ជាតិ
សង្គមជាតិ
ក្រោយបានពាននាយកឆ្នើម លោក អឿម ឃឿម តាំងចិត្តដឹកនាំវិទ្យាល័យនេត យ៉ង់ ឲ្យទៅជាសាលាឆ្នើម
28, Jul 2021 , 8:59 am        
រូបភាព
លោក អឿម ឃឿម នាយកវិទ្យាល័យនេតយ៉ង់ ខេត្តបាត់ដំបង
លោក អឿម ឃឿម នាយកវិទ្យាល័យនេតយ៉ង់ ខេត្តបាត់ដំបង
ដោយ:
ក្រោយគ្រប់គ្រងវិទ្យាល័យនេតយ៉ង់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មិនទាន់បានពីរឆ្នាំពេញលេញផង លោក អឿម ឃឿម បានក្លាយជាម្ចាស់ពាននាយកសាលាឆ្នើមនៃពានរង្វាន់សម្តេច ហ៊ុន សែន ប្រចាំឆ្នាំសិក្សា ២០១៩-២០២០ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា។ កន្លងមក លោកក៏ធ្លាប់បានពានរង្វាន់ អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ កាលលោកនៅជានាយករងវិទ្យាល័យពេជ្រចិន្តាផងដែរ។ ក្នុងនាមជាជ័យលាភីនាយកសាលាឆ្នើមក្នុងបរិបទកូវីដ-១៩ លោកនាយក  អឿម ឃឿម តាំងចិត្តដឹកនាំសាលានេតយ៉ង់ ឲ្យក្លាយជាវិទ្យាល័យគំរូមួយ។

 

ខាងក្រោមនេះ ជាបទសម្ភាសរវាងកញ្ញា សៅ សុខអេង អ្នកសារព័ត៌មានថ្មីៗ និងលោកនាយក អឿម ឃឿម៖
 
 
កញ្ញា សៅ សុខអេង៖ ជាម្ចាស់ពានរង្វាន់នាយកសាលាឆ្នើមប្រចាំឆ្នាំ អមដោយថវិកា៧លានរៀល តើពានរង្វាន់នេះ មានតម្លៃយ៉ាងណាដែរចំពោះលោកគ្រូផ្ទាល់?
 
លោក អឿម ឃឿម៖ ពានរង្វាន់នេះ ពិតជាមានតម្លៃធំធេងណាស់សម្រាប់រូបខ្ញុំ រួមទាំង សម្រាប់ លោកគ្រូអ្នកគ្រូនៅវិទ្យាល័យនេតយ៉ង់នេះ។ វាក៏ជាមុខមាត់មួយសម្រាប់ខេត្តបាត់ដំបង សម្រាប់ប្រធានមន្ទីរ អប់រំខេត្ត សម្រាប់សិស្សានុសិស្ស និងបុគ្គលិកនៅក្នុងវិទ្យាល័យនេតយ៉ង់ទាំងមូលផងដែរ។ 
 
កញ្ញា សៅ សុខអេង៖ តើអ្វីជាលក្ខណៈសម្បត្តិ ឬស្នាដៃចម្បង ដែលធ្វើឲ្យលោកគ្រូក្លាយជានាយកសាលា ឆ្នើមមួយរូបក្នុងបរិបទកូវីដ-១៩នេះ?
 
លោក អឿម ឃឿម៖ នៅក្នុងហ្នឹងគឺយើងមានសូចនាករជាច្រើន ដែលយើងត្រូវវាយតម្លៃថា អនុវត្តពីចំណុច ណាទៅចំណុចណា។ ក្នុងបរិបទកូវីដ-១៩ យើងបានរៀបចំកម្មវិធីបង្រៀនពីចម្ងាយដល់សិស្សានុសិស្ស។ ជាពិសេសយើងបានរៀបចំជាតារាងកាលវិភាគសម្រាប់លោកគ្រូអ្នកគ្រូពីការបង្រៀនតាមអនឡាញដោយរលូន។ 
 
 
កញ្ញា សៅ សុខអេង៖ មុនពេលដែលកូវីដ-១៩ រាតត្បាតខ្លាំង តើលោកនាយកបានដឹកនាំសាលារៀន គ្រូបង្រៀន និងសិស្សយ៉ាងដូចម្តេច?
 
