ជាតិ
មនុស្ស៩នាក់ទៀតហើយស្លាប់ដោយសារពុលស្រា នៅស្រុកកំពង់ត្រាច ខេត្តកំពត
04, Jul 2021 , 3:53 pm        
រូបភាព
រូបភាពពីអគ្គនាយដ្ឋាន កបប
រូបភាពពីអគ្គនាយដ្ឋាន កបប
ដោយ:
ពលរដ្ឋចំនួន ៩នាក់បានស្លាប់ ដោយសារពុលស្រាស និង១២នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។​ ហេតុការណ៍នេះ កើតឡើងលើពលរដ្ឋដែលអ្នករស់នៅក្នុងភូមិ​កោះឈ្វាំង ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត នៅថ្ងៃទី៣ ខែកក្កដា។ នេះបើតាមទំព័រហ្វេសប៊ុកអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ។

 
បើតាមទំព័ហ្វេសប៊ុក អគ្គនាយកដ្ឋាន កបប អ្នកពុលស្រា ចំនួន ២១នាក់នេះ គឺបានទិញស្រាពីអ្នកលក់ក្នុងទីតាំងតែមួយ ស្ថិតនៅភូមិកោះឈ្វាំង ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច។
បន្ទាប់ពីផឹកស្រានេះហើយ អ្នកទាំង២១នាក់ ចាប់ផ្ដើមមានអាការ ក្អួត ទន់ដៃទន់ជើងរហូតធ្វើឱ្យមនុស្ស៩នាក់ស្លាប់ និង១២នាក់ទៀតត្រូវបញ្ជូនទៅព្យាបាល។

បច្ចុប្បន្ន នាយកដ្ឋានក​បប សាខាខេត្តកំពត កំពុងស្រាវជ្រាវលើករណីស្រាមានជាតិពុលនេះ នៅទីតាំងបិតស្រាក្នុងភូមិតាក្ងាបឃុំស្វាយទងខាងជើង។ ចំណែកសំណាកស្រាដែលមានជាតិពុលត្រូវយក ទៅពិនិត្យរកសារធាតុមេតាណុល ដែលជាសារធាតុបង្ករគ្រោះថ្នាក់​។ 
 
អគ្គនាយកដ្ឋានកបប បានអំពាវនាវដល់អាជីវករបិតស្រា ឱ្យបិតស្រាតាមលក្ខណបច្ចេកទេសត្រឹមត្រូវ។ ដោយឡែកអ្នកបរិភោគស្រា ត្រូវឈប់ទិញស្រាដែលគ្មានស្លាកសញ្ញា ឬស្រាដែលគ្មានប្រភពច្បាស់លាស់។ 
 
​នេះជាមិនមែនជាលើកទី១នោះទេ ដែលមានពលរដ្ឋបានស្លាប់ និងត្រូវចូលពេទ្យដោយសារតែករណីពុលស្រា នៅក្នុងស្រុកកំពង់ត្រាចនេះ។ ​ នៅចន្លោះថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១កន្លងទៅ មានមនុស្ស ១០នាក់បានស្លាប់ ដោយសារពុលស្រា និងអ្នកដែលភូមិជិត៥០នាក់ បានចូលសម្រាកនៅមន្ទីរពេទ្យ។ ករណីនេះ អាជ្ញាធរបានបញ្ជូនអ្នកបិតស្រាម្នាក់ និងម្នាក់ទៀតជាអ្នកលក់ស្រា ទៅតុលាការ។

ករណីពុលស្រា នៅក្នុងឆ្នាំ២០២១នេះ ក៏បានកើតឡើងនៅស្រុកល្វាឯម ខេត្តកណ្តាលដែរ កាលពីអំឡុង ខែឧសភា ដោយកាលណោះ គឺបានសម្លាប់ពលរដ្ឋចំនួន ១៣នាក់។ កាលពីដើមខែមិថុនា ករណីពុលស្រា នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ក៏បានបណ្តាលឱ្យមនុស្ស៧នាក់ស្លាប់ និងមនុស្ស៩៦នាក់ បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕


រូបភាពពីអគ្គនាយកដ្ឋាន ក ប ប​

 

Tag:
 ពុលស្រាស
  កំពង់ត្រាច
© រក្សាសិទ្ធិដោយ thmeythmey.com