ជាតិ
ហេតុអ្វីយើងត្រូវយកចិត្តទុកដាក់ចំពោះជោគវាសនារបស់ទន្លេមេគង្គ?
13, Jul 2021 , 8:03 pm        
រូបភាព
ការខូចខាតបរិស្ថាននៃទន្លេដ៌អស្ចារ្យនេះ អាចជះឥទ្ធិពលដល់ជីវិតរាប់លាននាក់នៅក្នុងតំបន់

 
ដោយ៖ អាន ពេជ្រហត្ថដា
បណ្ឌិត អាន ពេជ្រហត្ថដា គឺជានាយកប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ

ទន្លេមេគង្គ គឺជាចង្វាក់បេះដូងរបស់ប្រជាជាតិអាស៊ីអាគ្នេយ៍។ ទន្លេនេះ ហូរកាត់លើផ្ទៃដីប្រមាណ ៥.០០០ គីឡូម៉ែត្រ តាមប្រទេសចិន ដែលនៅទីនេះ គេហៅថាទន្លេឡាងឆាង និងបន្តឆ្លងកាត់ប្រទេស    មីយ៉ាន់ម៉ា ឡាវ ថៃ និងកម្ពុជា មុនពេលវាហូរកាត់តាមប្រទេសវៀតណាមទៅក្នុងសមុទ្រ។

ប្រជាជនជាង ៧០ លាននាក់ ក្នុងប្រទេសទាំងនេះ ពឹងអាស្រ័យផលមួយផ្នែក ឬទាំងស្រុង លើទន្លេមេគង្គ មួយនេះ សម្រាប់ការចិញ្ចឹមជីវិត ដូច្នេះតួនាទីស្នូលរបស់វា ក្នុងសេដ្ឋកិច្ចនៃប្រទេសតាមអាងទន្លេមេគង្គ ក្រោម មានតម្លៃច្រើនលើសពីការប៉ាន់ស្មាន។ បើសរុបជារួម ប្រទេសទាំងបួនតាមអាងទន្លេមេគង្គក្រោម ដែលរួមមានប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម មានជាងពាក់កណ្តាលនៃផលិតផលសរុបសម្រាប់ដំណាំស្រូវ និងត្រី មួយភាគបីនៃវិស័យទេសចរ និងមួយភាគធំនៃតម្រូវការថាមពល ក្នុងតំបន់អាងទន្លេ   មេគង្គទាំងមូល។ នេះបើយោងតាមទិន្នន័យក្នុងការសិក្សាស្រាវជ្រាវថ្មីមួយ ដោយគណៈកម្មការទន្លេមេគង្គ (ហៅកាត់ថា MRC)។

ក៏ប៉ុន្តែតួនាទីជានិរន្តរបស់ទន្លេនេះ ដែលជាប្រភពមួយសម្រាប់ទ្រទ្រង់ជីវិត និងជីវភាពរស់នៅរបស់ ប្រជាជាន កំពុងប្រឈមនឹងការគំរាមកំហែងជាច្រើន។  ការគំរាមកំហែងទាំងនេះ ត្រូវបានកើនឡើង  តាមរយៈការរីករាលដាលជាសកលនៃជំងឺកូវីដ១៩ ដែលបានបង្កើតឲ្យមានបញ្ហាផ្នែកសេដ្ឋកិច្ច និងកង្វល់ផ្នែក បរិស្ថានចម្រុះដែលមិនធ្លាប់មានពីមុនមក។  

ការបិទខ្ទប់រយៈពេលយូរ បានធ្វើឲ្យបាត់បង់ប្រាក់ចំណូលយ៉ាងច្រើន ប៉ុន្តែវាក៏បានធ្វើឲ្យសកម្មភាពនេសាទកើនឡើង ដោយសារតម្រូវការយ៉ាងគំហុកសម្រាប់ស្បៀងអាហារ បានកើនឡើងផងដែរ។ នៅតាមអាងទន្លេទាំងមូល សហគមន៍នានា បានជួបប្រទះនូវបញ្ហាប្រឈមខុសៗគ្នា រួមមានការបាក់ច្រាំងទន្លេ ការធ្លាក់ចុះទិន្នផលនេសាទ និងការកាត់បន្ថយនូវការចាក់បំពេញតាមតំបន់ដីសណ្តទន្លេមេគង្គ ដែលបណ្តាលមកពីកំនើនដ៏រហ័សនៃការប្រើប្រាស់ធនធានទឹក និងការប្រែប្រួលអាកាសធាតុ។

