ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
ឃាតកម្មលើបណ្ឌិត កែម ឡី៖ ៥ឆ្នាំកន្លងផុតទៅ គេ មិនទាន់ឮដំណឹងចាប់បានអ្នកពាក់ព័ន្ធផ្សេង ក្រៅពីជួប សម្លាប់ ឡើយ
06, Jul 2021 , 10:29 pm        
រូបភាព
រូបសំណាកលោក កែម ឡី ត្រូវបានសង់នៅផ្ទះម្តាយរបស់លោក ក្នុងភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលជាស្រុកកំណើតរបស់លោក។ សពលោក ក៏ត្រូវបានបញ្ចុះក្នុងបរិវេណលំនៅឋានរបស់ម្តាយលោកដែរ។ រូបពី AFP
រូបសំណាកលោក កែម ឡី ត្រូវបានសង់នៅផ្ទះម្តាយរបស់លោក ក្នុងភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលជាស្រុកកំណើតរបស់លោក។ សពលោក ក៏ត្រូវបានបញ្ចុះក្នុងបរិវេណលំនៅឋានរបស់ម្តាយលោកដែរ។ រូបពី AFP
ដោយ: ថ្មីៗ
រយៈពេល៥ឆ្នាំមកនេះ មានតែបុរសឈ្មោះ អឿត អាង ហៅជួប សម្លាប់ ម្នាក់ប៉ុណ្ណោះ ដែលមហាជន ដឹងថា ត្រូវបានចាប់ខ្លួន និងកំពុងជាប់ពន្ធនាគារមួយជីវិត ក្រោមការចោទប្រកាន់ពីបទបាញ់សម្លាប់លោកបណ្ឌិត កែម ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកអត្ថាធិប្បាយនយោបាយដ៏មានប្រជាប្រិយភាពនៅកម្ពុជា។ ក្រៅពីជួប សម្លាប់ មហាជន រួមទាំងអង្គការសង្គមស៊ីវិល ដែលតាមដានយ៉ាងដិតដល់លើសំណុំរឿងឃាតកម្មនេះ មិនទាន់ទទួលបានដំណឹងថា តុលាការ រកឃើញឬចាប់បានអ្នកពាក់ព័ន្ធផ្សេងនោះទេ។


 
លោក អ៊ី រិន្ទ ប្រធានលេខាធិការដ្ឋានរដ្ឋបាលនៃតុលាការភ្នំពេញ ថ្លែងថា សំណុំរឿងពាក់ព័ន្ធនឹងឃាតកម្មលើលោកបណ្ឌិត កែម ឡី គឺកំពុងស្ថិតក្នុងដៃចៅក្រមស៊ើបសួរ។ លោក អះអាងថា បច្ចុប្បន្ន ចៅក្រមស៊ើបសួរ កំពុងចាត់វិធានការទៅកាន់សមត្ថកិច្ច ឲ្យស៊ើបសួររកអ្នកពាក់ព័ន្ធនឹងអំពើឃាតកម្មលើលោកបណ្ឌិត កែម ឡី។ 
 
ចំពោះសមត្ថកិច្ចរកឃើញនិងចាប់បានអ្នកពាក់ព័ន្ធផ្សេងឬក៏អត់នោះ មន្រ្តីតុលាការភ្នំពេញរូបនេះ មិននិយាយឡើយ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ លោក ផ្តល់ហេតុផលថា៖«ខ្ញុំ សូមបញ្ជាក់ជូនបានតែប៉ុណ្ណឹងទេ ដោយសារដំណាក់កាលស៊ើបសួរ ជាដំណាក់កាលសម្ងាត់»។   
 
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លើកឡើងថា ចាប់តាំងពីការចាប់ជួប សម្លាប់ មក អង្គការលីកាដូ ក៏ដូចជា អង្គការសង្គមស៊ីវិលផ្សេងទៀត មិនទទួលបានព័ត៌មានអំពីការចាប់ និងការចោទប្រកាន់លើអ្នកពាក់ព័ន្ធផ្សេងឡើយ។ លោក មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗថា៖«ការរកមិនឃើញ គឺបង្កើតឲ្យមាននិទណ្ឌភាពបន្តទៀត»។
 
