ជាតិ
សង្គមជាតិ
ការងារស្ម័គ្រចិត្ត មិនផ្តល់កម្រៃ និងអាចប៉ះពាល់ការសិក្សា តែយុវជន បានបទពិសោធន៍ និងចំណេះដឹងជាក់ស្តែង
21, Jul 2021 , 8:59 am        
រូបភាព
សកម្មភាពយុវជនធ្វើការងារស្ម័គ្រចិត្ត ដែលសារព័ត៌មានថ្មីៗ ធ្លាប់ផ្សាយកន្លងមក។
សកម្មភាពយុវជនធ្វើការងារស្ម័គ្រចិត្ត ដែលសារព័ត៌មានថ្មីៗ ធ្លាប់ផ្សាយកន្លងមក។
ដោយ៖  ស៊ូ សុគន្ធា 
 
 ភ្នំពេញ៖ យុវជនខ្មែរបច្ចុប្បន្ន មានទំនោរកាន់ច្រើនឡើងក្នុងការចូលបម្រើការងារស័្មគ្រចិត្តនៅតាមអង្គការ និងស្ថាប័នជាតិ-អន្តរជាតិនានា ដើម្បីអភិវឌ្ឍចំណេះដឹងខ្លួនឯង ក៏ដូចជាចូលរួមកសាងសង្គមជាតិ ឲ្យមានភាពរីកចម្រើន។ ក្នុងផ្នត់គំនិតយុវជនខ្មែរមួយចំនួន ដែលកំពុងស្ថិតនៅក្នុងវ័យសិក្សា មើលឃើញថា ការចូលបម្រើការងារស្ម័គ្រចិត្តនោះ  មិនថានៅក្នុងវិស័យអប់រំ, វិស័យនយោបាយ, ការការពារធនធានធម្មជាតិ ឬ កិច្ចការងារនៅក្នុងសហគមន៍ក្តី គឺសុទ្ធសឹងធ្វើឱ្យចំណេះដឹងរបស់ខ្លួនកាន់តែទូលាយ។

 
ថ្វីដ្បិតការងារស្ម័គ្រចិត្តមួយចំនួនអាចធ្វើឱ្យប៉ះពាល់ដល់ការសិក្សាក៏ដោយ ក៏ប៉ុន្តែយុវជនមួយចំនួន នៅតែពេញចិត្តធ្វើ ដើម្បីទទួលបានមកវិញនូវបទពិសោធន៍ការងារក្នុងជីវិត និងទំនាក់ទំនងល្អនៅក្នុងសហគមន៍ ជាដើម។  កញ្ញា តាន់ នរវិន្ទភទ្រ្ទា ដែលជានិស្សិតឆ្នាំទី២ នៅសាកលវិទ្យាអាមេរិកាំងភ្នំពេញ យល់ថា ការធ្វើការងារស្ម័គ្រចិត្ត គឺមានសារៈសំខាន់ណាស់ចំពោះកញ្ញា។ ភទ្រ្ទា បានចាប់ផ្តើមធ្វើការងារស្ម័គ្រចិត្តតាំងនៅវិទ្យាល័យមកម្ល៉េះ។ 
 
តាមរយៈការចូលបម្រើការងារស្ម័គ្រចិត្ត បានធ្វើឱ្យយុវតីរូបនេះ បង្កើនបទពិសោធន៍ ភាពក្លាហាន ភាពជាអ្នកដឹកនាំ ភាពឆ្នៃប្រឌិត និង មានឱកាសស្គាល់មនុស្សថ្មីសម្រាប់ការងារនៅពេលអនាគត។ ភទ្រ្ទា មើលឃើញថា គុណវិបត្តិនៃការងារស្ម័គ្រចិត្ត គឺមានតិចណាស់ បើធៀបនឹងគុណប្រយោជន៍ដែលទទួលបាន។ យុវតីរូបនេះ និយាយថា៖«គុណសម្បតិ្ត ឬគុណវិបត្តិនៃកាងារស្ម័គ្រចិត្ត គឺវាអាស្រ័យលើយុវជនផ្ទាល់ដែលចេះរៀបចំពេលវេលា ពីព្រោះការធ្វើការងារស្ម័គ្រចិត្តមិនមែនផ្តាច់ការ ថានឹងធ្វើនៅពេលកំណត់ណាមួយនោះទេ»។  
 