លោក អឿម ឃឿម៖ មុនកូវីដ-១៩ គឺយើងបានបែងចែកតាមភារកិច្ច និងតួនាទីរបស់គណៈគ្រប់គ្រងតាម តួនាទីរបស់លោកគ្រូអ្នកគ្រូ តាមប្រធានក្រុមបច្ចេកទេស និងតាមក្រុមមុខវិជ្ជានីមួយៗ។ យើងមានរៀបចំ ផែនការសកម្មភាពជារៀងរាល់ខែ និងធ្វើផែនការសកម្មភាពដើមឆ្នាំដើម្បីឆ្លើយតប ជាមួយនឹង ផែនការ អភិវឌ្ឍសាលា។ យើងមានវត្ថុបំណងថាចង់ឲ្យសាលារៀនដល់ចំណុចណា។ យើងប្រជុំពិភាក្សាជាមួយអ្នកគ្រូ លោកគ្រូ ជារៀងរាល់ខែថាតើយើងទៅដល់ចំណុចណាហើយ។ យើងបានពិភាក្សា ហើយឲ្យគាត់ដោះស្រាយ រាល់បញ្ហាដែលគាត់ជួបប្រទះ។ យើងបានជួបពិភាក្សាយ៉ាងជិតស្និទ្ធ និងមានភាពទទួលខុសត្រូវខ្ពស់។ នេះជាសកម្មភាពដែលយើងធ្វើការផ្ទាល់ ជាមួយពួកគាត់មុនកូវីដ-១៩មិនទាន់កើតឡើង។ 
 
ចំពោះអាណាព្យាបាលវិញ គឺយើងតែងតែផ្តល់ព័ត៌មានអំពីកូនរបស់ពួកគាត់ នៅពេល ដែលកូនពួកគាត់ មិនបានមករៀន។ យើងមានក្រុមផ្តល់ និងទទួលសេវាដល់ឪពុកម្តាយ។ ចំពោះសាលារៀនវិញ គឺយើងមាន ការរៀបចំបរិស្ថាន និងគ្រប់គ្រង ដើម្បីធ្វើយ៉ាងណាឲ្យសាលារបស់យើងគ្មានសំរាម។ ចំពោះលោកគ្រូអ្នកគ្រូ គឺត្រូវតែប្រជុំបច្ចេកទេសមួយខែម្តង ដើម្បីរកចំណុចខ្លាំង និងចំណុចខ្សោយថាហេតុអ្វីបានជាពួកគាត់មិន បានសម្រេចគោលបំណងនៅក្នុងមួយម៉ោងសិក្សាហ្នឹង។ ដូច្នេះគឺយើងត្រូវប្រជុំបច្ចេកទេសដើម្បីកែតម្រូវ ឲ្យការបង្រៀនប្រកបដោយប្រសិទ្ធភាព។ យើងមានអធិការកិច្ចផ្ទៃក្នុង និងផ្ទៃក្រៅ។ ខ្ញុំជានាយកសាលា គឺខ្ញុំត្រូវត្រួតពិនិត្យ ដើរតាមបន្ទប់ថ្នាក់រៀន ថាតើគ្រូបង្រៀនជួបបញ្ហាអ្វី និងបានសម្រេចគោលបំណងអ្វីខ្លះ។ 
 
កញ្ញា សៅ សុខអេង៖ ក្នុងបរិបទកូវីដ-១៩នេះវិញ តើលោកគ្រូបានដឹកនាំសាលារៀន គ្រូ និងសិស្សយ៉ាងដូចម្តេច? 
 
លោក អឿម ឃឿម៖ ការដឹកនាំសាលារៀនក្នុងសម័យកូវីដ-១៩នេះ គឺយើងធ្វើផែនការដឹកនាំសាលាដូចគ្នា។ ដោយសារសម័យកូវីដ-១៨ ដូច្នេះការបង្រៀនតាមអនឡាញរបស់គ្រូមួយចំនួន គឺគាត់មានបញ្ហាលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា។ អ៊ីចឹងយើងត្រូវតែធ្វើផែនការមួយយ៉ាងច្បាស់ថា គឺត្រូវតែរៀបចំផែនការសម្រាប់បំប៉នសមត្ថភាពរបស់គ្រូលើការប្រើប្រាស់បច្ចេកវិទ្យា។ មុនយើងធ្វើការរៀបចំបង្រៀនតាមអនឡាញ គឺយើងត្រូវតែទម្លាក់សំណួរ គឺយើងធ្វើតាមកម្មវិធី Google Form ដើម្បីឲ្យដឹងលោកគ្រូអ្នកគ្រូមានបញ្ហាអ្វីខ្លះលើប្រព័ន្ធបច្ចេកវិទ្យា។ ពេលដែលយើងរកឃើញបញ្ហាហ្នឹងហើយ គឺយើងចាប់ផ្តើមបំប៉ន និងបណ្តុះបណ្តាលគ្រូឲ្យចេះប្រើបច្ចេកវិទ្យាសម្រាប់បង្រៀន។ បន្ទាប់មកយើងបង្រៀន និងបណ្តុះបណ្តាលគ្រូឲ្យចេះធ្វើវិញ្ញាសាតាមប្រព័ន្ធGoogle Form និងបង្រៀនឲ្យសិស្សប្រឡងតាមGoogle Form។ ដូច្នេះយើងកែប្រែពីការប្រឡងបែបបុរាណឲ្យក្លាយជាបែបសម័យ។ 
 