នេះជាបញ្ហាចំពោះមុខ ដែលតម្រូវឱ្យយើងត្រូវចាត់វិធានការជាបន្ទាន់។ យើងត្រូវសហការគ្នា ឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ ដើម្បីថែរក្សាទន្លេដែលវែងជាងគេទី១២ ក្នុងពិភពលោក និងតម្លៃផលិតភាពរបស់វា សម្រាប់ប្រទេសតាមអាងទន្លេទាំងអស់ ទោះបីគ្រោះធម្មជាតិ កំពុងកើតឡើងជាបន្តបន្ទាប់ក៏ដោយ។

គ្រោះរាំងស្ងួតឆ្នាំ២០១៩ និងឆ្នាំ២០២០ បានបង្ហាញឲ្យឃើញពីការធ្លាក់ចុះនៃកម្រិតទឹកទន្លេមេគង្គ ដល់ចំណុចទាបបំផុតក្នុងប្រវត្តិសាស្ត្រ។ នៅក្នុងការព្យាករណ៍លើកចុងក្រោយបង្អស់របស់ខ្លួន គណៈកម្មការទន្លេមេគង្គ ដែលតំណាងឲ្យប្រទេសទាំងបួននៃអាងទន្លេមេគង្គក្រោម បានប៉ាន់ស្មានថា គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត នឹងកើតមានកាន់តែញឹកញាប់ និងធ្ងន់ធ្ងរជាងមុន។  

ស្ថានភាពអាងទន្លេមេគង្គ ទាមទារឲ្យមានដំណោះស្រាយថ្មី ដោយផ្អែកលើទំនុកចិត្ត ការជឿជាក់លើគ្នា និងកិច្ចសហប្រតិបត្តិការរឹងមាំ ក្នុងចំណោមប្រទេសជាសមាជិក និងទំនួលខុសត្រូវរួមគ្នា ដើម្បីគាំពារដល់ប្រព័ន្ធអេកូឡូស៊ីទន្លេមួយនេះ។ ការធ្វើឲ្យមានតុល្យភាពរវាងប្រយោជន៍ជាតិ និងការបង្កើនផលប្រយោជន៍តំបន់ គួរតែជាអាទិភាពខ្ពស់នៃរបៀបវារៈអភិវឌ្ឍន៍សម្រាប់ប្រទេសជាសមាជិកនីមួយៗ។

ដើម្បីសម្រេចឲ្យបាននូវគោលដៅនេះ គេចាំបាច់ត្រូវពង្រឹងការរៀបចំផែនការបែបបរិសកម្ម និងសម្រាប់អាងទន្លេទាំងមូល និងសម្របសម្រួលកិច្ចការនេះ ជាមួយនឹងការរៀបចំផែនការអាងថ្នាក់ជាតិ។ ពុំនោះសោត ប្រទេសតាមអាងទន្លេទាំងអស់ ត្រូវទទួលបន្ទុករួមក្នុងការដែលខ្លួនឯងធ្វើឲ្យស្ថានភាពបរិស្ថាន និងសង្គមនៅក្នុងអាងទន្លេទាំងមូលកាន់តែធ្លាក់ដុនដាប ដែលបញ្ហានេះនឹងប៉ះពាល់ដល់ប្រទេសទាំងអស់ក្នុង     តំបន់ ដូចដែលការសិក្សាស្រាវជ្រាវថ្មីបំផុតរបស់យើងបានបង្ហាញ។

អាស្រ័យដូច្នេះ ប្រទេសជាសមាជិក បានបង្កើតនូវយុទ្ធសាស្ត្រថ្មីមួយសម្រាប់អាងទន្លេទាំងមូល។ យុទ្ធសាស្ត្រអភិវឌ្ឍន៍អាងសម្រាប់ឆ្នាំ២០២១–២០៣០ រួមបញ្ចូលទាំងការវិវត្តន៍ថ្មី និងការកាត់ផ្តាច់ពីអតីតកាល ដោយបានធ្វើសុខដុមនីយកម្មប្រយោជន៍ថ្នាក់ជាតិ ក៏ដូចជាបង្កើនផលប្រយោជន៍ថ្នាក់តំបន់ឲ្យបានល្អបំផុត និងលើកកម្ពស់ទំនួលខុសត្រូវអភិវឌ្ឍន៍រួមគ្នា។ វាក៏អំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់ ប្តេជ្ញាចិត្តចំពោះផែនការដ៏ទូលំទូលាយមួយនេះ សំដៅធ្វើឲ្យប្រសើរឡើងនូវស្ថានភាពអាងទន្លេ នាអំឡុងទសវត្សន៍បន្ទាប់ ខណៈដែលអនុលោមទៅតាមគោលដៅអភិវឌ្ឍន៍ដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ យុទ្ធសាស្ត្រនេះ បង្កើតឲ្យមានតុល្យភាពក្នុងការរៀបចំផែនការអភិវឌ្ឍន៍លើតម្រូវការនៃកំណើនសេដ្ឋកិច្ច ការធ្វើឲ្យសង្គមប្រសើរឡើង និងការគាំពារដល់បរិស្ថាន។ 