ចំណែក កញ្ញា វ៉ាន់ សុគន្ធវត្តី ដែលជានិស្សិតឆ្នាំទី២នៅ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ  បានលើកឡើងថា ការងារស្ម័គ្រចិត្តធ្វើឱ្យយុវជនទទួលបានចំណេះដឹង និងបទពិសោធន៍ ដែលអាចយកទៅប្រើប្រាស់ក្នុងការងារក្នុងថ្ងៃអនាគត។ លើលពីនេះ កញ្ញា យល់ថា ការងារស្ម័គ្រចិត្ត អាចធ្វើឱ្យកញ្ញា ដឹងពីការធ្វើការងារជាក្រុម និងការសហការជាមួយមនុស្សដែលនៅជុំវិញខ្លួនផងដែរ។ ការងារស្ម័គ្រចិត្ត ដែលសុគន្ធវត្តី បានធ្វើកន្លងមក មិនបានប៉ះពាល់ដល់ការសិក្សានោះទេ។
 
និស្សិតស្រីរូបនេះ បាននិយាយថា៖«កាលខ្ញុំធ្វើការងារស្ម័គ្រចិត្តហ្នឹង ខ្ញុំរៀនពីថ្ងៃចន្ទរហូតដល់ថ្ងៃសុក្រ តែដល់ពេលដែលខ្ញុំធ្វើហ្នឹង គឺ ខ្ញុំធ្វើនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ»។  សម្រាប់សុគន្ធវត្តី ការងារស្ម័គ្រចិត្ត និងការងារទទួលកម្រៃ គឺសុទ្ធតែមានសារៈសំខាន់ចំពោះយុវជន ប៉ុន្តែការធ្វើការងារស្ម័គ្រចិត្តអាចជួយទៅដល់សង្គម និងរៀនពីជំនាញទន់បានច្រើន។ 
 
អ្នកនាង ឃឿត សុជា អ្នកកាន់គម្រោងអាហារូបករណ៍មធ្យមទុតិយភូមិ នៃអង្គការសម្រេចសុបិនកុមារកម្ពុជា បានលើកឡើងថា ការងារស្ម័គ្រចិត្តអាចជួយឱ្យយុវជនបានស្វែងយល់បន្ថែមពីសង្គមខាងក្រៅ បង្កើនទំនាក់ទំនង និងស្គាល់មនុស្សថ្មីៗកាន់តែច្រើន។ អ្នកនាង សុជា បន្តថា តាមរយៈការងារស្ម័គ្រចិត្តយុវជនអាចហាត់រៀនក្នុងការធ្វើការងារប្រកបដោយការទទួលខុសត្រូវ ការធ្វើការងារជាក្រុម ការបង្កើនភាពក្លាហាន ការទទួលបានជំនាញមួយចំនួនដែលចាំបាច់សម្រាប់ពួកគេនៅពេលអនាគត និង ការចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ។  
 
អ្នកនាង ឃឿត សុជា បានចាប់ផ្តើមធ្វើការងារស្ម័គ្រចិត្តតាំងពីរៀននៅអនុវិទ្យាល័យ។ អ្នកនាង ធ្លាប់ជាអ្នកស្ម័គ្រចិត្តនៅអង្គការទស្សនៈពិភពលោកប្រចាំស្រុកក្រឡាញ់ នៅខេត្តសៀមរាប។ អ្នកនាង ក៏ធ្លាប់ធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសនៅក្នុងភូមិរបស់គាត់ដោយមិនគិតកម្រៃអស់រយៈពេលជិតបីឆ្នាំ ដែរ។ បន្ថែមពីនេះ អ្នកនាងក៏បានចូលរួមនៅក្នុងកម្មវិធីផ្សេងទៀតដូចជា កម្មវិធីចែករំលែកបទពិសោធន៍ដល់សិស្សកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យនៅតាមសហគមន៍។
 
អ្នកនាង ឃឿត សុជា បានបង្កើតគម្រោងដែលមានឈ្មោះថា «វេទិកាសុបិន»។ កម្មវិធីនេះត្រូវបានផ្អាកជាបណ្តោះអាសន្នតាំងពីដើមឆ្នាំ២០២០ ដោយសារស្ថានភាពនៃជំងឺកូវីដ-១៩។ 
 
