អន្តរជាតិ
ប្រមុខការទូតអាមេរិក ទទូចឱ្យអាស៊ានចាត់វិធានការបន្ទាន់ដើម្បីដោះស្រាយវិបត្តិមីយ៉ាន់ម៉ា
14, Jul 2021 , 7:29 pm        
រូបភាព
កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-អាស៊ាន។ រូបថតពីក្រសួងការបរទេសកម្ពុជា
កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-អាស៊ាន។ រូបថតពីក្រសួងការបរទេសកម្ពុជា
ប្រមុខការទូតអាមេរិក លោក អាន់តូនី ប្ល៊ីងខិន បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងពីវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា និងទទូចឱ្យអាស៊ាន  ចាត់វិធានការជាបន្ទាន់ ដើម្បីបញ្ចប់អំពើហិង្សា និងស្ដារលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ាឡើងវិញ។

 
ក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាមួយរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅថ្ងៃទី ១៤ ខែកក្កដា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីងខិន បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីការវិវដ្ដស្ថានភាពនយោបាយនៅមីយ៉ាន់ម៉ា។ 
 
ក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្រ្តីការបរទេសអាស៊ានលើកដំបូងនេះ ប្រមុខការទូតអាមេរិក បានជំរុញឱ្យអាស៊ានពន្លឿនការអនុវត្តសេចក្តីថ្លែងការណ៍ខ្លួនលើផែនការ៥ចំណុច ដើម្បីដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា។ ផែនការទាំង ៥ចំណុចនោះ មានដូចជា ការបញ្ជូនប្រេសិតអាស៊ានពិសេសទៅកាន់មីយ៉ាន់ម៉ា, ជំនួយមនុស្សធម៌, បញ្ឈប់អំពើហិង្សា, ការរៀបចំកិច្ចចរចាជាមួយភាគីពាក់ព័ន្ធទាំងអស់ និងការសម្របសម្រួលជាដើម។ 
 
តាមរយៈសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បញ្ជាក់ថា លោក ប្ល៊ីងខិន បានទទូចឱ្យរបបសឹកមីយ៉ាន់ម៉ាដោះលែង អ្នកជាប់ឃុំដោយអយុត្តិធម៌ និងរៀបចំលទ្ធិប្រជាធិបតេយ្យមីយ៉ាន់ម៉ាឡើងវិញ។ 
 
កន្លងមក អាស៊ាន បានប្រឹងប្រែងផ្នែកការទូតយ៉ាងខ្លាំង ដើម្បីដោះស្រាយបញ្ហានៅ មីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារយោធា នៅថ្ងៃទី១ ខែកុម្ភៈមកម្ល៉េះ។ ប៉ុន្តែស្ថានភាពវឹកវរនៅតែបន្ត ហើយផែនការ ៥ ចំណុចរបស់អាស៊ាន ដើម្បីបញ្ចប់វិបត្តិនៅមីយ៉ាន់ម៉ានៅ តែមិនទាន់សម្រេចបានផ្លែផ្កានៅឡើយ។
 
មីយ៉ាន់ម៉ាបានធ្លាក់ចូលទៅក្នុងភាពច្របូកច្របល់ បន្ទាប់ពីរដ្ឋប្រហារយោធាមក។ ក្រុមបាតុកររាប់រយនាក់ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខ ខណៈពេលមនុស្សរាប់ពាន់នាក់ផ្សេងទៀត ត្រូវជាប់ឃុំ។ ជាមួយគ្នានេះ ការប៉ះទង្គិចប្រដាប់អាវុធនៅតែបន្តកើតឡើង តាមតំបន់ព្រំដែន រវាងក្រុមប្រដាប់អាវុធជនជាតិភាគតិច ជាមួយយោធាមីយ៉ាន់ម៉ា។ 
 
ក្នុងកិច្ចប្រជុំខាងលើ ប្រមុខការទូតអាមេរិក ក៏បានលើកឡើងពីសកម្មភាពចិន នៅក្នុងសមុទ្រចិនខាងត្បូង និងប្រធានបទទន្លេមេគង្គផងដែរ។ អាមេរិក នៅតែបន្តរិះគន់ចិនខ្លាំងៗ ទាក់ទិននឹងការទាមទារ ដែនសមុទ្រដ៏ធំមួយនេះ ដោយភ្ជាប់ជាមួយសកម្មភាពយោធារបស់ចិន៕ 
 

Tag:
 អាមេរិក
  អាស៊ាន
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com