អន្តរជាតិ
មនុស្សរាប់ពាន់នាក់អស់ទីជម្រក ខណៈទឹកជំនន់បំផ្លាញជំរំរ៉ូហ៊ីងយ៉ានៅបង់ក្លាដែស
29, Jul 2021 , 8:29 pm        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ៖ឈួស៊ាវយីងជាវ

ភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ បានវាយប្រហារជម្រកជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅភាគខាងត្បូងរបស់បង់ក្លាដែស និងបង្ខំឱ្យមនុស្សរាប់ពាន់នាក់ជម្លៀសខ្លួនទៅរស់នៅតាមជម្រកសហគមន៍។ នេះបើតាមការចេញផ្សាយពីទីភ្នាក់ងារ AP នៅថ្ងៃទី២៩ ខែកក្កដាដោយស្រង់របាយការណ៍ទីភ្នាក់ជនភៀសខ្លួន។


ត្រឹមតែ២៤ម៉ោងចុងក្រោយដល់ថ្ងៃទី២៨ ខែកក្កដា កម្រិតទឹកភ្លៀងយ៉ាងហោច៣០សង់ទីម៉ែត្របានធ្លាក់លើជំរំជនភៀសខ្លួនក្នុងស្រុក Cox’s Bazar ដែលមានជនភៀសខ្លួនរ៉ូហ៊ីងយ៉ារស់នៅច្រើនជាង៨០ម៉ឺននាក់។ នេះបើតាមការបញ្ជាក់ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ។
 
កម្រិតភ្លៀងធ្លាក់ខ្លាំងត្រូវបានប៉ាន់ស្មានថា នឹងបន្តកើតឡើងក្នុងរយៈពេលពីរបីថ្ងៃទៀត ស្របរដូវមូសុងវស្សា បន្តអូសបន្លាយរហូតដល់៣ខែ។ មនុស្ស៦នាក់ហើយបានបង់ជីវិតក្នុងគ្រោះធម្មជាតិនេះ ដោយ៥នាក់ស្លាប់ដោយសារហេតុការណ៍បាក់ដី និងក្មេងម្នាក់ហូរទៅតាមទឹកជន់។
 
របាយការណ៍ពីឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនអះអាងថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាចំនួន១២០០០នាក់ រងផលប៉ះពាល់ពីភ្លៀងធ្លាក់ដ៏ខ្លាំងនេះ។ ជម្រកប្រមាណ២៥០០កន្លែងរងការខូតខាត និងបំផ្លាញ។ ជនភៀសខ្លួនច្រើនជាង៥០០០នាក់ ត្រូវទៅស្នាក់អាស្រ័យបណ្តោះអាសន្ននៅតាមជម្រករបស់គ្រួសារអ្នកដទៃ ឬជម្រកសហគមន៍។
 
ជនភៀសខ្លួននិយាយថា ពួកគេមានការលំបាកក្នុងការស្វែងរកអាហារ និងទឹកសម្រាប់ប្រើប្រាស់។ ស្រ្តីម្នាក់ដែលមានកូន៥នាក់ និយាយថា ផ្ទះលោកស្រីបានលិចក្រោយភ្លៀងធ្លាក់៤ថ្ងៃមកហើយ ហើយកំពុងគ្មានអ្វីបរិភោគ។ 
 
គួរបញ្ជាក់ថា ជនភៀសខ្លួនរស់នៅតាមជំរំលើទឹកដីបង់ក្លាដែល តែងតែរងការលំបាកដោយប្រឈមជាមួយគ្រោះធម្មជាតិជារៀងរាល់ឆ្នាំដូចជាព្យុះកំបុតត្បូង ភ្លៀងមូសុងធ្លាក់ខ្លាំង ទឹកជំនន់ និងការបាក់ដីជាដើម។ ស្រុក Cox’s Bazar របស់បង់ក្លាដែល ជាតំបន់ងាយរងដោយសារគ្រោះមហន្តរាយច្រើនជាងគេដោយមានសណ្ឋានដីសណ្តព័ទ្ធជុំវិញដោយទន្លេជាច្រើនកន្លែង និងមានទីតាំងនៅឈូងសមុទ្រ Bengal ដែលជាកន្លែងទឹកក្តៅអាចបង្កើតជាព្យុះយ៉ាងលឿន៕
 

Tag:
 បង់ក្លាដែស
© រក្សាសិទ្ធិដោយ thmeythmey.com