 
កញ្ញា សៅ សុខអេង៖ អំឡុងគ្រូបង្រៀនតាមអនឡាញ តើគ្រូ និងសិស្សជួបបញ្ហាអ្វីខ្លះ? អ្វីជាដំណោះស្រាយ ដែលលោកគ្រូប្រើប្រាស់ដើម្បីឆ្លើយតបនឹងផលលំបាកទាំងនោះ?
 
លោក អឿម ឃឿម៖ ទោះអនុវត្តបានពីរឆ្នាំហើយក៏ដោយ ប៉ុន្តែការបង្រៀនតាមអនឡាញគឺនៅ តែជារឿងថ្មី សម្រាប់ពួកគាត់។ ដោយសារគ្រូខ្លះគាត់មានវ័យចំណាស់ ហើយគ្រូខ្លះគាត់អត់ចេះប្រើបច្ចេកវិទ្យា និងកុំព្យូទ័រ ។ ដូច្នេះយើងបាន សហការជាមួយគ្រូព័ត៌មានវិទ្យាជួយបង្រៀនពួកគាត់ពីការប្រើប្រាស់កម្មវិធីក្នុងកុំព្យូទ័រ។ ដូច្នេះបញ្ហាទាំងនេះ គឺលែងមានចំពោះគាត់ទៀតហើយ។ បច្ចុប្បន្នគឺគ្រូសឹងតែ៩៧ភាគរយ ហើយដែល ពួកគាត់ បានយល់ច្បាស់ពី ការប្រើប្រាស់បច្ចេកវិទ្យា។ នៅសល់តែគ្រូ៣ភាគរយទៀតដែលយើងត្រូវតែ ព្យាយាមបំប៉នពួកគាត់ បន្ថែមទៀត។ គឺយើងអត់ទុកពួកគាត់ចោលឡើយ។ គ្រូដែលអត់មានទូរសព្ទ ឬកុំព្យូទ័រសម្រាប់បង្រៀន គឺយើងមាន Tablet ឲ្យគ្រូខ្ចី។ សម្រាប់សិស្សដែលអត់ទូរសព្ទសម្រាប់រៀន គឺយើងកៀរគររកសប្បុរសជន ដើម្បីដោះស្រាយជូនពួកគាត់។  
 
បញ្ហាមួយទៀតដែលមានផលលំបាកច្រើននោះគឺការរៀបចំការប្រឡងប្រចាំខែ ដោយសារសិស្សទាំងអស់ គឺនៅតំបន់ឆ្ងាយ ហើយលោកគ្រូអ្នកគ្រូក៏មានបញ្ហាដែរ។ ដូច្នេះយើងបានបង្កើត៨គណៈកម្មាការដើម្បីបង្រៀន ពួកគាត់ពីការប្រើប្រាស់បច្ចេកវិទ្យា។ គណៈកម្មាការនីមួយៗគឺពួកគាត់ទទួលបន្ទុកទៅតាមកម្រិតថ្នាក់នីមួយៗ និងមានគណៈកម្មាការផ្នែកវិទ្យាសាស្ត្រថ្នាក់ទី១២ និងផ្នែកវិទ្យាសាស្ត្រសង្គមថ្នាក់ទី១២។ គណៈកម្មាការទាំង អស់គឺពួកគាត់មានតួនាទីច្បាស់លាស់ គឺពួកគាត់ត្រូវតែបង្កើតក្រុមទំនាក់ទំនង ទៅឪពុកម្តាយសិស្ស និងគ្រូ។ យើងមានគណៈកម្មាធិការពិសេសមួយទៀតសម្រាប់ទទួល បន្ទុកសម្របសម្រួល ដោះស្រាយលើបញ្ហា ទាក់ទងនឹងការប្រើប្រាស់បច្ចេកវិទ្យា និងចែករំលែកចំណេះដឹងថ្មីដែលគាត់រកឃើញ ទៅគណៈកម្មាការដទៃទៀត។
 
កញ្ញា សៅ សុខអេង៖ វិស័យអប់រំកំពុងឆ្ពោះទៅបច្ចេកវិទ្យាទំនើប តើលោកគ្រូមានវិធីសាស្ត្រដឹកនាំ និងរៀបចំការបង្រៀន ក៏ដូចជាការរៀនសូត្រតាមប្រព័ន្ធបច្ចេកវិទ្យាដូចម្តេចដែរដើម្បីឲ្យមានប្រសិទ្ធភាព?
 
