ជាតិ
ទូតឥណ្ឌា ស្នើឱ្យកម្ពុជា ពិនិត្យលើសាច់ក្របី ដែលរកឃើញមានកូវីដ-១៩ ម្ដងទៀត
27, Jul 2021 , 3:53 pm        
រូបភាព
លោកស្រី ទេវ្យានី ខូប្រាកាដេ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា (រូបពីស្ថានទូត)
លោកស្រី ទេវ្យានី ខូប្រាកាដេ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា (រូបពីស្ថានទូត)
ភ្នំពេញ៖ ទូតឥណ្ឌា ស្នើឱ្យកម្ពុជា ពិនិត្យលើសាច់ក្របី ដែលរកឃើញមានកូវីដ-១៩ ម្ដងទៀត។ សំណើទូតឥណ្ឌានេះ ធ្វើឡើងស្របពេលដែលអាជ្ញាធរកម្ពុជា ត្រៀមយកសាច់ក្របីដែលនាំចូលពីឥណ្ឌា ហើយរកឃើញមានផ្ទុកមេរោគកូវីដ-១៩នេះ ទៅដុតចោលនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៧ កក្កដា។


ឥណ្ឌា ហាក់មិនអស់ចិត្តថា សាច់ក្របី ដែលចេញពីឥណ្ឌាមកកម្ពុជា មានវីរុសកូវីដ-១៩ នោះទេ។ តាមរយៈលិខិតទូតឥណ្ឌា ដែលផ្ញើមកសារព័ត៌មានថ្មីៗ បានបញ្ជាក់ថា សាច់ក្របី ដែលកម្ពុជា រកឃើញកូវីដ-១៩ នេះ គឺមានការត្រួតពិនិត្យពីមន្ទីរពិសោធន៍ឥណ្ឌា ស្របតាមស្ដង់ដារISO ត្រឹមត្រូវ ។ បើតាមទូតឥណ្ឌា មុននាំចេញមកកម្ពុជា គឺសាច់ក្របីទាំងនោះ ត្រូវបានរកឃើញអវិជ្ជមានកូវីដ-១៩។
 
លិខិតស្ថានទូតឥណ្ឌា បានសរសេរដូច្នេះថា៖« នៅក្នុងទិដ្ឋភាពនៃលទ្ធផល(សាច់ក្របី) ផ្ទុយគ្នារវាងឥណ្ឌា និងកម្ពុជានេះ , អ្នកជំនាញឥណ្ឌា តាមរយៈស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងអ្នកនាំចូលសាច់ក្របីមកកម្ពុជា បានស្នើសុំឱ្យក្រសួងសុខាភិបាល និងគណៈកម្មាធិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ធ្វើតេស្តលើសាច់ថ្មីៗ ពីកុងតឺន័រតែមួយ ដើម្បីបញ្ជាក់លទ្ធផលនៃការធ្វើតេស្ត។ ហើយប្រសិនបើអាច យកសាច់ក្របីនោះ ធ្វើតេស្តនៅក្នុងមន្ទីរពិសោធន៍ទំនើបមួយនៅប្រទេសសិង្ហបុរី»។
 
បន្ថែមពីនេះ ស្ថានទូតឥណ្ឌា បានពន្យល់ទៀតថា សាច់ក្របីនេះ ត្រូវបាននាំចេញពីប្រទេសឥណ្ឌា តាំងពីខែមេសា ហើយនាំមកដល់កម្ពុជានៅខែកក្កដា ។ ដូច្នេះវាគ្មានភ័ស្តុតាងវិទ្យាសាស្ត្របង្ហាញថា វីរុសកូវីដ-១៩ អាចរស់បានលើសម្ភារវេចខ្ចប់អាហារ និងចំណីអាហារ ក្នុងរយៈពេលជិត ៣ ខែនេះទេ។
 
ជាមួយគ្នានេះ ទូតឥណ្ឌា ព្យាយាមពន្យល់ទៀតថា កូវីដ-១៩ គឺជាជំងឺផ្លូវដង្ហើម ដែលឆ្លងតាមរយៈការទំនាក់ទំនងពីមនុស្សម្នាក់ទៅម្នាក់ទៀត ហើយក៏មិនមានភ័ស្តុតាងណាមួយបញ្ជាក់ពីវីរុសនេះ អាចចម្លងតាមរយៈការវេចខ្ចប់អាហារ ឬចំណីអាហារដែរ។
 
«រហូតមកដល់ពេលនេះ មិនមានប្រទេសណាមួយនៅលើពិភពលោក ដែលធ្លាប់បានរាយការណ៍ ទាក់ទងនឹងវីរុសកូរ៉ូណានៅក្នុងអាហារក្លាស្សេ ឬវេចខ្ចប់ ឬផ្ទៃខាងលើនៃសំបកវេចខ្ចប់ឡើយ»។ នេះជាការលើកឡើងរបស់ឥណ្ឌា ដែលអះអាងថា ខ្លួនមានការគ្រប់គ្រងទំនិញនាំចេញ ប្រកបដោយគុណភាពខ្ពស់។
 
កម្ពុជា រកឃើញសាច់ក្របីបង្កកចំនួន៣កុងតឺន័រ ក្នុងចំណោម៥កុងតឺន័រ ដែលនាំចូលពីប្រទេសឥណ្ឌា មានផ្ទុកមេរោគកូវីដ-១៩។ សាច់ក្របីបង្កក ដែលមានផ្ទុកមេរោគកូវីដ-១៩នេះ  គឺនាំចូលដោយក្រុមហ៊ុន ASHARY INVESTMENT & CONSTRUCTION និងក្រុមហ៊ុន BOVINI FOOD។ សាច់ក្របីទាំងនេះ ត្រូវយកទៅដុតចោលនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៧ កក្កដា។ នេះបើយោងតាមលិខិតរបស់លោក ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល។
 
សារព័ត៌មានថ្មីៗ មិនអាចទាក់ទងលោក ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល ដើម្បីឆ្លើយតបនឹងសំណើរបស់ស្ថានទូតឥណ្ឌា ដែលស្នើសុំឱ្យពិនិត្យលើគុណភាពសាច់ក្របីឡើងវិញនោះទេ។
អត្ថបទទាក់ទង

 
ដោយឡែកលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់សារព័ត៌មានThmeyThmey តាមទូរសព្ទ នាព្រឹកថ្ងៃទី២៧កក្កដា ថា មកដល់ពេលនេះ ខាងអាជ្ញាធរខេត្តកំពង់ស្ពឺ គឺមិនទាន់ទទួលបាន នូវសាច់ក្របីបង្កក ដែលមានផ្ទុកមេរោគកូវីដ-១៩ ដើម្បីយកមកដុតចោលនៅឡើយ៕

Tag:
 សាច់ក្របី
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com