ជាតិ
លោក ប្រាក់ សុខុន នឹងចូលរួម​កិច្ចប្រជុំ​រដ្ឋមន្រ្តីការបរទេស​អាស៊ាន​​​លើកទី៥៤ ពីថ្ងៃ​ទី២-៦សីហា
31, Jul 2021 , 5:59 pm        
រូបភាព
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ភ្នំពេញ៖ លោក ប្រាក់​ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​ នឹងចូលរួម​កិច្ច​ប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន​លើកទី៥៤ និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធក្នុង​ក្រប​ខណ្ឌ​អាស៊ាន ចាប់ពីថ្ងៃទី ២-៦ សីហា តាម​ប្រព័ន្ធវីដេអូ។ ការចូលរួម​កិច្ចប្រជុំនេះ តប​តាម​ការអញ្ជើញរបស់​លោក ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្រ្តីការបរទេសទី២ របស់​ព្រុយណេ។


 
នៅសប្ដាហ៍ក្រោយ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងចូលរួម​កិច្ចប្រជុំរដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​លើក​ទី៥៤ និង​កិច្ចប្រជុំ​ពាក់​ព័ន្ធជាច្រើន តាម​ប្រព័ន្ធ​វីដេអូ​។ កិច្ចប្រជុំទាំងនេះ ​ផ្ដោតការយកចិត្តទុកដាក់លើវិធី និងមធ្យោបាយនានា ដើម្បីសម្រេចបាននូវការកសាងសហគមន៍អាស៊ាន។ 
 
ជាមួយគ្នានេះ កិច្ចប្រជុំខាងលើ ក៏​ជំរុញ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ក្នុងការ​ស្ដារ​ឡើងវិញ ក្រោយ​ជំងឺកូវីដ-១៩ និងលើក​កម្ពស់​ទំនាក់ទំនង​ខាងក្រៅ ដោយពង្រឹង​បន្ថែមនូវឯកភាព និង​សាមគ្គីភាព​របស់​អាស៊ាន។ បើតាមសេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស កិច្ចប្រជុំ ក៏​នឹង​ពិភាក្សា​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែលជាការ​បារម្ភរួម​គ្នាផងដែរ​។
 
ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​លើក​ទី៥៤ លោក ប្រាក់ សុខុន នឹង​មាន​​ជំនួប​រវាង​រដ្ឋ​មន្រ្តី​ការបរទេស​អាស៊ាន​ជាមួយតំណាង​គណៈកម្មការ​អន្តររដ្ឋាភិបាល​អាស៊ាន​ស្ដីពី​សិទ្ធិមនុស្ស។ បន្ថែម​ពីនេះ​ រដ្ឋមន្រ្តី​ក្រសួងការបរទេស នឹងចូលរួម​កិច្ច​ប្រជុំគណៈកម្ម​តំបន់អាស៊ីអាគ្នេយ៍​គ្មាន​អាវុធនុយ​ក្លេអ៊ែរ និង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សហគមន៍​សន្តិសុខ-នយោបាយអាស៊ាន​លើក​ទី២៣។ 
 
សេចក្ដី​ប្រកាសព័ត៌មាន​ដដែល បន្តថា លោក ប្រាក់ សុខុន ក៏​នឹង​ចូលរួម​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សម្រប​សម្រួល​អាស៊ាន​លើកទី២៩, កិច្ចប្រជុំ​រដ្ឋមន្រ្តីការបរទេស​អាស៊ាន​បូកបី លើកទី២២, កិច្ចប្រជុំ​រដ្ឋមន្រ្តី​ការបរទេសនៃ​កិច្ច​ប្រជុំ​កំពូឡ​អាស៊ី-បូព៌ា​ លើកទី​១១, ​កិច្ច​ប្រជុំ​វេទិកា​តំបន់​អាស៊ាន​លើកទី២៨ និង​សន្និសីទក្រោយ​កិច្ច​ប្រជុំ​រដ្ឋ​មន្រ្តី​ការបទេស​អាស៊ាន​ ជាមួយ​ដៃគូ​សន្ទនា​ទាំង​១០ របស់​អាស៊ាន៕ 
 

Tag:
 ប្រាក់ សុខុន
  អាស៊ាន
  ក្រសួងការបរទេស​
© រក្សាសិទ្ធិដោយ thmeythmey.com