃ ជាប្រភេទសត្វដែលរស់នៅរាប់ពាន់ឆ្នាំក្នុងព្រៃដោយគ្មានទំនាក់ទំនងផ្ទាល់ជាមួយមនុស្ស។ ពួកវាបានសម្របខ្លួនរស់យ៉ាងល្អទៅតាមបរិយាកាសក្នុងព្រៃ។ សត្វព្រៃទាំងនេះ ក៏មិនអាចសម្របខ្លួនមករស់នៅជាមួយមនុស្សក្នុងផ្ទះ ឬបរិស្ថានដែលខុសពីធម្មជាតិរបស់វាបានឡើយ។

 
គេអាចមានហេតុផលជាច្រើនដែលសត្វព្រៃមិនមែនជាសត្វចិញ្ចឹមល្អ ឬមិនសក្តិសមសម្រាប់ការរស់នៅជាមួយមនុស្ស។ ទាំងចំណី សកម្មភាព ការគិត និងបរិបបទរស់នៅរបស់សត្វព្រៃគឺមានភាពខុសពីមនុស្ស។ សត្វព្រៃចាំបាច់ត្រូវរស់នៅជាមួយប្រភេទសត្វព្រៃគ្នាវាដទៃទៀត។ ដូចច្នេះ មនុស្សមិនអាចបំពេញតាមតម្រូវការរបស់សត្វព្រៃ និងយកពួកវាមកធ្វើជាសត្វចិញ្ចឹមបានទេ។
 
ជាការពិត សត្វស្វាព្រៃធំៗដូចជាស្វាឪ  ស្វានៅតំបន់អាហ្រ្វិក ទោច និងស្វាផ្សេងទៀត ជាសត្វដែលមានភាពវៃឆ្លាត មានមនោសញ្ចេតនា និងមានទំនាក់ទំនងជាមួយសត្វព្រៃដទៃ។ ជាមួយលក្ខណៈនៃភាពឆ្លាត រហ័សរហួន សត្វស្វាព្រៃទាំងនេះបានទាក់ទាញចំណាប់អារម្មណ៍របស់មនុស្ស ជាពិសេសត្រូវបានគេយកមកឱ្យសម្តែងក្នុងការកម្សាន្ត កម្មវិធីផ្សាយពាណិជ្ជកម្ម និងពេលខ្លះត្រូវបានគេយកធ្វើជាសត្វចិញ្ចឹមផងដែរ។ 
 
ប៉ុន្តែនៅពីក្រោយភាពទាក់ទាញចំណាប់អារម្មណ៍របស់មនុស្ស សត្វស្វាព្រៃដែលមានភាពវៃឆ្លាតជាច្រើន ក៏ឆ្លងកាត់ការអនុវត្តឃោរឃៅ និងគ្រោះថ្នាក់របស់មនុស្សដើម្បីឱ្យពួកវាគោរព និងធ្វើតាមការបង្គាប់។ សត្វស្វា និងសត្វព្រៃផ្សេងទៀតមកចិញ្ចឹមក៏អាចបង្កឱ្យមានគ្រោះថ្នាក់ដូចជាការខាំម្ចាស់ខ្លួនឯង ភ្ញៀវ ឬអ្នកដំណើរផងដែរ។ ម្ចាស់សត្វនឹងទទួលខុសត្រូវដោយស្របច្បាប់ ប្រសិនបើមានការខូចខាត ឬរងរបួសណាមួយដោយសារសត្វចិញ្ចឹមរបស់ពួកគេ។ 
 
បើតាមអង្គការក្រៅរដ្ឋាភិបាល The Association of Zoos and Aquariums សត្វព្រៃក៏ត្រូវបានស្គាល់ថា ជាសត្វមានផ្ទុកជំងឺដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សផងដែរ។ ភាគច្រើននៃជំងឺក្នុងខ្លួនសត្វព្រៃជាជំងឺឆ្កែឆ្កួត ជំងឺវង្វេងស្មារតី ជំងឺសរសៃប្រសាទ និងជំងឺផ្សេងទៀត។ មនុស្សអាចប្រឈមនឹងឆ្លងជំងឺទាំងអស់នេះនៅពេលសត្វព្រៃដែលពួកគេចិញ្ចឹមបានខាំ។
 
រដ្ឋ ប្រទេស និងក្រុងជាច្រើនបានហាមឃាត់ចំពោះការយកសត្វព្រៃធ្វើជាសត្វចិញ្ចឹម ខណៈសត្វព្រៃទាំងអស់នោះបង្កគ្រោះថ្នាក់ដល់មនុស្ស។ ជាករណីកើតមានញឹកញាប់បំផុត ការយកសត្វព្រៃមកចិញ្ចឹមជារឿងខុសច្បាប់ទៀតផង។ សត្វព្រៃមិនដូចសត្វឆ្មា ឆ្កែ ជ្រូក ឬសត្វស្រុកផ្សេងទៀតដែលងាយស្រួលក្នុងការចិញ្ចឹម និងមិនប៉ះពាល់ដល់អាយុជីវិតនោះទេ៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com