ជាតិ
សង្គមជាតិ
កម្ពុជា សួររកឯកសារពីថៃ ដែលថា សង់ប្រាសាទតាមរចនាបថខ្លួនឯង ដោយមិនចម្លងតាមអង្គរវត្ត
05, Aug 2021 , 1:45 pm        
រូបភាព
ប្រាសាទថ្មថ្មី ដែលដូចប្រាសាទអង្គរវត្ត កំពុងស្ថិតក្នុងដំណើរការសាងសង់ ក្នុងបរិវេណវត្តមួយ នៅខេត្តបុរីរម្យ ប្រទេសថៃ។ រូបពីបណ្តាញសង្គម
ប្រាសាទថ្មថ្មី ដែលដូចប្រាសាទអង្គរវត្ត កំពុងស្ថិតក្នុងដំណើរការសាងសង់ ក្នុងបរិវេណវត្តមួយ នៅខេត្តបុរីរម្យ ប្រទេសថៃ។ រូបពីបណ្តាញសង្គម
ការបដិសេធថា ប្រាសាទថ្មី ដែលសង់លើទឹកដីថៃ មិនមែនចម្លងតាមរចនាបថអង្គរវត្ត មិនបានធ្វើឲ្យកម្ពុជាអស់ចិត្ត និងបញ្ឈប់ការសួរដេញដោលឡើយ។ កម្ពុជា បានចាប់ផ្តើមជជែកតាមផ្លូវការទូតជាមួយថៃហើយ និងបានសួររកឯកសារផ្លូវការពីថៃ ដើម្បីបញ្ជាក់ឲ្យច្បាស់ថា ប្រាសាទថ្មីនោះ ដែលមានរូបរៀងដូចនឹងប្រាសាទអង្គរវត្ត ពិតជាមិនបានចម្លងតាមរចនាបថអង្គរវត្តមែន ឬចម្លងតាម។



ក្នុងជំនួបផ្ទាល់មុខជាមួយ លោក Panyarak Poolthup ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា អ្នកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើឲ្យថៃផ្តល់ព័ត៌មានជាក់លាក់ និងឯកសារផ្លូវការ អំពីគម្រោងនៃការសាងសង់ប្រាសាទថ្មថ្មី តាមរចនាបថប្រាសាទអង្គរវត្ត។ ព័ត៌មានអំពីជំនួបរវាងអ្នកទាំងពីរ ដែលប្រព្រឹត្តទៅនៅទីស្តីការ ក្រសួងវប្បធម៌ នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១នេះ ត្រូវបានផ្សព្វផ្សាយជាសាធារណៈ លើទំព័រហ្វេសប៊ុករបស់ក្រសួងវប្បធម៌។

ទំព័រហ្វេសប៊ុករបស់ក្រសួងវប្បធម៌ រៀបរាប់ពីហេតុផលថា ការណ៍ដែលអ្នកស្រី ភឿង សកុណា ស្នើឲ្យថៃផ្តល់ព័ត៌មាន និងឯកសារផ្លូវការ គឺដើម្បីឲ្យកម្ពុជាមានមូលដ្ឋានក្នុងការពិនិត្យ និងចេញវិធាននានាបន្ត ចំពោះការសាងសង់ប្រាសាទដូចប្រាសាទអង្គរវត្ត ដើម្បីបញ្ចៀសផលអវិជ្ជមានណាមួយ ដែលអាចប៉ះពាល់ ដល់ទំនាក់ទំនងនៃប្រទេសទាំងពីរ។ តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន ក្រសួងវប្បធម៌ អះអាងថា៖«ឯកឧត្តមឯកអគ្គរាជទូតថៃ បានទទួលយកសំណើ និងសន្យាឆ្លើយតបតាមការស្នើសុំរបស់ភាគីកម្ពុជា ក្នុងស្មារតីសហការដ៏ជ្រាលជ្រៅ»។

ក្នុងជំនួបនោះ អ្នកស្រីរដ្ឋមន្រ្តីក្រសួងវប្បធម៌កម្ពុជា ឆ្លៀតអបអរសាទរ ចំពោះការដាក់ព្រៃ Kaeng Krachan របស់ថៃ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។

កាលពីអំឡុងខែកក្កដា ឆ្នាំ២០២១ ប្រជាពលរដ្ឋខ្មែរ មានការភ្ញាក់ផ្ញើលខ្លាំង ពេលឃើញរូបភាពលើបណ្តាញសង្គម បង្ហាញពីសំណង់ថ្មថ្មី ក្នុងបរិវេណវត្តមួយ នៅខេត្តបុរីរម្យ ប្រទេសថៃ ដែលស្ថិតក្នុងដំណើរការសាងសង់ ដោយចម្លងតាមរចនាបថអង្គរវត្ត។ ព្រះគ្រូចៅអធិការវត្តនោះ បានបង្ហាញឯកសារ និងបកស្រាយប្រាប់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ដែលចុះទៅពិនិត្យផ្ទាល់ដល់កន្លែងសាងសង់ប្រាសាទថា ប្រាសាទថ្មដែលសាងសង់ក្នុងវត្តថៃនោះ មិនមែនលួចចម្លងតាមរចនាបថអង្គរវត្តឡើយ តែសាងសង់ឡើងតាមគំនូសប្លង់ដោយខ្លួនឯង រួមទាំងរចនាទៅតាមប្រាសាទនានាក្នុងទឹកដីថៃ។

ប្រជាពលរដ្ឋខ្មែរទូទៅ បង្ហាញការមិនពេញចិត្ត និងមិនចង់ឲ្យថៃ សង់ប្រាសាទដូចអង្គរវត្តឡើយ។ មកដល់ពេលនេះ ថៃមិនទាន់ផ្តល់ដំណឹងឡើយថា នឹងបញ្ឈប់ការសាងសង់សំណង់ដូចអង្គរវត្តនេះ ឬបន្តសាងសង់នោះទេ៕

Tag:
 កម្ពុជា-ថៃ
  ភឿង សកុណា
  សំណង់ដូចប្រាសាទអង្គរវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com