ជាតិ
សង្គមជាតិ
ក្រសួងបរិស្ថានសាកល្បងគម្រោង«ស្រូវមិត្តក្រៀល»​ លើដី១៧ហិកតា ក្នុងខេត្តកំពត
24, Jul 2021 , 10:11 am        
រូបភាព
រូបភាពដោយ ក្រសួងបរិស្ថាន
រូបភាពដោយ ក្រសួងបរិស្ថាន
ដោយ: ថ្មីៗ
 
ដោយ៖ ប៉ូ សុភា

ភ្នំពេញ៖ ក្រសួងបរិស្ថាន និងអង្គការដៃគូកំពុងអនុវត្ត គម្រោង«ស្រូវមិត្តក្រៀល»នៅក្នុងតំបន់ការពារទេសភាព អន្លង់ព្រីង នៅលើផ្ទៃដីទំហំ ១៧ ហិកតា រយៈពេល ១០ឆ្នាំ។ គោលបំណងនៃការសាកល្បងដាំស្រូវឱ្យក្រៀលស៊ីនេះ ដើម្បីផ្តល់ប្រាក់ចំណូលបន្ថែម ដល់សហគមន៍មូលដ្ឋាន និងជួយ​អភិរក្សក្រៀលនៅកម្ពុជា ។


សត្វក្រៀលដែលជាប្រភេទសត្វស្លាបមួយ ដែលមានវត្តមាននៅតំបន់អាស៊ីអាគ្នេយ៍ ហើយត្រូវបានចាត់ជាប្រភេទសត្វស្លាបងាយរងគ្រោះ ក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ( IUCN Red List)។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា បច្ចុប្បន្ននេះ ក្រសួងបរិស្ថាន និងអង្គការដៃគូបាននឹងកំពុងអនុវត្តគម្រោងសាកល្បងធ្វើ«ស្រូវមិត្តក្រៀល» ដែលមានការចូលរួមពីកសិករមូលដ្ឋាន នៅជុំវិញតំបន់ការពារទេសភាពអន្លង់ព្រីង ក្នុងភូមិសាស្ត្រឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។ លោកបន្ដទៀតថា គម្រោងនេះ នឹងគោរពលក្ខខណ្ឌមិនបរបាញ់ មិនដាក់អន្ទាក់ ឬប្រើថ្នាំពុល ដើម្បីចាប់សត្វស្លាបឡើយ។ ជាពិសេសមិនពង្រីកដីដំណាំរបស់ខ្លួនលើតំបន់អភិរក្ស ខណៈស្រូវសរីរាង្គ ដែលដាំសម្រាប់សត្វក្រៀលនោះ មិនអនុញ្ញាតឱ្យប្រើប្រាស់ថ្នាំពុលកសិកម្ម និងជីគីមីឡើយ។

អ្នកនាំពាក្យរូបនេះ បញ្ជាក់ដូច្នេះ៖ «  ស្រែដែលបានជួលពីប្រជាពលរដ្ឋ នៅពេលស្រូវទុំ ប្រមាណជា ៥០ភាគរយ ត្រូវបានច្រូតនិងវេចខ្ចប់ដាក់លក់លើទីផ្សារ និងដោយឡែកប្រមាណ ៥០ភាគរយ ទៀត ត្រូវបានរក្សាទុកក្នុងស្រែ ដើម្បីជាចំណីបន្ថែមដល់សត្វក្រៀល និងជាចំណីរបស់ប្រភេទសត្វស្លាបផ្សេងទៀត»។

នាយកស្តីទីរបស់អង្គការជីវិតធម្មជាតិនៅកម្ពុជា និងជានាយកកម្មវិធីប្រចាំកម្ពុជារបស់អង្គការជីវិតសត្វស្លាបអន្តរជាតិលោក ប៊ូ វរសក្ស មានប្រសាសន៍ថា ការសាកល្បងលើគម្រោងនេះ អាចជាផ្នែកមួយជួយអភិរក្ស និងការពារសម្រាប់ការគាំទ្រការរស់នៅ និងការបន្ដពូជរបស់សត្វកម្រប្រភេទនេះ នៅទីតាំងដែលជាប្រភពចំណីមានសុវត្តិភាព។

«  ប្រជាពលរដ្ឋនៅតំបន់នេះបានចូលរួមជាមួយគម្រោង ស្រូវមិត្តក្រៀល ហើយចំនួនកសិករដែលនឹងអនុវត្តគម្រោងនេះនឹងមានចំនួនកើនឡើងក្នុងឆ្នាំខាងមុខ»។ នេះជាការបញ្ជាក់របស់លោក វរសក្ស។
 
ចំពោះ លោក Marc Hoogeslag អ្នកសម្របសម្រួលកម្មវិធីនៃអង្គការ IUCN-Netherland បាននិយាយថា ដើម្បីកាត់បន្ថយសម្ពាធពីការប្រើប្រាស់ធនធានធម្មជាតិហួសកម្រិត គឺតម្រូវឱ្យយើងស្វែងរកតុល្យភាព រវាងតម្រូវការរបស់មនុស្សនិងសត្វ។ សម្រាប់លោក Marc Hoogeslag  គម្រោងស្រូវមិត្តក្រៀលនេះ អាចជាផ្នែកមួយជួយ លើកទឹកចិត្តឱ្យកសិករ ចូលរួមការអភិរក្សសត្វស្លាបព្រៃ ដែលកំពុងរងគ្រោះនៅលើសកលលោកផងដែរ។
 
កសិករនៅភូមិកោះចម្ការ លោក តឹប ខាយ ដែលបានចូលរួមជាមួយគម្រោងស្រូវមិត្តក្រៀលសាកល្បងនេះ បានរៀបរាប់ថា ការធ្វើស្រូវមិត្តក្រៀលនេះ មិនប្រើប្រាស់ជីនិងថ្នាំគីមី ដែលធ្វើឱ្យសត្វក្រៀលមានចំណីស៊ីច្រើនជាងមុន។ បើតាមលោក ខាយ គម្រោងនេះ ក៏បានផ្ដល់ចំណូលបន្ថែមដល់គ្រួសារលោកទៀតផង។ «ការធ្វើស្រូវមិត្តក្រៀល អាចជួយដល់ការអភិរក្សសត្វក្រៀល និងទាក់ទាញភ្ញៀវទេចរមកមើលសត្វក្រៀល ទេសភាពធម្មជាតិ និងវប្បធម៌នៅតំបន់យើងទៀតផងដែរ»។ នេះបើតាមកសិករនៅភូមិកោះចម្ការ នៅឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត៕



Tag:
 ក្រសួងបរិស្ថាន
  ដាំស្រូវ ដើម្បីក្រៀល
© រក្សាសិទ្ធិដោយ thmeythmey.com