កីឡាអន្តរជាតិ
អន្តរជាតិ
ប្រេស៊ីល និងអាហ្សង់ទីន ដណ្តើមពាន Copa America នាម៉ោង៧ព្រឹកថ្ងៃអាទិត្យស្អែកនេះ
10, Jul 2021 , 4:28 pm        
រូបភាព
ដោយ: រួបរួម
ម្ចាស់ការពារតំណែងជើងឯកប្រេស៊ីល ត្រូវតទល់ជាមួយអាហ្សង់ទីន ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Copa America ឆ្នាំ២០២១ នាវេលាម៉ោង៧ព្រឹកថ្ងៃអាទិត្យ ទី១១ ខែកក្កដា ដែលត្រូវជាម៉ោងក្នុងប្រទេសកម្ពុជា។ ជំនួបប្រព្រឹត្តទៅនៅកីឡដ្ឋាន Estadio do Maracana ក្រុង Rio de Janeiro។

 
នាជំនួបវគ្គពាក់ណ្តាល ប្រេស៊ីលបានយកឈ្នះប៉េរូ ១-០ រីឯអាហ្សង់ទីន ឈ្នះ កូឡុំប៊ី ៣-១ ដោយការទាត់ប៉េណាល់ទី ក្រោយលទ្ធផលស្មើ ១-១។ កូឡុំប៊ី បានលេខ៣ បន្ទាប់ពី បានយកឈ្នះ ប៉េរូ ៣-២។
 
សម្រាប់ការប្រជែងពាននេះ ប្រេស៊ីល ត្រូវការពារតំណែងជើងឯករបស់ខ្លួន ខណៈកាលពីឆ្នាំ២០១៩ ពួកគេបានយកឈ្នះ ប៉េរូ ៣-១ នៅវគ្គផ្តាច់ព្រ័ត្រ រីឯអាហ្សង់ទីន ឈ្នះ ស៊ីលី ២-១ ក្នុងជំនួបដណ្តើមយកលេខ៣។
 
នេះក៏ជាការប៉ះគ្នាផងដែររវាងអតីតមិត្តរួមក្រុម Barcelona ទាំងពីរ Neymar-Messi។ Neymar ព្យាយាមដណ្តើមឲ្យបានពានដំបូងសម្រាប់ជម្រើសជាតិរបស់ខ្លួន ខណៈក្រុមទាំងពីរ ត្រូវជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រសារជាថ្មី បើគិតចាប់តាំងពីឆ្នាំ២០០៧មក ដែលកាលណោះ ប្រេស៊ីលឈ្នះ ៣-០។
 
Lionel Messi ធ្លាប់ឈ្នះពាន La Liga ១០លើក Champions League ៤លើក ប៉ុន្តែម្ចាស់ពាន Ballon d’Or ៦លើករូបនេះ ធ្លាប់បានពានជាមួយអាហ្សង់ទីន នាអូឡាំពិកឆ្នាំ២០០៨ នៅចិន តែម្តងប៉ុណ្ណោះ។
 
បើគិតចាប់តាំងពីឆ្នាំ១៩១៦មក អ៊ុយរូហ្គាយឈ្នះជើងឯកដល់ទៅ១៥លើក រីឯអាហ្សង់ទីន បាន១៤លើក ប្រេស៊ីលបាន៩លើក ប៉ារ៉ាហ្កាយ ស៊ីលី និងប៉េរូ បាន២លើក ខណៈកូឡុំប៊ី និងបូលីវី ធ្លាប់បាន១លើក៕
 
 

Tag:
 Copa America
© រក្សាសិទ្ធិដោយ thmeythmey.com