យើងបានកំណត់វិស័យយុទ្ធសាស្ត្រចំនួនប្រាំ ដើម្បីពង្រឹងអេកូឡូស៊ីទន្លេមេគង្គ ដែលអំពាវនាវឲ្យមានការប្តេជ្ញារួមគ្នាពីរដ្ឋាភិបាលពាក់ព័ន្ធ សំដៅធ្វើឲ្យប្រសើរឡើងនូវស្តង់ដារជីវភាពរស់នៅសម្រាប់អាងទន្លេទាំងមូល ខណៈដែលពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណ និងឯកជន។

ប៉ុន្តែ ការពុះពារបញ្ហាប្រឈមដ៏ស្មុគស្មាញទាំងនេះ គឺមិនមែនជារឿងងាយស្រួលនោះឡើង។ តាមរយៈ ផែនការយុទ្ធសាស្ត្ររបស់យើង យើងនឹងប្រឹងប្រែងឲ្យមានការចូលរួមកាន់តែខ្លាំងពីប្រទេសចិន ដែលជាដៃគូសន្ទនាមួយរបស់ MRC តាំងពីឆ្នាំ១៩៩៦ មក។

ដោយផ្អែកលើមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំដែលមានស្រាប់ យើងជំរុញឲ្យប្រទេសចិនចូលរួមជាយុទ្ធសាស្ត្រឱ្យបានកាន់តែខ្លាំងជាងមុន និងស៊ីជម្រៅជាងមុនជាមួយនឹង MRC ជាពិសេសក្នុងកិច្ចការចែករំលែកទិន្នន័យ និងព័ត៌មាន ការរៀបចំផែនការបរិសកម្ម និងការគ្រប់គ្រងដោយសម្របសម្រួល ស្របពេលដែលប្រទេសចិន កំពុងតែបង្កើនទំនាក់ទំនងពហុភាគីជាមួយនឹងបណ្តាលប្រទេសអាស៊ាន ក្នុងវិស័យសេដ្ឋកិច្ច រួមទាំងការគ្រប់គ្រងទឹកផងដែរ។ យើងបានមើលឃើញពីការវិវត្តន៍ដ៏ធំមួយ ក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និង MRC តាមរយៈកិច្ចព្រមព្រៀងរបស់ប្រទេសនេះ កាលពីខែតុលាឆ្នាំមុន ដើម្បីចែករំលែកទិន្នន័យទឹកពេញមួយឆ្នាំ ជាមួយនឹង MRC បន្ទាប់ពីប្រទេសចិន បានផ្តល់ទិន្នន័យប្រភេទដូចគ្នានេះ ត្រឹមតែរដូវទឹកជំនន់ប៉ុណ្ណោះ ក្នុងរយៈពេល ១៨ ឆ្នាំចុងក្រោយនេះ។ ទោះជាយ៉ាងណាក្តី យើងនៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ។ 

