ជាតិ
KOICA បង្រៀនបច្ចេកវិទ្យាវេចខ្ចប់ សម្រាប់សហគ្រាសធុនតូច និងមធ្យម តាមអនឡាញ
14, Jul 2021 , 8:59 am        
រូបភាព
 ដោយ៖ ស៊ុល រ៉វី


ភ្នំពេញ៖ ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) ប្រចាំនៅកម្ពុជា នឹងបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ការបណ្ដុះបណ្ដាលការអភិវឌ្ឍបច្ចេកវិទ្យាវេចខ្ចប់ ដើម្បីបង្កើនផលិតភាពសហគ្រាសធុនតូច និងមធ្យម» ដល់មន្ត្រីរដ្ឋាភិបាលកម្ពុជា ដែលត្រូវបានជ្រើសរើស សម្រាប់ឆ្នាំទី២ នៃវគ្គបណ្ដុះបណ្ដាលរយៈពេលបីឆ្នាំ(២០២០-២០២២)។ វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងតាមប្រព័ន្ធអនឡាញ មានរយៈពេល ១០ថ្ងៃ គឺចាប់បីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ តទៅ។


វគ្គបណ្ដុះបណ្ដាល រៀបចំក្នុងគោលបំណង ដើម្បីកែលម្អនវានុវត្តន៍បច្ចេកវិទ្យាក្នុងប្រទេសកម្ពុជា តាមរយៈការណែនាំបច្ចេកវិទ្យាវេចខ្ចប់ទំនើបកូរ៉េ ដែលឆ្លើយតបទៅនឹងតម្រូវការក្នុងប្រទេស រួមទាំងគោលនយោបាយពាក់ព័ន្ធផ្សេងទៀតរបស់កូរ៉េ។ ក្នុងកម្មវិធីនេះ មានសិក្ខាកាមចូលរួម ២៣នាក់ ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍(MISIT) នៃប្រទេសកម្ពុជា។
 
យ៉ាងណាមិញ ក្នុងឆ្នាំ២០២០កន្លងទៅ KOICA បានបញ្ចប់វគ្គបណ្ដុះបណ្ដាលឆ្នាំដំបូង ដែលគោលបំណងវគ្គបណ្ដុះបណ្ដាលនោះ ស្វែងយល់អំពីនិន្នាការ និងបច្ចេកវិទ្យាឧស្សាហកម្មវេចខ្ចប់របស់កូរ៉េ ដើម្បីបង្កើតភាពជាដៃគូរវាងមន្ត្រីកូរ៉េ និងកម្ពុជា លើឧស្សាហកម្មពាក់ព័ន្ធ។ ខណៈឆ្នាំទី៣ ជាឆ្នាំបញ្ចប់វគ្គ ក្នុងការបណ្ដុះបណ្ដាលនេះ នឹងណែនាំ និងអភិវឌ្ឍន៍នវានុវត្តន៍បច្ចេកវិទ្យាវេចខ្ចប់ និងពិគ្រោះយោបលផ្នែកភ័ស្ដុភារជឿនលឿន លើវិស័យជាក់លាក់ ដែលជាសំណើរបស់កម្ពុជា។
 
សូមជម្រាបផងដែរថា KOICA មានបេសកកម្មគាំទ្រការអភិវឌ្ឍធនធានមនុស្ស ក្នុងប្រទេសដៃគូ ធ្វើការលើផ្នែកបច្ចេកទេស កម្មវិធី គម្រោងនានា ដែលជះឥទ្ធិពលលើការអភិវឌ្ឍរបស់កម្ពុជា រួមមានការកែលម្អអាហាររូបត្ថម្ភ និងសុខុមាលភាពសិស្ស, ពង្រឹងសមត្ថភាពគ្រូបង្រៀន, សុខភាពសាធារណៈ, កសិកម្ម, ហេដ្ឋារចនាសម្ព័ន្ធ និងនវានុវត្តន៍ជាដើម៕
 
 

Tag:
 វគ្គបណ្ដុះបណ្ដាល
  KOICA
© រក្សាសិទ្ធិដោយ thmeythmey.com