រាជធានីភ្នំពេញមានពលរដ្ឋប្រមាណ១,៧លាននាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ នេះជាការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយបានអះអាងថា រាជធានីភ្នំពេញ គឺទទួលបានជោគជ័យ ក្នុងការផ្តល់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ ដែលមានវ័យចាប់ពី១៨ឆ្នាំឡើងទៅ។
បើតាមលោក ឃួង ស្រេង ចំនួនពលរដ្ឋ១,៧លាននាក់ ដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩នេះ គឺគិតចាប់ពីថ្ងៃទី២៨កុម្ភៈ រហូតមកដល់ ថ្ងៃទី៨កក្កដា ឆ្នាំ២០២១នៃការបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ដល់ពលរដ្ឋនៅភូមិសាស្ដ្ររាជធានីភ្នំពេញ។ ចំនួនពលរដ្ឋ១,៧លាននាក់ដែលបានចាក់រួចវ៉ាក់សាំងបង្ការកូវីដ-១៩នេះ ស្មើនឹងវ៉ាក់សាំង សរុប៣,៤លានដូស។
ក្នុងពិធីបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងដល់ពលរដ្ឋនៅភ្នំពេញ លោកឃួង ស្រេង មានប្រសាសន៍ដូច្នេះ៖ «រហូតដល់ថ្ងៃនេះ! យើងអាចនិយាយបានថា រាជធានីភ្នំពេញទាំងមូលទទួលបានជោគជ័យក្នុងការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ»។ លោក បានបន្តរៀបរាប់ដូច្នេះ៖«មូលហេតុដែលបានជោគជ័យនេះ! ខ្ញុំអាចវាយតម្លៃបានថា ការផ្តល់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនដល់ពលរដ្ឋក្នុងចំណោម១លាន៧សែននាក់ មិនមែនពលរដ្ឋណាម្នាក់ប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរនោះទេ»។
ថ្វីដ្បិត រាជធានីភ្នំពេញបច្ចុប្បន្ន បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ជាង២០០នាក់ ទៅ ជាង៣០០នាក់ក្នុងមួយថ្ងៃក៏ពិតមែន ប៉ុន្តែ អ្វីដែលជាភាពជោគជ័យក្នុងការចាក់វ៉ាក់សាំងជូនពលរដ្ឋនោះ លោក ឃួង ស្រេង បានបញ្ជាក់ថា គឺពលរដ្ឋដែលបានឆ្លងកូវីដ-១៩ មិនមែនអាការៈធ្ងន់ធ្ងរទេ ដោយសារពួកគេបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩។ អភិបាលរាជធានីភ្នំពេញរូបនេះកត់សម្គាល់ឃើញថា៖«មានការឆ្លងកូវីដ-១៩ ទៅប្រជាពលរដ្ឋ[ដែលបានចាក់វ៉ាក់សាំងហើយ] ក៏ប៉ុន្តែ សុខភាពរបស់ពួកគាត់នៅមាំមួន។ មានន័យថា វ៉ាក់សាំងបានមានប្រតិកម្មតបតជាមួយវីរុសកូវីដ-១៩ ហើយ ការព្យាបាលអ្នកជំងឺកូវីដ-១៩ យើងឃើញថា ប្រើពេល៧-៩ថ្ងៃ គឺអាចព្យាបាលប្រជាពលរដ្ឋយើងឱ្យជាឡើងវិញ»។
បើទោះបីទទួលបានជោគជ័យក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដល់ពលរដ្ឋក្តី ប៉ុន្តែ លោកឃួង ស្រេង នៅបន្តអំពាវនាវដល់ពលរដ្ឋនៅភ្នំពេញទាំងអស់ ពិសេសចំពោះពលរដ្ឋចំនួន១,៧លាននាក់ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ហើយនោះ សូមកុំធ្វេសប្រហែសនិងបន្តអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល និងរដ្ឋាភិបាលឱ្យបានខ្ជាប់ខ្ជួន។
ជាមួយគ្នានេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងថា ចំនួនពលរដ្ឋ១,៧លាននាក់នៅរាជធានីភ្នំពេញ ដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ គឺស្មើនឹងអត្រា៩៩,២២ភាគរយនៃប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង។ «[ចំពោះអត្រាពលរដ្ឋ០,៧៨ភាគរយ]ដែលមិនបានចាក់វ៉ាក់សាំងនេះ គឺគិតទៅលើអ្នកមានបញ្ហាសុខភាពដែលក្រុមគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់វ៉ាក់សាំង»។ លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ដូច្នេះ។
អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ បានបញ្ជាក់ថា តួលេខនៃពលរដ្ឋ១,៧លាននាក់ដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ បានបង្ហាញឱ្យឃើញថា រដ្ឋាភិបាល គឺបានផ្តល់វ៉ាក់សាំងដល់ពលរដ្ឋគ្រប់គ្នានៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ខណៈរាជធានីភ្នំពេញបានបិទបញ្ចប់នៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩នៅថ្ងៃទី៨កក្កដា កម្ពុជាមានខេត្តចំនួន១៤ កំពុងដំណើរការចាក់វ៉ាក់សាំងដល់ពលរដ្ឋ។ ក្នុងនោះមាន ខេត្តកណ្ដាល, ព្រះសីហនុ, កំពង់ស្ពឺ, តាកែវ, បៃលិន, កោះកុង, កំពង់ចាម, ស្វាយរៀង, កំពង់ឆ្នាំង, ត្បូងឃ្មុំ, បន្ទាយមានជ័យ, បាត់ដំបង, សៀមរាប និងខេត្តព្រៃវែង។
គិតត្រឹមថ្ងៃទី៧កក្កដា កម្ពុជា ពលរដ្ឋសរុប៤,៧០១,២៥៥នាក់ បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩។ចំនួននេះស្មើនឹងអត្រា៤៧ភាគរយ នៃផែនការរបស់រដ្ឋាភិបាលក្នុងការចាក់វ៉ាក់ឱ្យពលរដ្ឋចំនួន១០លាននាក់ ដែលគ្រោងសម្រេចនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១។
មកដល់ពេលនេះ កម្ពុជាមានវ៉ាក់សាំងបង្ការកូវីដ-១៩ សរុប១២,០២៤,០០០ដូស។ តាមការគ្រោងទុករបស់រដ្ឋាភិបាលវ៉ាក់សាំងកូវីដ-១៩ ចំនួន៤លានដូសទៀតរបស់ចិន នឹងមកដល់កម្ពុជា នៅថ្ងៃទី១០កក្កដា ឆ្នាំ២០២១៕