ជាតិ
សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា៖ «តារាសិល្បៈ គួរផ្សព្វផ្សាយពីវប្បធម៌ជាតិឱ្យបានច្រើន»
09, Jul 2021 , 10:16 am        
រូបភាព
លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែរ (រូបផ្ដល់ឱ្យ)
លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែរ (រូបផ្ដល់ឱ្យ)
ភ្នំពេញ៖ តារាចម្រៀង និងតារាភាពយន្តជាដើម អាចនិយាយបានថាពួកគេជាមនុស្សមានឥទ្ធិពលក្នុងសង្គម មានមនុស្សស្គាល់ និងគាំទ្រច្រើន ដូច្នេះពួកគេមានឱកាស ក្នុងការផ្សព្វផ្សាយពីវប្បធម៌ជាតិ បានទូលំទូលាយ។




លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែរ បានកត់សម្គាល់ថា នៅពេល គ្រូបង្រៀនប្រវត្តិសាស្ត្រ និយាយពីរឿងវប្បធម៌ ឬប្រាសាទ ពុំសូវមានអ្នកចូលមើល ឬតាមដានឡើយ។ ផ្ទុយទៅវិញ ប្រសិនបើតារានិយាយរឿងទាំងនេះ ប្រាកដណាស់ថាមានការចាប់អារម្មណ៍ច្រើន ពីសាធារណជន។ ដូច្នោះហើយតារាគ្រប់ទម្រង់ គ្រប់ស្រទាប់ គួរណាស់តែខ្នះខ្នែងផ្សព្វផ្សាយពីវប្បធម៌ជាតិខ្លួន ឱ្យផុសផុលឡើង។
 




 
លោក សំបូរ មាណ្ណារ៉ា បញ្ជាក់៖«គ្រូ សំបូរ មាណ្ណារ៉ា និយាយពីប្រាសាទអង្គវត្ត មិនសូវមានអ្នកស្ដាប់ប៉ុន្មានទេ ប៉ុន្តែបើតារាគេឡើងទៅនិយាយនៅទីវាល ពីប្រាសាទអង្គវត្ត គេស្វាគមន៍គ្រប់គ្នា ព្រោះគេឱ្យតម្លៃ។ អ៊ីចឹងតារាគួរតែឆក់ឱកាសហ្នឹង ដើម្បីបង្កើតបានជាមោទកភាពជាតិ បម្រើផលប្រយោជ៍ និងគុណសម្បតិជាតិ។ ទាំងនេះហើយដែលយើងត្រូវធ្វើដើម្បីវប្បធម៌ជាតិ»។ 
 
សាស្ត្រចារ្យប្រវត្តិសាស្ត្ររូបនេះ អះអាងថា ប្រសិនបើខ្មែរចង់ការពារវប្បធម៌ អរិយធម៌ សិល្បៈ ប្រាសាទ ឬបេតិកភណ្ឌរបស់ខ្លួនមែន ពួកគេមិនត្រូវខ្លាចការលួចចម្លងឡើយ ប៉ុន្តែពួកគេត្រូវតែបញ្ជាក់ពីអំណាចក្នុងភាពជាម្ចាស់។ អំណាចក្នុងទីនេះ មានន័យថា បើខ្មែរមានចំណេះដឹងជ្រៅជ្រះក្នុងរឿងប្រវត្តិសាស្ត្រ សិល្បៈ វប្បធម៌ អរិយធម៌ ប្រវត្តិប្រាសាទ និងសាវតារបស់ខ្លួនជាដើម ហើយប្រឹងប្រែងផ្សព្វផ្សាយអ្វីទាំងអស់នោះ ទៅកាន់ពិភពលោក នោះភាពជាម្ចាស់នឹងត្រូវបានដឹងសុះសាយ។ 
 
សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា សង្កត់ធ្ងន់ថា ខ្មែរគួរតែមានមោទកភាព នៅពេលដែលមានគេស្រឡាញ់ និងចង់ចម្លងប្រាសាទ ឬ អរិយធម៌របស់ខ្លួនទៅទុកក្នុងប្រទេសគេ ព្រោះនោះបានបង្ហាញថា គេកំពុងទទួលស្គាល់ថាប្រាសាទខ្មែរមានភាពល្អវិសេស។
ជាមួយគ្នានេះ លោក មាណ្ណារ៉ា ក៏បានក្រើនរំឭកផងដែរថា ខ្មែរក៏ត្រូវតែខំពង្រឹងខ្លួន ខំបង្កើតអ្វីដែលថ្មីល្អវិចិត្រលើសមុនទៀត ដើម្បីរក្សាកិត្យានុភាព។
 
«បើយើងស្លៀកពាក់ស្អាត តើយើងចង់ស្អាតតែខ្លួនឯងម្នាក់ នៅមុខកញ្ចក់នៅក្នុងផ្ទះ ឬក៏ចង់ឱ្យគេឃើញយើង ថាយើងស្អាតដែរ? ចុះបើគេឃើញយើងស្អាតហើយ គេនឹងចង់ស្អាតដែរ។

ចុះបើគេចង់បាន តើយើងគួរតែនៅថែរក្សាភាពស្អាតរបស់យើង នៅកម្រិតណាទៀត? បើយើងភ្លេចខ្លួន យើងនឹងឈប់ស្អាត។ប៉ុន្តែនៅពេលដែលគេចម្លងរបស់យើងដែលស្អាតនោះ ហើយគេយកទៅថែមថយបន្ថែមទៀត គេនឹងស្អាតជាងយើង។ មិនមែនថាគេចម្លងបានតាមចិត្តទេ ប៉ុន្តែវាដូចតែយើងមើលឃើញរបាំ ឬចម្រៀងរបស់អាមេរិក បារាំង ជប៉ុន ចិន ហើយយើងប្រឹងយកមកច្រៀងរាល់ថ្ងៃអ៊ីចឹង។ យើងក៏ភ្លេចរបស់ខ្លួនឯង ហើយទៅស្រវារបស់គេអ៊ីចឹងដែរឭ»។ នេះគឺជាការពន្យល់ របស់លោក សំបូរ មាណ្ណារ៉ា។
 
ទោះជាយ៉ាងណា គ្រូប្រវត្តិសាស្ត្ររូបនេះ នៅតែទទូចដដែលៗ ដល់ប្រជាជនខ្មែរ ឱ្យប្រឹងប្រែងស្រាវជ្រាវប្រាប់ពិភពលោកថា សម្បត្តិអ្វីខ្លះជារបស់ខ្មែរ ហើយខំបង្កើតទំនិញរបស់ខ្លួនឱ្យខ្ពស់ និងឱ្យបានកាន់តែច្រើនឡើង។ 
 
លោក សំបូរ មាណ្ណារ៉ា ពន្យល់៖«អ្វីដែលយើងត្រូវគិត គឺអភ័យឯកសិទ្ធិ ក្នុងនាមជាម្ចាស់ តើយើងអាចធ្វើជាម្ចាស់ ដោយវិធីណា? លុះត្រាណាតែយើងស្គាល់របស់នោះពិតប្រាកដ ប្រសិនបើយើងស្គាល់របស់នោះ មិនបានច្បាស់ទេ យើងមិនអាចធ្វើជាម្ចាស់បានទេ»៕

Tag:
 សិល្បៈ
  វប្បធម៌
  ប្រាសាទ
© រក្សាសិទ្ធិដោយ thmeythmey.com