ជាតិ
គិតតាមតួលេខ៖ របៀបដែលប្រជាជនកម្ពុជាពឹងផ្អែកលើត្រី
02, Jul 2021 , 6:59 pm        
រូបភាព
ប្រជានេសាទកំពុងអាំងត្រីដែលពួកគេនេសាទបានពីទន្លេសាប សម្រាប់ស្រស់ស្រូបអាហារពេលព្រឹក។
ប្រជានេសាទកំពុងអាំងត្រីដែលពួកគេនេសាទបានពីទន្លេសាប សម្រាប់ស្រស់ស្រូបអាហារពេលព្រឹក។
ដោយ:
ប្រទេសកម្ពុជា បានចាត់ទុកវិស័យជលផល ជាប្រភពចម្បង និងចាំបាច់ សម្រាប់អាហារូបត្ថម្ភ និងប្រាក់ចំណូលសម្រាប់ប្រជាជនកម្ពុជា ព្រមទាំងមានឥទ្ធិពលទៅលើវិស័យវប្បធម៌ផងដែរ។ វិស័យជលផលនេះ បានផ្តល់មុខរបរដល់ប្រជាជនកម្ពុជា ជាង ៦លាននាក់ ដែលរស់នៅតាមដងទន្លេនានា ជុំវិញបឹងទន្លេសាប និងនៅតាមតំបន់ឆ្នេរ ស្មើនឹង ៤៥.៥% នៃប្រជាជនទូទាំងប្រទេស។ ក្នុងនោះ បានផ្តល់មុខរបរនេសាទជាលក្ខណៈអាជីព ១០.៥% និងជាលក្ខណៈគ្រួសារចិញ្ចឹមជីវិត ៣៥%។

 
ដោយគិតចាប់តាំងពីឆ្នាំ២០០០ មក ផលនេសាទត្រីទឹកសាបក្នុងប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់ទី៤ លើពិភពលោក បន្ទាប់ពីប្រទេសធំៗ ចំនួនបីមានដូចជា៖ ចិន ឥណ្ឌា និងបង់ក្លាដេស។ ប៉ុន្តែ បើគិតពីផលនេសាទត្រីទឹកសាប ដែលប្រជាជនម្នាក់ៗ ទទួលបានវិញ ប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់ទី១ នៅលើពិភពលោក។ 
 
ជាប្រចាំឆ្នាំ ប្រជាជនកម្ពុជា ហូបត្រីអស់ ៣៧.៥ គីឡូក្រាម/ឆ្នាំ ដែលត្រូវបានចាត់ទុកថា ជាជនជាតិមួយ ក្នុងចំណោមជនជាតិជាច្រើន ដែលហូបត្រីច្រើនជាងគេលើពិភពលោក។ នៅតាមតំបន់វាល ទំនាបជុំវិញបឹងទន្លេសាប និងទន្លេមេគង្គ ប្រជាជនកម្ពុជាម្នាក់ៗ ហូបត្រីអស់ ៦៧ គីឡូក្រាម/ឆ្នាំ ច្រើនជាងប្រជាជនក្នុងប្រទេសជាច្រើនលើពិភពលោក ដែលហូបត្រីជាមធ្យមអស់ ១៥ គក្រ ក្នុងប្រជាជនម្នាក់ប៉ុណ្ណោះ។ នេះបើយោងតាម តាមរបាយការណ៍របស់ជលផលកម្ពុជា ឆ្នាំ ២០១៧។
 
ចំនួននេះមិនកុហកទេ ត្រីពិតជាចាំបាច់ណាស់ សម្រាប់ប្រជាជនកម្ពុជា និងសុខុមាលភាពរបស់ពួកគេ។ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ សូមលើកទឹកចិត្តប្រជាជនកម្ពុជា ឱ្យបន្តថែរក្សាធនធានជលផលរបស់ពួកគេនៅថ្ងៃនេះ និងជារៀងរាល់ថ្ងៃ ដើម្បីសុខភាព និងសុភមង្គលរបស់ប្រជាជន និងទន្លេមេគង្គ និងសម្រាប់អ្នកជំនាន់ក្រោយ។ សូមជួយចែករំលែកអត្ថបទនេះ និងតាមដានជាមួយគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ដើម្បីស្វែងយល់បន្ថែមអំពីសារៈសំខាន់ នៃធនធានជលផលនៅកម្ពុជា៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com