ជាតិ
ដំបូលសាលាឆាន់វត្តរាជបូណ៍អាយុជាង១០០ឆ្នាំ ត្រូវបានជួសជុលរួចរាល់ហើយ
05, Aug 2021 , 6:59 pm        
រូបភាព
ភ្នំពេញ៖ ដំបូលសាលាឆាន់បុរាណអាយុជាង១០០ឆ្នាំនៃវត្តរាជបូណ៌ ត្រូវបានជួលជុលរួចរាល់ហើយ។ បើតាមអាជ្ញាធរជាតិអប្សរា អ្នកជំនាញបានចំណាយពេលប្រមាណ៣ខែនៅក្នុងគម្រោងជួលជុល និងកែលម្អសាលាឆាន់បុរាណ នាដំណាក់កាលទី១នេះ។ ចំពោះដំណាក់កាលទី២អ្នកជំនាញនឹងចាប់ផ្តើម នៅឆ្នាំ២០២២ ដោយផ្តោតលើការរៀបចំផ្នែកខាងក្រោមនៃសាលាឆាន់។

 
គម្រោងជួសជុល និងកែលម្អសាលាឆាន់បុរាណដំណាក់កាលទី១ នៅវត្តរាជបូណ៌ បានបញ្ចប់ហើយ ក្រោយចំណាយពេលជាង៣ខែ។ ការជួសជុលសាលាឆាន់អាយុកាលជាង ១០០ឆ្នាំ នៅក្នុងដំណាក់ទី១នេះ ផ្តោតលើផ្នែកដំបូល ដែលមានសភាពចាស់ទ្រុឌទ្រោម ពុកផុយ ធ្លុះធ្លាយ និងងាយបាក់ធ្លាក់។ បើតាមអាជ្ញាធរជាតិអប្សរា អ្នកជំនាញបានកែលម្អតួដំបូលសាលាឆាន់នេះឱ្យមានសភាពល្អប្រសើរឡើងវិញ ដោយបានផ្លាស់ប្តូរធ្នឹមថ្មី និងជួសជុលកន្លែងពុកផុយឲ្យរឹងមាំ។ លើសពីនេះ អ្នកជំនាញ ក៏បានជួសជុលពង្រឹង និងកែលម្អគ្រឿងបង្គុំដំបូល ហោជាង ក្បឿងស្រការលិញ ក្បាច់រោងស្បូវ ព្រំដំបូល បៃរកា នាគចែង នាគដងក្តារ ព្រំខ្នងដំបូល និងជហ្វាផងដែរ ដើម្បីឱ្យសាលាឆាន់បុរាណនេះរក្សាបាននូវភាពរឹងមាំ និងសោភ័ណភាពល្អ។


ដំបូលសាលាឆាន់ នៅវត្តរាជបូណ៌ក្រោយជួសជុល និងលាបថ្នាំពណ៌ការពារគុណភាពក្បឿង។ រូបភាពពី៖ អាជ្ញាធរជាតិអប្សរា 

ទន្ទឹមនឹងការសម្រេចបានលទ្ធផលនេះ ក្រុមអ្នកជំនាញក៏បានជួបការលំបាកមួយចំនួននៅអំឡុងពេលជួសជុល។ លោក ស៊ឹម ប៊ុនធឿន ជាអនុប្រធាននាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានប្រាប់អ្នកសារព័ត៌មាន Thmey Thmey25ថា៖« បញ្ហាដែលពិបាកជាងគេ គឺធ្នឹមព្រោះពេលនោះធ្នឹមនៃសាលាឆាន់ ដែលមានតួនាទីទ្រទ្រង់បង្គុំនៃដំបូលបានបាក់ស្រុតមួយចំហៀងខាងលិច។
 
ហេតុនេះយើងគាស់រំលើងវាឡើងវិញ ហើយការគាស់ធ្នឹមនេះ មិនមែនជារឿងងាយស្រួលដូចយើងគាស់ផ្លានដោយគ្រាន់តែលើកឥដ្ឋចេញឡើយ។ បន្ទាប់មកទៀត គឺយើងត្រូវរកឈើដែលធំយកជំនួសដោយឈើនោះត្រូវមានគុណភាពល្អ»។
 
ដ្បិត ការរុះរើផ្នែកខាងលើនៃសាលាឆាន់មានលំបាក និងត្រូវការបច្ចេកទេសច្រើនក្នុងការជួសជុលយ៉ាងណាក្តីក៏ក្រុមអ្នកជំនាញព្យាយាមរក្សាទ្រង់ទ្រាយដើមនៃសាលាឆាន់បុរាណនេះឲ្យនៅល្អប្រសើរ។ជាមួយគ្នានេះ សម្ភារមួយចំនួននៃសាលាឆាន់ ក៏នៅតែបន្តប្រើប្រាស់ដោយក្រុមអ្នកជំនាញបានលាបថ្នាំដើម្បីរក្សាគុណភាពវត្ថុធាតុដើម។


ដំបូលសាលាឆាន់ នៅវត្តរាជបូណ៌ក្រោយពេលជួសជុល។ រូបភាពពី៖ អាជ្ញាធរជាតិអប្សរា 

អ្នកជំនាញ នឹងចាប់ផ្តើមការជួសជុលនិងកែលម្អផ្នែកខាងក្រោមនៃសាលាឆាន់ ដែលជាដំណាក់កាលទី២ នៅឆ្នាំ២០២២ ដោយមានការរៀបចំបាតការ៉ូនិងការរៀបចំខឿនសាលាឆាន់៕
 


ដំបូលសាលាឆាន់ នៅវត្តរាជបូណ៌ពេលមិនទាន់ជួសជុល។ រូបភាពពី៖ អាជ្ញាធរជាតិអប្សរា


ដំបូលសាលាឆាន់ នៅវត្តរាជបូណ៌ពេលមិនទាន់ជួសជុល។ រូបភាពពី៖ អាជ្ញាធរជាតិអប្សរា 

Tag:
 ថ្មីៗ២៥
  វត្តរាជបូណ៍
  ខេត្តសៀមរាប
  អាជ្ញាធរជាតិអប្សរា
© រក្សាសិទ្ធិដោយ thmeythmey.com