ជាតិ
ភ្លៀងនឹងបន្តធ្លាក់លាយឡំរន្ទះ និងខ្យល់កន្រ្តាក់ មួយសប្ដាហ៍
14, Jul 2021 , 7:59 am        
រូបភាព
ដោយៈ ប៉ូ សុភា

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងចាប់ពីថ្ងៃទី១៣-១៤ កក្កដា កម្ពុជានឹងរងឥទ្ធិពលនៃជ្រលងសម្ពាធទាប និងពីថ្ងៃទី១៥-២០កក្កដា នឹងទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ ជាថ្មី  គួបផ្សំ នឹងខ្យល់មូសុងនិរតីមានល្បឿនបង្គួរ។ ស្ថានភាពបែបនេះ អាចធ្វើឱ្យតំបន់មួយចំនួនមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង លាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។


បើតាមការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយថ្ងៃទី១៣ កក្កដានេះ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ កក្កដា បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល នឹងរងឥទ្ធិពលពីជ្រលងសម្ពាធទាប អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើនលាយឡំនឹងផ្គររន្ទះ ខ្យល់កន្ត្រាក់។ ក្នុងអំឡុងពេលជាមួយគ្នា មានផ្នែកខ្លះនៃបណ្ដាខេត្តមួយចំនួន ក៏នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្លាំង។
 
ចំពោះ បណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតមធ្យមទៅខ្លាំង។ ដោយឡែក តំបន់មាត់សមុទ្រវិញ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតមធ្យមទៅខ្លាំង ទន្ទឹមនឹងនោះនៅលើផ្ទៃសមុទ្រ ក៏អាចមានភ្លៀងធ្លាក់ខ្លាំង និងរលកសមុទ្រមានកម្ពស់ខ្ពស់។
 
ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឱ្យពលរដ្ឋនៅតាមតំបន់នីមួយៗត្រូវមានការប្រុងប្រយ័ត្ន ចំពោះបាតុភូមិធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ៕ 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com