ជាតិ
កំពត, កែប, និងព្រះសីហនុ មានទេសចរអន្តរជាតិផ្ទៃក្នុងជាង១ពាន់នាក់ដើរកម្សាន្ត
13, Jul 2021 , 7:59 pm        
រូបភាព
រូបភាពពីទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍
រូបភាពពីទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍
ដោយ:
ភ្ញៀវទេសចរសរុប ៦៩,៩៣៧នាក់បាន់ដើរកម្សាន្តក្នុងប្រទេសកម្ពុជា ដោយក្នុងនោះភ្ញៀវអន្តរជាតិផ្ទៃក្នុងមាន ១,១៦៧នាក់ នៅក្នុងសប្ដាហ៍ទី២ ខែកក្កដា ។ ភ្ញៀវអន្តរជាតិផ្ទៃក្នុង ភាគច្រើនបានដើរកម្សាន្តនៅតំបន់ឆ្នេរ។ ខេត្តព្រះសីហនុ មានភ្ញៀវអន្តរជាតិផ្ទៃក្នុង ៧៦៤នាក់, កំពត ១៣៨នាក់ និងខេត្តកែបមាន ៨៦នាក់។


បើតាមរបាយការណ៍ចំនួនភ្ញៀវទេសចរប្រចាំសប្តាហ៍របស់ក្រសួងទេសចរណ៍ ក្នុងចំណោមភ្ញៀវទេសចរជិត៧ម៉ឺននាក់ ក្នុងនោះ រាជធានីភ្នំពេញមានទេសចរសរុប ១៩,៨៦៨នាក់, កំពតមាន១០,០២៤នាក់ ព្រះសីហនុ ៧,៧១២នាក់ កំពង់ស្ពឺ ៦,២៥២នាក់ និងបាត់ដំបង ៥,៥៨៨នាក់ ។
 
ក្រៅពីរាជធានី-ខេត្តទាំង៥ ដែលមានភ្ញៀវច្រើនជាងគេ ក្នុងនោះក៏មានខេត្តចំនួន៣ ផ្សេងទៀតដែលទទួលបានភ្ញៀវទេសចរតិចបំផុត នោះមានខេត្តស្វាយរៀងមានទេសចរ ២១នាក់ រតនគិរី ៦៥នាក់ និងត្បូងឃ្មុំ ១៦៣នាក់។
 
យ៉ាងណាមិញ ចំនួនភ្ញៀវទេសចរសរុបក្នុងសប្តាហ៍ទី២ នេះថយចុះប្រមាណ៥ភាគរយ បើធៀបនឹងសប្តាហ៍ទី១ ខែកក្កដា ។ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កត់សម្គាល់ថា ការធា្លក់ចុះនេះ បណ្ដាលមកពីការរឹតបណ្តឹងវិធានរដ្ឋបាលរាជធានី-ខេត្ត ព្រោះការរីករាលដាលនៃជំងឺកូវីដ-១៩។ ចំណែករមណីយដ្ឋានទេសចរណ៍ ដែលប្រឈមនឹងជំងឺកូវីដ-១៩ខ្លាំង មួយចំនួនក៏បានផ្អាកដំណើរការបណ្ដោះអាសន្នផងដែរ។
 
គួរបញ្ជាក់ផងដែរថា កាលពីខែមិថុនាកន្លងទៅកម្ពុជាមានភ្ញៀវទេសចរជាង ៣០ម៉ឺននាក់ ក្នុងនោះមានភ្ញៀអន្តរជាតិផ្ទៃក្នុងប្រមាណ ៤ពាន់នាក់ បានដើរកម្សាន្តទូទាំងប្រទេសកម្ពុជា ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com