លោក អំ សំអាត បន្តថា អង្គការសង្គមស៊ីវិល នៅតែទាមទារឲ្យរដ្ឋាភិបាល តុលាការ អាជ្ញាធរពាក់ព័ន្ធ ពន្លឿនការស្វែងរកអ្នកពាក់ព័ន្ធ និងអ្នកនៅពីក្រោយខ្នងនៃអំពើឃាតកម្មលើលោកបណ្ឌិត កែម ឡី ដើម្បីយកទៅអនុវត្តតាមផ្លូវច្បាប់។ 
 
ក្រោយជួប សម្លាប់ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត តុលាការ សម្រេចបំបែកសំណុំរឿងនេះ ជាពីរផ្សេងគ្នា ដោយសំណុំរឿងមួយ សំដៅលើជួប សម្លាប់ និងសំណុំរឿងមួយទៀត សំដៅលើអ្នកពាក់ព័ន្ធ។ មនុស្សពីរនាក់ ជាគោលដៅសំខាន់ ដែលលតុលាការ បន្តស្វែងរក គឺម្នាក់ ជាអ្នកលក់កាំភ្លើងឲ្យជួប សម្លាប់ និងម្នាក់ទៀត គឺជាអ្នកនាំជួប សម្លាប់ ឲ្យស្គាល់លោកបណ្ឌិត កែម ឡី។ 
 
ជួប សម្លាប់ សារភាពខ្លួនឯងថា រូបគេ ពិតជាបានបាញ់សម្លាប់លោកបណ្ឌិត កែម ឡី មែន ដោយសារខឹងលោកបណ្ឌិត កែម ឡី ជំពាក់ប្រាក់៣ពាន់ដុល្លារ ហើយមិនព្រមសង។ ប៉ុន្តែ មជ្ឈដ្ឋានមួយចំនួន ជាពិសេសអ្នកស្រី ប៊ូ រចនា ជាភរិយារបស់លោកបណ្ឌិត មិនជឿថា ជួប សម្លាប់ ជាឃាតកនោះទេ ហើយពួកគេ រឹតតែមិនជឿថា លោកបណ្ឌិត ជំពាក់ប្រាក់ជួប សម្លាប់។ បច្បុប្បន្ន អ្នកស្រី ប៊ូ រចនា និង កូនប្រុសទាំង៥នាក់ កំពុងរស់នៅឯប្រទេសអូស្ត្រាលី។ 
 
ក្នុងអត្ថបទផ្សាររបស់ខ្លួន នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ សារព័ត៌មាន VOD បានស្រង់ប្រសាសន៍របស់អ្នកស្រី ប៊ូ រចនា ថា៖«[តុលាការ] គាត់ គ្មានចំណាត់ការ ហើយក៏គ្មានស៊ើបសួរខាងណាខាងណីបានមួយតង់ពីរតង់អីទេ។ [...] ខ្ញុំ អត់មានជំនឿជឿជាក់ក្នុងចិត្តអីសូម្បីតែបន្តិច»។
 
សូមរម្លឹកថា នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ លោកបណ្ឌិត កែម ឡី ត្រូវបានឃាតក បាញ់សម្លាប់ ក្នុងស្តារម៉ាត់នៃស្ថានីយ៍ប្រេងឥទ្ទនៈកាល់តិចស្តុបបូកគោ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ខណៈលោក កំពុងអង្គុយពិសាអ្វីនៅក្នុងស្តារម៉ាត់នោះ។ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ គឺជាខួប៥ឆ្នាំនៃការបាញ់សម្លាប់លោក។ 
 
មុនខួប៥ឆ្នាំមកដល់ ប្រជាពលរដ្ឋទូទៅ បាននាំគ្នាប្តូររូបលើបណ្តាញសង្គម (Profile) ដោយដាក់រូបលោកបណ្ឌិត កែម ឡី។ អ្នកខ្លះ សរសេរលើរូបរបស់ពួកគេថា «កែម ឡី និយាយការពិត»។ វីដេអូផ្សេងៗពាក់ព័ន្ធនឹងលោក និងប្រសាសន៍ខ្លីៗរបស់លោក ដែលលោក ធ្លាប់និយាយកាលនៅជីវិត ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គម ចែករំលែកយ៉ាងផុសផុល៕  
  
 

Tag:
 កែម ឡី
© រក្សាសិទ្ធិដោយ thmeythmey.com