សម្រាប់ការបែងចែកពេលវេលា អ្នកនាង បានជួបការលំបាកខ្លះដែរ ពីព្រោះនៅពេល រៀននៅសាកលវិទ្យាល័យ អ្នកនាង ធ្វើការងារទទួលកម្រៃផង និងឆ្លៀតពេលសម្រាប់ធ្វើការងារស្ម័គ្រចិត្តផង។ អ្នកនាង និយាយថា៖«ខ្ញុំជាកូនអ្នកលំបាក ដូច្នេះខ្ញុំត្រូវធ្វើការងារ ដើម្បីការរស់នៅប្រចាំថ្ងៃរបស់ខ្ញុំ»។ 
 
ជាមួយគ្នានេះ  អ្នកស្រីបណ្ឌិត ប៉ែន រ៉ានី ដែលជាឧបការីតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) នៅប្រទេសកម្ពុជា បានចែករំលែកទស្សនៈខ្លះៗទៅលើប្រធានបទនេះ។ បើតាមអ្នកស្រីបណ្ឌិត រ៉ានី ការងារស្ម័គ្រចិត្ត អាចផ្តល់អត្ថប្រយោជន៍ សម្រាប់យុវជនផ្ទាល់ផង និងសង្គមជាតិផង។
 
ឧបការីតំណាង UNDP ប្រចាំកម្ពុជារូបនេះ ថ្លែងថា យុវជនអាចយល់ដឹងពីសង្គមកាន់តែច្បាស់ និងអាចចូលរួមដោះស្រាយបញ្ហា ដែលត្រូវការការចូលរួមពីយុវជន។ អ្នកស្រីបណ្ឌិត  លើកឡើងថា ការងារស្ម័គ្រចិត្តអាចជួយយុវជនក្នុងការសន្សំបទពិសោធន៍សម្រាប់ការងារនៅពេលអនាគត។ អ្នកស្រីបណ្ឌិត  មានប្រសាសន៍ថា៖«យុវជនខ្លួនឯងហ្នឹង នៅពេលដែលជ្រើសរើសការងារស្ម័គ្រចិត្តហ្នឹង គួរថ្លឹងថ្លែងថា ត្រូវចំណាយពេលប៉ុន្មាននៅក្នុងមួយថ្ងៃឬនៅក្នុងមួយសប្តាហ៍ ឬនៅក្នុងមួយខែសម្រាប់ការងារស្ម័គ្រចិត្ត។ ពេលវេលាក្នុងការធ្វើការងារស្ម័គ្រចិត្តមិនមែនកំណត់ត្រឹម ថានឹងធ្វើនៅពេលណាដែលកំណត់យ៉ាងផ្តាច់ការនោះទេ»។ 
 
បណ្ឌិតផ្នែកវិទ្យាសាស្ត្រសង្គមរូបនេះ បន្ថែមថា ការបែងចែកពេលវេលានោះគឺអាស្រ័យលើយុវជន ដូចជា នៅពេលដែលពួកគាត់ត្រូវត្រៀមប្រឡង ពួកគាត់គួរតែទុកការងារស្ម័គ្រចិត្តនៅមួយឡែកសិន ប៉ុន្តែនៅពេលដែលវិស្សមកាលពីការសិក្សា ពួកគាត់អាចមានពេលច្រើនលើការធ្វើការងារស្ម័គ្រចិត្ត។ 
 
អ្នកស្រីបណ្ឌិត ប៉ែន រ៉ានី ស្នើឱ្យគ្រឹះស្ថានអប់រំសាធារណៈ និងឯកជន ផ្តល់និងបង្កើនឱកាសសម្រាប់យុវជនក្នុងការធ្វើការងារស្ម័គ្រចិត្ត ដូចជា ការចុះកម្មសិក្សា ដើម្បីជួយអភិវឌ្ឍធនធានមនុស្សបន្ថែមនៅក្នុងប្រទេស។ អ្នកស្រី បញ្ជាក់ថា៖«ការរៀនសូត្រមិនត្រឹមរៀនតែពីសាលាទេ គឺយើងរៀនពីកន្លែងធ្វើការផងដែរ»៕
 

Tag:
 ការងារស្ម័គ្រចិត្ត
  អប់រំ
  យុវជន
© រក្សាសិទ្ធិដោយ thmeythmey.com