ជាតិ
ប្រមុខការទូតខ្មែរ ៖ មានតែពហុភាគីនិយមមួយទេ ដែលអាចដោះស្រាយបញ្ហាសំខាន់ៗលើពិភពលោក
14, Jul 2021 , 11:20 am        
រូបភាព
ភ្នំពេញ៖ ដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗ នៅលើពិភពលោកនោះ សហគមន៍អន្តរជាតិ ត្រូវរូមគ្នាអនុវត្តប្រព័ន្ធពហុភាគីនិយម។ រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន បានថ្លែងបែបនេះ នៅក្នុងសន្និសីទរដ្ឋមន្ត្រីពាក់កណ្តាលឆមាស នៃចលនាមិនចូលបក្សសម្ព័ន្ធ ស្តីពី «ចលនាមិនចូលបក្សសម្ព័ន្ធ នៅចំណុចនៃកិច្ចខិតខំប្រឹងប្រែងពហុភាគី ក្នុងការឆ្លើយតបទៅនឹងការប្រឈមពិភពលោក» ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៤ ខែកក្កដា ឆ្នាំ២០២១។


លោក ប្រាក់ សុខុន បានសង្គត់ធ្ងន់ថា ការប្រឹងប្រែងកិច្ចសហប្រតិបត្តិការពហុភាគីនិយម គួរតែត្រូវបានបញ្ចូលជាមូលដ្ឋាន នៅក្នុងប្រព័ន្ធបទបញ្ញត្តិនានា ដោយស្របតាមគោលការណ៍បានឌុង សេចក្តីថ្លែងការណ៍បាគូ ឆ្នាំ២០១៩ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។
 
មូលហេតុដែលរដ្ឋមន្រ្តីការបរទេសកម្ពុជា ជំរុញឱ្យសហគមន៍អន្តរជាតិអនុវត្តពហុភាគីនិយមនេះ ដោយសារតែមានបញ្ហាប្រឈមកើតឡើងផ្ទួនៗ ដែលកំពុងញាំញី និងគំរាមកំហែងលើពិភពលោក ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។ តួយ៉ាងដូចជា ការប្រជែងភូមិសាស្ត្រនយោបាយរបស់មហាអំណាច, ការផ្ទុះជំងឺកូវីដ-១៩ ដែលជាដំណាក់កាលអាក្រក់នៃវិបត្តិផ្នែកសុខាភិបាល សេដ្ឋកិច្ច-សង្គម និងមនុស្សធម៌។ ជាពិសេសការរើបកាន់តែខ្លាំងឡើងវិញ នៃគ្រោះមហន្តរាយដោយធម្មជាតិ និងអាកាសធាតុ និងការផ្លាស់ប្ដូរទៅរកសេដ្ឋកិច្ចឌីជីថល ដែលអាចកើតមានឡើង នៅពេលអនាគត។
 
សេចក្តីថ្លែងការណ៍ក្រសួងការបរទេស បានស្រង់សម្តីលោក ប្រាក់ សុខុន ដូច្នេះថា៖«ចំពោះកម្ពុជា មានតែក្របខណ្ឌនៃពហុភាគីនិយមពិតប្រាកដមួយប៉ុណ្ណោះ ដែលសហគមន៍អន្តរជាតិ នឹងអាចដោះស្រាយនូវបញ្ហាប្រឈមសំខាន់ៗទាំងនេះបាន។ ការគ្រាន់តែរៀបរាប់ពីពហុភាគីនិយម ដើម្បីប្រយោជន៍ខ្លួនឯង ដោយមិនទទួលស្គាល់ពហុនិយមនៃពិភពលោក នោះគ្រាន់តែជាការនិយាយតែមាត់ប៉ុណ្ណោះ។ ពហុភាគីនិយមពិតមានន័យថា ការទទួលយកភាពខុសគ្នា និងការប្រែក្លាយគូប្រជែងឱ្យទៅជាការប្រកួតប្រជែងដោយសន្តិវិធី និងភាពស្មោះត្រង់»។
 