ការពឹងអាស្រ័យទៅវិញទៅមក និងភាពរីកចម្រើនរបស់យើង ត្រូវបានបញ្ជាក់តាមរយៈការប្រែប្រួលជលសាស្ត្រអាងទន្លេនាពេលថ្មីៗនេះ ដែលកត្តានេះបណ្តាលមកពីការកើនឡើងយ៉ាងរហ័សនៃការសាងសង់ទំនប់វារីអគ្គិសនីថ្មីៗ។ ការផ្លាស់ប្តូរក្នុងលំនាំរំហូរប្រចាំថ្ងៃ និងតាមរដូវកាល បង្កដោយការស្តុកទឹកតាមទំនប់សម្រាប់តម្រូវការថាមពលរបស់តំបន់ បានរំខានដល់អេកូឡូស៊ីទន្លេមេគង្គ ដែលបណ្តាលឲ្យជីវិត និងជីវិភាពរស់នៅស្ថិតក្នុងហានិភ័យ។ យើងជឿជាក់ថា ការផលិតថាមពលថ្នាក់ជាតិ គួរតែស្ថិតក្នុងយន្តការគ្រប់គ្រងសម្របសម្រួលសមស្របមួយ ហើយផែនការទាំងអស់នាពេលអនាគត ត្រូវតែថ្លឹងថ្លែងរាល់ជម្រើសនៃប្រភពបង្កើតថាមពលជាក់ស្តែងផ្សេងទៀត ដែលមិនប៉ះពាល់ដល់បរិស្ថាន អាចអនុវត្តបានដោយសមរម្យ និងមានទំនួលខុសត្រូវផ្នែកសេដ្ឋកិច្ច។

បញ្ហាប្រជាសាស្ត្រ ក៏កំពុងនឹងសាកល្បងស្ថេរភាពរបស់ទន្លេនេះផងដែរ។ ប្រជាជនសរុបតាមអាងទន្លេ ត្រូវបានគេប៉ាន់ស្មានថាមានចំនួន ៧២,១ លាននាក់ នៅឆ្នាំ២០២០ ហើយនៅឆ្នាំ២០៤០ គេព្យាករថា វានឹងកើនឡើងដល់ជិត ១០០ លាននាក់។ ទោះបីជាមានវឌ្ឍនភាពខ្លាំងក្នុងកាត់បន្ថយភាពក្រីក្រ និងកំណើនភាពរីកចម្រើនក៏ដោយ វិសមភាពសេដ្ឋកិច្ច និងសង្គមនៅតែកើតមានជាទូទៅ។

ព្រឹត្តិការណ៍ថ្មីៗទាំងនេះ បានក្រើនរំលឹកដល់ប្រទេសជាសមាជិករបស់ MRC ទាំងអស់ថា មិនគួរមាន ប្រទេសណាមួយព្រងើយកន្តើយឡើង។ បើទោះបីជាយើងសំដៅលើទន្លេមេគង្គផ្នែកខាងលើក្តី ឬខាងក្រោមក្តី ការគាំពារទន្លេនេះ គឺជាភារកិច្ចរួមរបស់យើង ដើម្បីបញ្ចៀសការខូតខាតផ្នែកបរិស្ថាន ដែលកំពុងនឹងបំផ្លាញទន្លេនេះ និងដាក់សម្ពាធដល់ការចិញ្ចឹមជីវិតរបស់ប្រជាជន។

យើងបានធ្វើដំណើរយ៉ាងវែងឆ្ងាយ ចាប់តាំងពីការបង្កើតកិច្ចព្រមព្រៀងទន្លេមេគង្គឆ្នាំ ១៩៩៥ មក។ ក៏ប៉ុន្តែ គោលបំណងក្នុងការសម្រេចឲ្យបាននូវការអភិវឌ្ឍដោយចីរភាពសម្រាប់អាងទន្លេមេគង្គទាំងមូល នៅតែមិនផ្លាស់ប្តូរ។ ទន្ទឹមនឹងនេះដែរ ការគិតគូរសម្រាប់តំបន់ ត្រូវមានកម្រិតខ្ពស់ជាងពេលកន្លងមក។

ដើម្បីធ្វើឲ្យយុទ្ធសាស្ត្រអភិវឌ្ឍន៍អាងថ្មីនេះទទួលបានជោគជ័យ វាទាមទារឲ្យមានការប្តេជ្ញាចិត្តផ្នែកនយោបាយខ្ពស់បំផុត។ វាក៏នឹងទាមទារឲ្យមានការចូលរួមដោយសកម្មពីភាគីពាក់ព័ន្ធទាំងអស់ ដោយសហការគ្នាក្នុងនាមជាបុគ្គល ពលរដ្ឋ ប្រទេស ឬជាស្ថាប័ន។ 

នេះដោយហេតុថា ទន្លេមេគង្គគឺជាកម្មសិទ្ធរបស់ប្រជាជនគ្រប់រូប ហើយនឹងជួយកំណត់ពីអនាគត និង ជោគវាសនានៃតំបន់ដែលកំពុងវិវត្តន៍ និងដ៏សំខាន់មួយនេះ។ 





© រក្សាសិទ្ធិដោយ thmeythmey.com