ជាតិ
សង្គមជាតិ
NGO ស្នើតុលាការពិចារណាឲ្យអ្នកជាប់ឃុំបណ្ដោះអាសន្ន នៅក្រៅឃុំ
20, Jul 2021 , 8:59 pm        
រូបភាព
ពីឆ្វេងដៃទៅ៖ យុវជន លី ចាន់ដារ៉ាវុទ្ធ យុវតី ស៊ុន រដ្ឋា និងលោក យឹម លាងហ៊ី សមាជិកនៃចលនាមាតាធម្មជាតិ ដែលកំពុងជាប់ឃុំបណ្ដោះអាសន្ននៅពន្ធនាគារ។
ពីឆ្វេងដៃទៅ៖ យុវជន លី ចាន់ដារ៉ាវុទ្ធ យុវតី ស៊ុន រដ្ឋា និងលោក យឹម លាងហ៊ី សមាជិកនៃចលនាមាតាធម្មជាតិ ដែលកំពុងជាប់ឃុំបណ្ដោះអាសន្ននៅពន្ធនាគារ។
ភ្នំពេញ៖ សង្គមស៊ីវិល យល់ថា តុលាការនិងក្រសួងយុត្តិធម៌ គួរពិចារណាឲ្យអ្នកជាប់ឃុំបណ្ដោះអាសន្ន ដែលមានកម្រិតស្រាល និងជនងាយរងគ្រោះ ទទួលបានសិទ្ធិនៅក្រៅឃុំ ដើម្បីកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ។ ប៉ុន្តែតុលាការនិងក្រសួងយុត្តិធម៌ អះអាងថា គ្រប់ដំណើរការក្តី គឺអនុវត្តតាមនីតិវិធីច្បាប់ មិនមែនគិតតាមស្រមើស្រមៃឡើយ។


ក្រសួងយុត្តិធម៌បានប្រកាសឲ្យអនុវត្តការឃ្លាំមើលអ្នកទោសនៅក្រៅឃុំ កាលពីថ្ងៃទី១៤ កក្កដា ដើម្បីកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ មួយជំហានថែមទៀត ។ ការឃ្លាំមើលនេះ ក្រសួងសម្រេចបង្កើតគណៈកម្មការជាតិមួយ រួមទាំងប្រគល់សិទ្ធិឲ្យប្រធានតុលាការតាមរាជធានីខេត្ត សម្រេចឲ្យទណ្ឌិតណាមួយមានសិទ្ធិនៅក្រៅឃុំ។ 
 
ជុំវិញការដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារនេះ លោក អំ សំអាត នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលនៃអង្គការលីកាដូ ទទួលស្គាល់ថា ជារឿងល្អ ប៉ុន្តែវាមានលក្ខខណ្ឌលើកលែង និងវិធានការឃ្លាំមើល ហាក់ដូចជាតឹងរឹង ចំពោះអ្នកទោសណាមិនគោរពតាម។ 
 
ក្រៅពីមើលឃើញភាពវិជ្ជមាននេះ លោក សំអាត ក៏ទទូចឲ្យតុលាការនិងក្រសួងយុត្តិធម៌ ពិនិត្យលើអ្នកជាប់ឃុំបណ្ដោះអាសន្ន ឲ្យទទួលបានសិទ្ធិនៅក្រៅឃុំផងដែរ ពិសេសជងងាយរងគ្រោះ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក អំ សំអាត បាននិយាយដូច្នេះ៖«យើងជាអង្គការសង្គមស៊ីវិល យើងទទួលឲ្យតុលាការឬក្រសួងយុត្តិធម៌ លោកពិនិត្យឡើងវិញផងដែរ លើការឃុំខ្លួនបណ្ដោះអាសន្ន។ ប្រសិនគ្មានតម្រូវការចាំបាច់ទេក្នុងកាលៈទេសនេះ មិនគួរឃុំខ្លួនបណ្ដោះអាសន្ន ឬក៏ដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន។ មួយទៀតគឺ ត្រូវពិនិត្យមើលដែរ លើសកម្មជនការពារសិទ្ធមនុស្ស សកម្មជនបរិស្ថាន អ្នកមានជំងឺរ៉ាំរ៉ៃ ស្រី្តមានផ្ទៃពោះជាដើម ក៏គួរតែពិនិត្យឲ្យឆាប់ដែរ ពួកគាត់នៅក្រៅឃុំបណ្ដោះអាសន្ននៅអំឡុងពេកកូវីដ-១៩នេះ»។ 
 