ស្របពេលសហគមន៍អន្តរជាតិព្យាយាមជម្នះផលប៉ះពាល់នៃជំងឺរាតត្បាតនោះ គឺត្រូវពង្រឹងគុណតម្លៃនៃពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីធានាឱ្យប្រទេសទាំងអស់ទទួលបានវ៉ាក់សាំង និងឧបករណ៍វេជ្ជសាស្ត្រ ដោយគ្មានការរារាំង និងប្រកបដោយសមភាព។ ភាពចាំបាច់នេះ មានសារៈសំខាន់ណាស់ ក្នុងការធ្វើឱ្យប្រទេសជាសមាជិកចលនាមិនចូលបក្សសម្ព័ន្ឋ ដើរលើមាគ៌ាស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។ បច្ចុប្បន្ននេះ វិធីសាស្រ្តទិសដៅពីរ របស់ប្រទេសអភិវឌ្ឍន៍ប្រឆាំងនឹងប្រទេសកំពុងអភិវឌ្ឍន៍ អាចនឹងទទួលបរាជ័យដោយខ្លួនឯង។ ដោយឡែកបញ្ហាគ្រោះមហន្តរាយដោយធម្មជាតិ និងពីអាកាសធាតុ ការប្រឈមនានា ក៏ត្រូវការចាំបាច់នូវវិធីសាស្រ្តរួមមួយ ដែលកើតចេញពីការសាមគ្គីភាព ការប្តេជ្ញាចិត្តដោយមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន និងស្មារតីមនុស្សធម៌។ នេះបើតាមលោក ប្រាក់ សុខុន។
 
ប្រមុខការទូតកម្ពុជា បានបញ្ជាក់ដូច្នេះថា៖«បើសិន ជាគ្មានចំណុចទាំងនេះទេ យើងនឹងមិនអាចយកឈ្នះលើជំងឺរាតត្បាតនាពេលបច្ចុប្បន្ន និងអនាគតបានទេ យើងនឹងមិនអាចបន្ថយល្បឿននៃការប្រែប្រួលអាកាសធាតុ និងអេកូឡូស៊ី ក៏ដូចជាយើងនឹងមិនអាចគ្រប់គ្រងបច្ចេកវិទ្យាថ្មី នៅក្នុងបរិបទនៃគូប្រកួតប្រជែង ដែលយើងកំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះទេ»។
 
បន្ថែមពីលោក ប្រាក់ សុខុន ក៏យល់ឃើញថា ការប្រឈមជាសកល ដែលត្រូវបានផ្សារភ្ជាប់នូវវត្តមានបដិវត្តឧស្សាហកម្មទី៤ នឹងតម្រូវឱ្យមានកិច្ចសហការគ្នាក្នុងការផ្ទេរបច្ចេកវិទ្យា និងការចែករំលែកបច្ចេកវិទ្យា មិនមែនគ្រាន់តែរវាងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ប៉ុណ្ណោះទេ។ ប៉ុន្តែវា ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សានិរន្តរភាពសេដ្ឋកិច្ចរបស់បណ្តាប្រទេសសមាជិកចលនាមិនចូលបក្សសម្ព័ន្ធនីមួយៗ ក្នុងអំឡុងពេលផ្លាស់ប្តូរឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថលពិភពលោក។ បើតាមលោក ប្រាក់ សុខុន ប្រវត្តិសាស្ត្រចលនាមិនចូលបក្សសម្ព័ន្ធ បានផ្ដួចផ្ដើមគំនិតនៃទំនាក់ទំនងអន្តរជាតិ ដែលជួយទប់ស្កាត់សង្គ្រាមលោកថ្មី។
 
«ខ្ញុំជឿជាក់ថា សព្វថ្ងៃនេះ នៅក្នុងពហុភាគីនៃការប្រកួតប្រជែង ប្រកបដោយគ្រោះថ្នាក់ គំនិតនៃការរួមរស់ដោយសន្តិសហវិជ្ជមាន ដូចដែលបានបង្កើតឡើងដោយ សហស្ថាបនិកនៃចលនាមិនចូលបក្សសម្ព័ន្ធ គឺនៅតែមានភាពសមស្របជាងណាទាំងអស់ ហើយគ្មានប្រទេសណាមួយដែលប្រសើរ ឬមានសមត្ថភាពជាងចលនាមិនចូលបក្សសម្ព័ន្ធ ក្នុងការលើកកម្ពស់ គំនិតនេះម្ដងទៀតនោះទេ»។ នេះជាការអះអាងរបស់រដ្ឋមន្រ្តីការបរទេសកម្ពុជា៕

Tag:
 ប្រាក់ សុខុន
  នយោបាយការបរទេស
© រក្សាសិទ្ធិដោយ thmeythmey.com