ជាតិ
សង្គមជាតិ
៦ខែ មនុស្សស្លាប់ និងរងរបួស ២ពាន់នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍
09, Jul 2021 , 11:44 am        
រូបភាព
រូបភាពពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
រូបភាពពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
ដោយ:
ភ្នំពេញ៖ រយៈពេល៦ខែ ឆ្នាំ២០២១នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ចំនួន១,២៦១ករណី​ ដែលបណ្តាលឲ្យមនុស្សស្លាប់ និងរបួសធ្ងន់ ២ពាន់នាក់។

 
របាយការណ៍ក្រសួងមហាផ្ទៃ ចេញផ្សាយនៅថ្ងៃទី៩ កក្កដានេះ បានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ ៦ខែនេះ ថយចុះ៣៥៨ករណី ស្មើនឹង២២ភាគរយ បើធៀបទៅនឹង រយៈពេលដូចគ្នា នៅឆ្នាំមុន។ ចំណែកអ្នកស្លាប់ ២០៩នាក់ នៅ៦ខែនេះ ក៏ថយចុះ១៥២នាក់ ស្មើនឹង១៨ភាគរយ បើប្រៀបធៀបនឹង៦ខែដូចគ្នា។ ចំពោះអ្នករងរបួស១៧៩២នាក់ ក្នុងនោះរបួសធ្ងន់១០៤៦នាក់ ក៏ថយចុះ៦៥៧នាក់ ឬស្មើនឹង២៧ភាគរយ ដែរ។
 
បើតាមរបាយការណ៍ ការបើកបរលើសល្បឿនកំណត់,បើកបរមិនគោរពច្បាប់ចរាចរណ៍, ការបើកបរមិនប្រកាន់ស្តាំ,ការបើកបរវ៉ាប្រជែងគ្នា,បើកបរទាំងស្រវឹង និងងងុយ គឺសុទ្ធតែជាដើមហេតុនាំឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។
 
រយៈពេល៦ខែឆ្នាំនេះ សមត្ថកិច្ចក៏បានត្រួតពិនិត្យ និងផាកវិន័យនូវយានយន្តចំនួនជាង១០ម៉ឺនគ្រឿង។ ក្នុងនោះម៉ូតូមានជាង៧,៧ម៉ឺនគ្រឿង ដោយ៩០ភាគរយ ជាអ្នកមិនពាក់មួកសុវត្ថិភាព, ៧ភាគរយល្មើសសញ្ញាចរាចរណ៍, ២ភាគរយគ្មានផ្លាកលេខ, ២ភាគរយបើកបរដោយប្រើទូរសព្ទ និង១ភាគរយបើកបរទាំងស្រវឹង។​ នេះបើតាមរបាយការណ៍ដដែល។​
 
រីឯរថយន្តល្មើសជាង២,៨ម៉ឺនគ្រឿង ដោយល្មើសល្បឿន១៦ភាគរយ, ១០ភាគរយប្រើទូរសព្ទ,​ ៥២ភាគរយបើកបរមិនប្រើខ្សែក្រវ៉ាត់សញ្ញាចរាចរណ៍៧ភាគរយ, គ្មានផ្លាកលេខ៥ភាគរយ, ល្មើសចំណុះ ៤ភាគរយ,បណ្ណបើកបរ៤ភាគរយ, ស្រវឹង១ភាគរយ, ឆៀក១ភាគរយ និងអាជីវកម្ម១ភាគរយ។
 
 
តាមរបាយការណ៍ដដែល រយៈពេល៦ខែនេះ ភូមិសាស្ត្រដែលមានអត្រាគ្រោះថ្នាក់ចរាចរណ៍ច្រើន គឺរាជធានីភ្នំពេញ កណ្តាល ស្វាយរៀង  កំពង់ឆ្នាំង កំពង់ស្ពឺ និងតាកែវ។ 
 
សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់អ្នកបើកបរគោរពច្បាប់ចរាចរណ៍ និងមានស្មារតីប្រុងប្រយ័ត្នចំពោះការបើកបរ ដើម្បីជៀសផុតពីការគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុណាមួយ។ 
 
«បើស្រលាញ់អាយុជីវិតអ្នក និងក្រុមគ្រួសារអ្នក ព្រមទាំងគោរពជីវិត និងសេចក្ដីសុខអ្នកដទៃ សូមរួមគ្នាគោរពច្បាប់ឱ្យបានល្អ។ នៅពេលយើងគ្រប់គ្នាគោរពច្បាប់បានល្អ នោះនឹងធ្វើឱ្យស្ថានភាពចរាចរណ៍នៅក្នុងប្រទេសយើងមានភាពល្អប្រសើរ កាត់បន្ថយបានអ្នកស្លាប់ របួស ពិការ ការខាតបង់ថវិកា និងទ្រព្យសម្បត្តិ ព្រមទាំងរួមចំណែកលើកតម្កើងកិត្តិយសជាតិផងដែរ»។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។​
 
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២០ អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ មាន១,៦៤៦នាក់ បើធៀបនឹងឆ្នាំ២០១៩ មាន១៩៨១នាក់ គឺថយចុះជាង១៧ភាគរយ។ ចំណែក អ្នករងរបួសឆ្នាំ២០២០ មាន៤៦៨៦នាក់ បើធៀបនឹងឆ្នាំ២០១៩មាន៦១៤១នាក់ គឺថយចុះជាង២៤ភាគរយ៕ 
 

Tag:
 គ្រោះថ្នាក់ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com