ជាតិ
ធ្នង់ជាង១០០០ដើម ត្រូវបានដាំនៅតាមផ្លូវចូលប្រាសាទព្រះវិហារ
08, Jul 2021 , 10:59 pm        
រូបភាព
រូបភាពពីអាជ្ញាធរជាតិព្រះវិហារ
រូបភាពពីអាជ្ញាធរជាតិព្រះវិហារ
ដោយ:
អាជ្ញាធរជាតិព្រះវិហារ បានដាំដើមធ្នង់ចំនួន ១,១១៣ដើម នៅផ្លូវចូលប្រាសាទព្រះវិហារ ដើម្បីអបអរសាទរខួបលើកទី១៣ នៃការដាក់ប្រាសាទព្រះវិហារចូលជាបេតិកភណ្ឌពិភពលោក។ បើតាមលោក គង់ ពុទ្ធិកា អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ដើមឈើទាំងអស់នេះ នឹងបង្កើនសោភណភាពតាមដងផ្លូវទៅប្រាសាទ និងបង្ហាញពីចលនាបង្កើនបរិស្ថានបៃតង។



នៅថ្ងៃទី៧ កក្កដា អាជ្ញាធរជាតិព្រះវិហារ ដាំដើមធ្នង់បានចំនួន ២០០ដើមហើយ ក្នុងចំណោមដើមឈើសរុបជាង១ពាន់ដើម។ ទីតាំងដែលអាជ្ញាធរជាតិព្រះវិហារដាំដើមឈើទាំងនេះ គឺចាប់ពីផ្លូវជាតិលេខ៦២ រហូតដល់ជើងភ្នំ ផ្លូវឡើងទៅប្រាសាទព្រះវិហារ ចម្ងាយ ១៥គីឡូម៉ែត្រ។ ដើមធ្នង់ទាំងនេះ នឹងត្រូវចំណាយពេលដាំបន្ត ប្រមាណពី១សប្តាហ៍រហូតដល់ ១០ថ្ងៃ។
 
បើតាមលោក គង់ ពុទ្ធិកា ការជ្រើសរើសដាំដើមធ្នង់ចំនួន ១,១១៣ដើម គឺដើម្បីតំណាងខួបលើកទី១៣ នៃការដាក់ប្រាសាទព្រះវិហារចូលជាបេតិកភណ្ឌពិភពលោក។ លោក ពុទ្ធិកា បន្តថា ឆ្នាំនេះអាជ្ញាធរមិនអាចប្រារព្ធពិធីជួបជុំណាមួយ ដើម្បីបង្ហាញពីការអបអរសាទរក្នុងខួបទី១៣នេះទេ ទើបសម្រេចដាំដើមឈើឱ្យចំថ្ងៃទី៧កក្កដាតែម្ដង។


  លោក គង់ ពុទ្ធិកា អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ។ ពាក់អាវពណ៌ខៀវក្រម៉ៅ។
 
ក្រៅពីបង្ហាញពីការអបអរសាទរ ការដាំដើមឈើនេះក៏បង្ហាញពីចលនាស្រឡាញ់បរិស្ថាន និងទាក់ទាញទេសចរផងដែរ។ អគ្គនាយកអាជ្ញាធរព្រះវិហាររូបនេះ បញ្ជាក់យ៉ាងដូច្នេះថា៖ «យើងដាំដើមឈើ ដើម្បីបរិស្ថាន។ ដើមឈើ នឹងផ្ដល់សោភ័ណភាពតាមដងផ្លូវទៅប្រាសាទ ជាម្លប់ដល់ភ្ញៀវទេសចរ។ ដើមធ្នង់ ក៏ជាប្រភេទឈើប្រណីតដែរ»។
 
កន្លងមកអាជ្ញាធរជាតិព្រះវិហារ ក៏បានដាំដើមឈើ នៅតំបន់ផ្សេងៗគ្នាក្នុងដែនអភិរក្ស២ ជាពិសេសតំបន់ដែលមានព្រៃរេចរិល ជារៀងរាល់ឆ្នាំ។ សូមជម្រាបដែរថា ដែនអភិរក្ស២នេះ មានផ្ទៃដីជាង ២ម៉ឺនហិកតា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិព្រះវិហារ៕


  រូបភាពពី អាជ្ញាធរជាតិព្រះវិហារ



Tag:
 ព្រះវិហារ
  ដើមធ្នង់
© រក្សាសិទ្ធិដោយ thmeythmey.com