 
លោក អឿម ឃឿម៖ ដើម្បីឲ្យសិស្សគាត់បានចូលរៀនតាមអនឡាញប្រកបដោយប្រសិទ្ធភាព និងឲ្យដឹងពីវត្តមានសិស្សណាចូលរៀន និងមិនចូលរៀន គឺយើងប្រើ Google Sheet ដើម្បីឲ្យលោកគ្រូ អ្នកគ្រូចូលទៅត្រួតពិនិត្យលើការដាក់អវត្តមានសិស្ស និងដាក់ពិន្ទុទៅឲ្យសិស្ស។ ពេលសិស្សណាម្នាក់អវត្តមានគឺយើងមានគ្រូសម្រាប់ទាក់ទងទៅឪពុកម្តាយ និងផ្តល់ព័ត៌មានពីការសិក្សាកូនទៅអាណាព្យាបាលវិញ។ 
 
ការរៀនតាមអនឡាញគឺយើងទទួលបានតែប្រសិទ្ធផល ប៉ុន្តែខ្វះប្រសិទ្ធភាព។ អ៊ីចឹងដើម្បីឲ្យការបង្រៀន និងការរៀនទទួលបានទាំងប្រសិទ្ធផល និងប្រសិទ្ធភាព។ អ៊ីចឹងខាងសាលារបស់ខ្ញុំគឺបានបែងចែកការបង្រៀនតាមអនឡាញ ដើម្បីជំរុញ និងលើកទឹកចិត្តឲ្យសិស្សបានចូលរៀនពេញលេញ។ បើសិស្សចូលរៀនតាមប្រព័ន្ធអនឡាញ គឺយើងនឹងឲ្យពិន្ទុពួកគាត់៣០ភាគរយលើការប្រឡង ដើម្បីជំរុញឲ្យពួកគាត់ចូលរៀនតាមអនឡាញ។ យើងនឹងផ្តល់ពិន្ទុ១០ភាគរយបន្ថែមទៀតសម្រាប់សិស្សដែលសកម្មក្នុងថ្នាក់ និងកិច្ចការផ្ទះ១០ភាគរយទៀត។
 
 
កញ្ញា សៅ សុខអេង៖ តើអ្វីដែលជាចក្ខុវិស័យ និងបេសកកម្មចម្បងបំផុតសម្រាប់វិទ្យាល័យនេតយ៉ង់?
 
លោក អឿម ឃឿម៖ ខ្ញុំមានចក្ខុវិស័យ និងបេសកកម្មទៅមុខទៀតសម្រាប់សាលារបស់ខ្ញុំ ដោយទី១ គឺខ្ញុំត្រូវ តែពង្រឹងទៅលើបំណិនរបស់សិស្សានុសិស្សដែលផ្តោតលើ Soft Skill និងHard Skill។ យើងត្រូវធ្វើយ៉ាងម៉េច នៅពេលដែលសិស្សនៅសាលាយើងពេលបញ្ចប់ការសិក្សា គឺពួកគាត់មានជំនាញទាំងពីរនេះតែម្តង។ ហើយខ្ញុំនឹងលើក ទឹកចិត្តគ្រូឲ្យរៀនពេញមួយជីវិតលើប្រព័ន្ធបច្ចេកវិទ្យា។ ជាពិសេសខ្ញុំមានមហិច្ឆតា ចង់កែប្រែសាលារៀននេតយ៉ង់ឲ្យក្លាយជាសាលាគំរូទូទាំងប្រទេសដែលផ្តោតទៅលើការសិក្សារបស់ក្មេង និងការផ្តល់សេវាដល់សិស្សានុសិស្ស និងឪពុកម្តាយ៕ 
 


លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រួមទាំងលោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង និងលោកអឿម ឃឿម នាយកវិទ្យាល័យនេតយ៉ង់ ចុះត្រួតពិនិត្យការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ និងការសាងសង់អគារសិក្សាថ្មីនៅវិទ្យាល័យនេតយ៉ង់​ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com