ជាតិ
ខេត្ត៤ នៅអមមាត់ទន្លេមេគង្គលើ នឹងអាចជន់លិច
27, Jul 2021 , 8:59 am        
រូបភាព
ដោយ៖ ប៉ូ សុភា

ភ្នំពេញ៖ ទឹកទន្លេមេគង្គ នឹងបន្តឡើង ចន្លោះ៣ទៅ៤ថ្ងៃទៀត ដែលអាចបណ្ដាលឱ្យតំបន់ទំនាបអបមាត់ទន្លេមេគង្គលើ មានការជន់លិច។ នេះបើតាមការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៦ ខែកក្កដា ។ 



ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ព្យុះទី៧ និងឥទ្ធិពលនៃព្យុះផ្សេងៗ រួមទាំងប្រព័ន្ធនានា ដែលមានឥទ្ធិពលមកលើអាងទន្លេមេគង្គ បានធ្វើឱ្យមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរ ទៅច្រើន ក្នុងអាងទន្លេមេគង្គភាគខាងលើ នៅប្រទេសចិន ថៃ ឡាវ និងតំបន់ខ្ពង់រាបភាគឦសានប្រទេសកម្ពុជា។
 
ការព្យាករដដែល បន្តថា ស្ថានភាពបែបនេះ បានធ្វើឱ្យទឹកទន្លេមេគង្គឡើងខ្ពស់ជាបន្តបន្ទាប់ ដែលអាចបណ្ដាលឱ្យជន់លិចខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម និងខេត្តត្បូងឃ្មុំ ដែលនៅអមតាមដងទន្លេ។


 
បើតាមក្រសួងធនធានទឹក ការហក់ឡើងនេះ មិនទាន់ដល់កម្រិតកម្ពស់ ដែលត្រូវឱ្យមានការប្រុងប្រយ័ត្ននៅឡើយទេ។ ក្រសួងធនធានទឹក ក៏អំពាវនាវដល់សាធារណជន និងអាជ្ញាធរដែនដីពាក់ព័ន្ធ ពិសេសប្រជាពលរដ្ឋដែលរស់នៅអមតាមមាត់ទន្លេមេគង្គ និងតំបន់ទំនាបនានា ត្រូវប្រុងប្រយ័ត្នប្រមូលកសិផលរបស់ខ្លួនឱ្យទាន់ពេលវេលា និងត្រៀមខ្លួនទុកជាមុន ដើម្បីចៀសវាងគ្រោះថ្នាក់ដែលកើតឡើងជាយថាហេតុ៕
 

Tag:
 អាកាសធាតុ
  ព្យុះទី៧ សេមប៉ាកា
  អាងទន្លេមេគង្គ
© រក្សាសិទ្ធិដោយ thmeythmey.com