COVID-19
ជាតិ
ឧត្តរមានជ័យ រកឃើញ១៨៨នាក់ ឯសៀមរាបមាន៩៨នាក់ និងស្លាប់៣នាក់
28, Jul 2021 , 10:16 am        
រូបភាព
ដោយ: ថ្មីៗ
ខេត្តឧត្តរមានជ័យ ប បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៨៨នាក់ទៀត ក្នុងនោះ ១៨៥នាក់ជាករណីនាំចូលពីប្រទេសថៃ។ ខេត្តសៀមរាប ក៏មានករណីថ្មី ៩៨នាក់ទៀតដែរ ខណៈអ្នកស្លាប់មាន៣នាក់បន្ថែម។ ខេត្តកោះកុង ក៏រកឃើញអ្នកឆ្លងថ្មីចំនួន៤៨នាក់បន្ថែមដែរ។

 
ឧត្តរមានជ័យ៖ រកឃើញ១៨៨នាក់បន្ថែម ជា២៦នាក់
 
ខេត្តឧត្តរមានជ័យ បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៨៨នាក់ទៀត ក្នុងនោះ ១៨៥នាក់ជាពលករដែលទើបត្រឡប់មកពីប្រទេសថៃ និងពលករដែលកំពុងធ្វើចត្តាឡីស័ក។ អ្នកជាសះស្បើយមានចំនួន ២៦នាក់បន្ថែម។  គិតត្រឹមថ្ងៃទី២៧ កក្កដា ខេត្តឧត្តរមានជ័យ មានអ្នកឆ្លងកូវីដ-១៩ ចំនួន៤,៣៦៥នាក់ ក្នុងនោះ ចំនួន៤,០៦៨នាក់ជាករណីនាំចូល។ អ្នកជាសះស្បើយចំនួន ៧១១នាក់ ស្លាប់៨នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៣,៦៤៥នាក់។
 
សៀមរាប៖ ឆ្លងថ្មី ៩៨នាក់ ជា៧១នាក់ ស្លាប់៣នាក់
 
មនុស្សចំនួន ៩៨នាក់ទៀត មានវិជ្ជមានកូវីដ-១៩ ក្នុងនោះករណីនាំចូលពីប្រទេសថៃ មាន ចំនួន៦៤នាក់។ អ្នកជាសះស្បើយបន្ថែមមាន ៧១នាក់ និងករណីស្លាប់មាន៣នាក់ទៀត។ អ្នកវិជ្ជមានទាំងនោះ មានអ្នករស់នៅក្រុងសៀមរាប, ស្រុកអង្គរជុំ,បន្ទាយស្រី, ប្រាសាទបាគង, ក្រឡាញ់, ស្រីស្នំ, ជីក្រែង, សូទ្រនិគម និងស្រុកវ៉ារិន។ អ្នកវិជ្ជមានមួយចំនួនទៀតជាអ្នកខេត្តបាត់ដំបង ,បន្ទាយមានជ័យ, ពោធិ៍សាត់, កំពង់ធំ,តាកែវ, កំពត,កំពង់ស្ពឺ, ព្រៃវែង និងខេត្តកំពង់ចាម។ 
 
ចំពោះករណីស្លាប់ មានបុរសវ័យ ៨២ឆ្នាំ រស់ភូមិព្រៃប្រស់ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ស្ត្រីវ័យ ៥៧ឆ្នាំ រស់នៅភូមិទំរឹង ឃុំរើល ស្រុកពួក ខេត្តសៀមរាប និងម្នាក់ទៀតជាបុរសវ័យ ៧៥ឆ្នាំ រស់នៅភូមិថ្មី ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។ 
 
បច្ចុប្បន្ន ខេត្តសៀមរាប មានអ្នកវិជ្ជមានកូវីដ-១៩ សរុប ៤.០២០នាក់ ក្នុងនោះមាន ២.០៩៥នាក់បានជាសះស្បើយ ៤៥នាក់ស្លាប់ និង១.៨៨០នាក់ កំពុងសម្រាកព្យាបាល។

កោះកុង៖ មាន៤៨នាក់ទៀត និង៩២នាក់ជាសះស្បើយ
 
អ្នកជំងឺចំនួន ៩២នាក់ ទៀតបានជាសះស្បើយ ខណៈករណីឆ្លងថ្មីមានចំនួន ៤៨នាក់ទៀត ក្នុងនោះមានទារក និងកុមារ ១០នាក់។ អ្នកវិជ្ជមានទាំងនោះជាអ្នករស់នៅក្រុងខេមរភូមិន្ទ, ស្រុកមណ្ឌលសីមា, ស្រុកគិរីសាគរ និងស្រុកបូទុមសាគរ។ 
 
 
 

Tag:
 ឧត្តរមានជ័យ
 សៀមរាប
 កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com