ជាតិ
សម្ដេច ហ៊ុន សែន នឹងក្លាយជាបេក្ខភាពពានរង្វាន់ «សន្តិភាពស៊ុនហាក់»
08, Jul 2021 , 2:49 pm        
រូបភាព
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នឹងក្លាយជាបេក្ខភាពពានរង្វាន់ «សន្តិភាពស៊ុនហាក់» (SUNHAK Peace Prize ) របស់អង្គការសហព័ន្ធសន្តិភាពសកល ហៅកាត់ថា UPF។ សម្ដេច ព្រមទទួលយកសំណើររបស់អង្គការ UPF នៅក្នុងកិច្ចប្រជុំកំពូលមួយ រវាងភាគីទាំងពីរ តាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី៨ កក្កដានេះ។


តាមរយៈកិច្ចប្រជុំនេះ លោក Yun Young ho តំណាងលោកស្រី Hak Ja Han Moon បានស្នើសម្ដេច ហ៊ុន សែន ឱ្យធ្វើជាបេក្ខភាពម្ចាស់ពានរង្វាន់ «សន្តិភាពស៊ុនហាក់» ។ ពានរង្វាន់នេះ សម្រាប់ផ្ដល់ដល់មេដឹកនាំ ប្រធានអង្គការ ស្ថាប័ន មន្ត្រី និងសកម្មជននានា ដែលធ្វើសកម្មភាពដោះស្រាយបញ្ហាសង្គម និងរក្សាសុខសន្តិភាពក្នុងប្រទេស។

សម្ដេច ហ៊ុន សែន ក៏ព្រមទទួលយកសំណើរលោក Yun Young ho នេះ ។ អមជាមួយការទទួលយកនេះ ប្រមុខរដ្ឋាភិបាល ក៏បានបញ្ជាក់ថា សម្ដេចបានចូលរួមសកម្មភាពជាច្រើន ក្នុងន័យកសាង និងរក្សាសន្តិភាពជាមួយអង្គការ UPF ផងដែរ ។
 
ពានរង្វាន់«សន្តិភាពស៊ុនហាក់» ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៥ ដោយលោកស្រីបណ្ឌិត Hak Ja Han Moon ភរិយារបស់លោក Sun Myung Moon (ស្លាប់ឆ្នាំ២០១២) ដែលជាមេដឹកនាំសាសនាមួយ នៅប្រទេសកូរ៉េ ដែលធ្វើសកម្មភាពសង្គម ដើម្បីសន្តិភាព។ ពានរង្វាន់នេះ ផ្តល់ជូនបុគ្គល ដែលមានស្នាដៃលេចធ្លោ ក្នុងការចូលរួមដោះស្រាយបញ្ហាជម្លោះ ,អភិវឌ្ឍន៍ធនធានមនុស្ស និងសង្គមជាតិ រួមទាំងការអភិរក្ស និងការពារធនធានធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ីជាដើម។ ពានរង្វាន់ នឹងផ្ដល់ជូនបុគ្គលឆ្នើមចំនួន២នាក់ នៅលើពិភពលោក រៀងរាល់២ឆ្នាំម្ដង ដោយភ្ជាប់ជាមួយមេដាយ និងទឹកប្រាក់១លានដុល្លារអាមេរិក។
 
ចាប់ពីតាំងបង្កើតពានរង្វាន់នេះមក គឺបុគ្គលសំខាន់៨រូបហើយ ដែលទទួលបានពាន ក្នុងនោះមាន លោក Anote Tong ប្រធានាធិបតី Kiribati និងលោកបណ្ឌិត M. Vijay Gupta អ្នកជីវវិទូ និងជលផលឥណ្ឌា នៅឆ្នាំ២០១៥។ លោកបណ្ឌិត Gino Strada ស្ថាបនិកអង្គការវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់អន្តរជាតិ និងលោកស្រីបណ្ឌិត Sakena Yacoohi ស្ថាបនិកកម្មវិធីអប់រំជនភៀសខ្លួន និងសាលារៀនក្រោមដី នៅឆ្នាំ២០១៧។ លោកបណ្ឌិត Akinwumi Ayodeji Adesina ប្រធានធនាគាអភិវឌ្ឍន៍អាហ្វ្រិក, លោកស្រី Waris Dirie អ្នកសិល្បៈ និងជាសកម្មជនសង្គមនៅសុម៉ាលី នៅឆ្នាំ២០១៩។ ចុងក្រោយប្រធានាធិបតីសេនេហ្គាល់ លោក Macky Sall និងបុព្វជិតប៉ាឡេស្ទីន Bishop Muhib Younan នៅឆ្នាំ២០២០។
 
កាលពីថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០១៩ សម្ដេច ហ៊ុន សែន ក៏ទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំនិងអភិបាលកិច្ចល្អ» ពីអង្គការសហព័ន្ធសន្តិភាពសកល(Universal Peace Federation) ដែលមានមូលដ្ឋាននៅប្រទេសកូរ៉េនេះដែរ ។ កាលណោះ អ្នកស្រី ហាក់ ចា ហាន់ ម៉ូន (Hak Ja Han Moon) ស្ថាបនិកអង្គការនេះ ជាអ្នកប្រគល់ឱ្យសម្ដេច ហ៊ុន សែន ផ្ទាល់តែម្ដង នាវិមានសន្តិភាព។
 
បើគិតចាប់ពីឆ្នាំ១៩៩៦មក សម្ដេច ហ៊ុន សែន ទទួលបានពានរង្វាន់ជាបន្តបន្ទាប់ ក្នុងនោះ ពានរង្វាន់សន្តិភាពពិភពលោកដែលផ្តល់ដោយបណ្ឌិតសភាសន្តិភាពពិភពលោក (World peace Academy) នៅឆ្នាំ១៩៩៦ ។ ៥ឆ្នាំក្រោយមក ប្រមុខរដ្ឋាភិបាល ទទួលបានពានរង្វាន់លើកស្ទួយពិភពលោកដោយបេះដូងតែមួយ ពីមជ្ឈមណ្ឌល ស្រ៊ី ជីនម៉យនៃមជ្ឈមណ្ឌលសន្តិភាពអន្តរជាតិ (Sri Chin moy of the international Peace center) នៅឆ្នាំ២០០១។ ក្រោយមកមជ្ឈមណ្ឌលស្រ៊ី ជីនម៉យ ដដែលនេះ បានប្រគល់ពានរង្វាន់ថ្នាក់ខ្ពស់មួយទៀត នៅឆ្នាំ២០០៥ ឈ្មោះថា យ៊ូថេនសន្តិភាព(The U Thant Pease award) ។ ក្នុងឆ្នាំ២០១៦ នាយករដ្ឋមន្រ្តី ក៏ទទួលបានពានរង្វាន់ «សមិទ្ធផលអាស៊ានមួយជីវិត» ពីវិទ្យាស្ថានយុទ្ធសាស្ត្រ និងភាពជាអ្នកដឹកនាំអាស៊ី៕

Tag:
 ហ៊ុន សែន
  សន្តិភាពស៊ុនហាក់
© រក្សាសិទ្ធិដោយ thmeythmey.com