តែយ៉ាងណាលោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា ការពិចារណាដោះលែងអ្នកជាប់ឃុំបណ្ដោះអាសន្នឲ្យនៅក្រៅឃុំនេះ មិនមែនស្ថិតក្រោមកិច្ចការក្រសួងនោះទេ គឺខាងតុលាការជាអ្នកសម្រេច។ «ទិដ្ឋភាពផ្លូវច្បាប់មិនអនុញ្ញាតឲ្យក្រសួងយុត្តិធម៌ទៅពិនិត្យលើការដោះលែងជនជាប់ឃុំណាមួយឲ្យក្រៅឃុំបណ្ដោះអាសន្នឡើយ។ ពាក់ព័ន្ធរបស់សម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅក្រៅឃុំនេះ គឺជាឆន្ទានុសិទ្ធិរបស់ចៅក្រមស៊ើបសួរ។ នេះបើតាមលោក គឹម សន្តិភាព ដែលបានសង្កត់ធ្ងន់ទៀតថា សង្គមស៊ីវិលទាំងអស់សូមកុំលើកឡើងតាមការនឹកឃើញ ដោយមិនបានពិនិត្យពីនីតិវិធីនៃច្បាប់។ 
 
ចំពោះការប្រកាសដាក់ឲ្យអនុវត្តវិធានការឃ្លាំងមើលអ្នកទោស ដែលត្រូវដោះលែងដោយភ្ជាប់ជាមួយនឹងលក្ខខណ្ឌ តាមរយៈប្រធានសាលាដំបូងធានី-ខេត្ត ក៏មិនត្រូវឆ្លៀតឱកាសទាញយកប្រយោជន៍ ឬរកលុយដូច«ត្រីងៀតឆ្លៀតពង»ដែរ។ ក្រសួងយុត្តិធម៌ នឹងតាមដានលើកិច្ចការនេះ ប្រសិនមានប្រធានសាលាដំបូង ប្រព្រឹត្តខុសវិធានការច្បាប់ ។ នេះបើតាមលោក គឹម សន្តិភាព ដែលបានបន្ថែមថា ការដោះលែង និងឃ្លាំងមើលនេះ គឺផ្ដោតលើទណ្ឌិត ឬអ្នកទោស ដែលប្រកាសសាលក្រមនៃសំណុំរឿងចប់សព្វគ្រប់ប៉ុណ្ណោះ មិនមែនអ្នកជាប់ឃុំបណ្ដោះអាសន្នឡើយ។ 
 
ដ្បិតមានការបកស្រាយបែបនេះក្តី តែលោក អំ សំអាត ក៏បានកត់សម្គាល់ឃើញថា អ្នកទោស និងអ្នកជាប់ឃុំដែលជាសកម្មជនបរិស្ថាន នយោបាយ និងសិទ្ធិមនុស្សកន្លងមក មិនសូវទទួលបានសិទ្ធិឲ្យនៅក្រៅឃុំឡើយ។ លើកលែងតែមានការចរចាគ្នាតាមរបៀបនយោបាយ។ 
 
នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលនៃអង្គការលីកាដូ ថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំសង្កេតឃើញថា អ្នកជាប់ឃុំដែលជាសកម្មជន បើចរចាតាមផ្លូវច្បាប់សុំនៅក្រៅឃុំមួយលើក ជាពីរលើកទៅដល់ឧទ្ធរណ៍ដូចជាពិបាក។ ប៉ុន្តែបើមានការចរចាគ្នាបែបនយោបាយ ឬការចរចាបែបពិសេសណាមួយឃើញថា ទាំងអស់នោះ មានអ្នកខ្លះបានអនុញ្ញាតឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន»។ 
ចំពោះបញ្ហានេះ លោក អ៊ី រិន្ទ ប្រធានលេខាធិការដ្ឋារដ្ឋបាលរាជធានីភ្នំពេញអះអាងថា ខាងតុលាការធ្វើការ និងសម្រេចក្ដីតាមនីតិវិធីនៃច្បាប់ គ្មានករណីរើសអើងដូចសង្គមស៊ីវិលលើកឡើងនោះទេ។ «មិនមានទេ(ការរើសអើងនៃការសម្រេចឲ្យនៅក្រៅឃុំ) យើងអនុវត្តដូចគ្នាចំពោះមុខច្បាប់ ខ្ញុំចង់បញ្ជាក់តែប៉ុណ្ណឹងទេ»។ នេះបើតាមការលើកឡើងយ៉ាងខ្លីរបស់ លោក អ៊ី រិន្ទ ហើយក៏បានចុចផ្ដាច់ទូរស័ព្ទ។ 
 
យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងកន្លងមកនេះ បានកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ ជាង៣,៩ករណីផងដែរ។ ក្នុងនោះអ្នកជាប់ឃុំ និងទណ្ឌិត ជាង១,៩ម៉ឺននាក់ ត្រូវបានដោះលែង ហើយក៏ត្រៀមដោះលែងជាង៧ពាន់នាក់ថែមទៀត។ ចំណែកមនុស្សជាង៤ពាន់នាក់ ត្រូវបានសម្រេចមិនឃុំខ្លួន ខណៈមនុស្សជាង៨ពាន់នាក់ទៀត ត្រូវបានបញ្ជូនទៅបន្សាបគ្រឿងញៀន ជំនួសឱ្យការចោទប្រកាន់៕
 
 

Tag:
 អ្នកជាប់ឃុំ
© រក្សាសិទ្ធិដោយ thmeythmey.com