ជាតិ
ខេត្តកោះកុងត្រូវការបំពង់អុកស៊ីសែន៣០០ទៀត ដើម្បីត្រៀមជួយអ្នកជំងឺកូវីដ-១៩
08, Jul 2021 , 8:59 pm        
រូបភាព
សប្បុរសជន ជួយផ្ដល់បំពង់អុកស៊ីសែន១០ធុង ដល់មន្ទីរពេទ្យខេត្តកោះកុងសម្រាប់ប្រើប្រាស់ជួយសង្គ្រោះដល់អ្នកជំងឺកូវីដ-១៩។ (រូបពីរដ្ឋបាលខេត្តកោះកុង)
សប្បុរសជន ជួយផ្ដល់បំពង់អុកស៊ីសែន១០ធុង ដល់មន្ទីរពេទ្យខេត្តកោះកុងសម្រាប់ប្រើប្រាស់ជួយសង្គ្រោះដល់អ្នកជំងឺកូវីដ-១៩។ (រូបពីរដ្ឋបាលខេត្តកោះកុង)
ភ្នំពេញ៖ មន្ទីរសុខាភិបាលខេត្តកោះកុង ត្រូវការបំពង់អុកស៊ីសែនប្រមាណ៣០០ទៀត សម្រាប់ត្រៀមជួយសង្គ្រោះអ្នកជំងឺកូវីដ-១៩ ខណៈដែលអ្នកឆ្លង ភាគច្រើនជាមនុស្សចាស់ និងមានជំងឺរ៉ាំរ៉ៃប្រចាំការ។


 
លោក ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានបញ្ជាក់ថា ករណីឆ្លងកូវីដ-១៩ ក្នុងសហគមន៍កើនឡើង ពិសេសលើមនុស្សចាស់ ទើបត្រូវរៀបចំទីតាំងសម្រាកព្យាបាលបន្ថែម រួមទាងអុកស៊ីសែនផងដែរ។ ប្រធានមន្ទីររូបនេះ បានបញ្ជាក់ថា បច្ចុប្បន្នមន្ទីរសុខាភិបាល មានបំពង់អុកស៊ីសែន ២០០បំពង់ធំហើយ ប៉ុន្តែត្រូវការប្រមាណ៣០០ទៀត ដើម្បីត្រៀមដោះស្រាយស្ថានភាពអ្នកជំងឺ។ 
 
«ព្រោះពេលយើងប្រើអុកស៊ីសែនអស់១០០ទៅ២០០បំពង់ យើងដឹកទៅភ្នំពេញ ដើម្បីយកអុកស៊ីនសែនថ្មីមកវិញ។ បើយើងមានប្រមាណ៥០០បំពង់ងាយស្រួលទប់ទល់ស្ថានការណ៍ ព្រោះឃើញអ្នកជំងឺចាស់ៗក៏កាន់តែមានចំនួនច្រើន។ ដូច្នេះយើងត្រូវគិតគូរសម្រាប់ខេត្តយើង ពលរដ្ឋសហគមន៍យើង ព្រោះវាជារឿងប្រធានស័កមើលមិនឃើញ»។ នេះបើតាមលោក ទៅ ម៉ឹង ។
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ នៅរសៀលថ្ងៃទី៨កក្កដា លោក ទៅ ម៉ឹង បានបញ្ជាក់ថា មន្ទីរសុខាភិបាលកោះកុង ក៏បានរើសគ្រូពេទ្យស្ម័គ្រចិត្ត៣០០នាក់ទៀត ដើម្បីចូលជួយសម្រាលការងារ និងរួមកម្លាំងប្រយុទ្ធជំងឺកូវីដ-១៩ ដែរ។ 
 
ប្រធានមន្ទីរសុខាភិបាលរូបនេះ ក៏អំពាវនាវឲ្យសប្បុរជនជួយឧបត្ថម្ភបន្ថែមទៀត នូវបំពង់អុកស៊ីសែន គ្រែពេទ្យ និងសម្ភារៈការពារកូវីដ-១៩។ 
តែយ៉ាងណាលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា ក្រសួងអាចគ្រប់គ្រងស្ថានការណ៍ និងបែងចែកអុកស៊ីសែនគ្រប់គ្រាន់ទៅតាមបណ្ដាលខេត្ត។ 
 
«អត់ខ្វះទេ(ការផ្គត់ផ្គង់អុកស៊ីសែន) ក្រសួងសុខាភិបាលបានរៀបចំចាត់ចែងការងារហ្នឹងហើយ ទៅកន្លែងសម្រាកព្យាបាលនីមួយៗ»។ នេះបើតាមលោកស្រី ឱ វណ្ណឌីន។
មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ៥៨ ០៥៧ នាក់ ក្នុងនោះ ៣ ៨៩៦ នាក់ករណីនាំចូល។ អ្នកជាសះស្បើយមាន ៥០ ០២០  នាក់ និងស្លាប់សរុប ៨២៥ នាក់៕ 
 
 

Tag:
 អុកស៊ីសែន
© រក្សាសិទ្ធិដោយ thmeythmey.com