អន្តរជាតិ
ប្រមុខការទូតឥណ្ឌា៖ ការអូសបន្លាយជម្លោះព្រំដែនឥណ្ឌា-ចិន គ្មានប្រយោជន៍ដល់ភាគីទាំងពីរឡើយ
15, Jul 2021 , 2:29 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសឥណ្ឌា S Jaishankar ចាប់ដៃសមភាគីចិន វ៉ាង យី នាជំនួបកន្លងមក។ រូបថត Xinhua
រដ្ឋមន្រ្តីការបរទេសឥណ្ឌា S Jaishankar ចាប់ដៃសមភាគីចិន វ៉ាង យី នាជំនួបកន្លងមក។ រូបថត Xinhua
បរាជ័យក្នុងការដោះស្រាយជម្លោះព្រំដែនឥណ្ឌា-ចិននៅតំបន់ហិមាល័យខាងលិច ទោះបីជាមានកិច្ច ព្រមព្រៀងក្នុងឆ្នាំ២០២០ ក៏ដោយ មិនមែនជាអ្វីដែលប្រទេសទាំងពីរចង់បាននោះទេ។ រដ្ឋមន្ត្រីការបរទេសឥណ្ឌា S Jaishankar ប្រាប់សមភាគីចិនបែបនេះនៅថ្ងៃទី១៤ ខែកក្កដា។

 
លោក S Jaishankar ប្រមុខការទូតឥណ្ឌា បានជួបជាមួយរដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី នៅទឹកដីតាហ្ស៊ីគីស្ថាននៅថ្ងៃទី១៤ ខែកក្កដា អំឡុងពេលប្រមុខការទូតទាំងពីរចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃរដ្ឋសមាជិកកិច្ចសហប្រតិបត្តិការសៀងហៃ។ បញ្ហាព្រំដែនរវាងមហាយក្សទាំងពីរ ក៏ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំនេះដែរ។
 
ចិន និងឥណ្ឌា បានឈានដល់កិច្ចព្រមព្រៀងនៅឆ្នាំ២០២០ ដោយភាគីទាំងពីរឯកភាពគ្នាដក    កងទ័ព រថក្រោះ និងកាំភ្លើងធំទាំងស្រុងពីតំបន់ទន្លេ Pangong Tso កាលពីខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ។ ការដកទ័ពនេះ ជាជំហានដំបូងក្នុងការឈានទៅរកការដកទ័ពទាំងស្រុងពីតំបន់ប៉ះទង្គិច ផ្សេងៗនៅតាមព្រំដែនឥណ្ឌា-ចិន។
 
យ៉ាងណាមិញ លោក Jaishankar ប្រាប់លោក វ៉ាង ថា តំបន់ជម្លោះតាមព្រំដែនផ្សេងៗ នៅតែមិនទាន់បានដោះស្រាយនៅឡើយ។ ក្នុងសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសឥណ្ឌា លោក Jaishankar បញ្ជាក់ថា  ការពន្យារពេលស្ថានភាពជម្លោះបែបនេះមិនបានផ្ដល់ផល ប្រយោជន៍ដល់ភាគីណាមួយឡើយ ហើយវាធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនងឥណ្ឌា-ចិន។ 
 
មុនឈានដល់កិច្ចព្រមព្រៀង ទំនាស់ព្រំដែនរវាងប្រទេសទាំងពីរកើនឡើងខ្លាំងអំឡុងខែមេសា ឆ្នាំ២០២០ ។ កងទ័ពទាំងពីរ បានប្រឈមមុខគ្នានៅតាមបណ្ដោយខ្សែគ្រប់គ្រងជាក់ស្ដែង ដែលជាខ្សែខណ្ឌព្រំដែនប្រទេសទាំងពីរ។ ទាហានឥណ្ឌាប្រមាណ២០នាក់ និងទាហានចិន៤នាក់បានស្លាប់ នៅក្នុងការប៉ះទង្គិចកាលពីខែមិថុនា ឆ្នាំ២០២០ ដែលការប៉ះទង្គិចដ៏បង្ហូរឈាមនៅបួនទសវត្សរ៍ចុងក្រោយមកនេះ៕
 
ក្នុងសេចក្ដីថ្លែងការណ៍ដដែលខាងលើ រដ្ឋមន្រ្តីប្រទេសទាំងពីរ បានឯកភាពគ្នាស្វែងរក ដំណោះស្រាយដែលសមស្របសម្រាប់ភាគីទាំងសងខាង និងធានាឱ្យមានស្ថិរភាពដោយ ជៀសវាងរាល់ការសម្រេចចិត្ត ឬសកម្មភាពឯកតោភាគីដែលអាចបង្កើនភាពតានតឹង៕
 
 

Tag:
 ចិន
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com