COVID-19
ជាតិ
បាត់ដំបង សៀមរាប និងព្រៃវែងនៅ​​មានករណីឆ្លងខ្ពស់ ខណៈឧត្តរមានជ័យ​ និងកោះកុងថម​ថយ​
05, Aug 2021 , 4:12 pm        
រូបភាព
ខេត្តបាត់ដំបង សៀមរាប និងខេត្តព្រៃវែង នៅតែមានករណីឆ្លងថ្មីខ្ពស់រាល់ថ្ងៃ។ នៅថ្ងៃទី៤ សីហា​ខេត្តបាត់ដំបង បន្តរកឃើញអ្នកឆ្លងថ្មីចំនួន១៣៤នាក់ សៀមរាបមាន ៩៥នាក់ ខណៈព្រៃវែងរកឃើញ៨៧នាក់បន្ថែម។ ជាការកត់សម្គាល់ ករណីឆ្លងនៅខេត្តឧត្តរមានជ័យ និងកោះកុងហាក់ថមថយបន្តិច ដោយខេត្តនីមួយៗរកឃើញអ្នកវិជ្ជមានតែខ្ទង់៣០នាក់ប៉ុណ្ណោះ​។ ដោយឡែកខេត្តកំពង់ធំ បន្តរកឃើញ៥១នាក់, កំពង់ចាម មាន៤៣នាក់ ខណៈខេត្តត្បូង​ឃ្មុំ មាន៣៨នាក់។

 
បាត់ដំបង៖ បន្តរកឃើញអ្នកឆ្លងថ្មីចំនួន១៣៤នាក់ទៀត ភាគច្រើនឆ្លងក្នុងសហគមន៍ ខណៈ៨០នាក់បានជាសះស្បើយ​។  ក្នុងចំណោមអ្នកឆ្លងថ្មីនោះ គឺជាពលរដ្ឋនៅក្រុងបាត់ដំបង ,ស្រុកសំពៅលូន, សង្កែ, មោងឫស្សី, បវេល, ថ្មគោល, រុក្ខគិរី និងស្រុកគាស់ក្រឡ។ មានអ្នកវិជ្ជមានមួយចំនួន ជាអ្នកខេត្តបន្ទាយមានជ័យ កំពត ត្បូងឃ្មុំ  ពោធិ៍សាត់ ព្រៃវែង និងសៀមរាប។ ត្រឹមថ្ងៃទី៤ សីហា អ្នកវិជ្ជមានកូវីដ-១៩ សរុបក្នុងខេត្តបាត់ដំបង មានចំនួន ៣.៨២១នាក់ ក្នុងនោះ២.២៣១នាក់បានជាសះស្បើយ ,ស្លាប់៤៥នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១.៥៤៥នាក់។
 
សៀមរាប៖ បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៩៥នាក់ទៀត និងមានអ្នកជំងឺជាសះស្បើយ​ចំនួន១៤១នាក់។ អ្នកស្លាប់មាន២នាក់បន្ថែមដែរ។ តាមរដ្ឋបាលខេត្ត ករណីឆ្លងប្រមាណ២៥ មានប្រភពចេញពីផ្សារលើធំថ្មី ផ្សារកំពង់ឃ្លាំង ផ្សារចារឈូក និងផ្សារដំដែក​ ខណៈអ្នកវិជ្ជមានមួយចំនួន ជាអ្នកដំណើរមកពីរាជធានីភ្នំពេញ បាត់ដំបង និងខេត្តព្រះសីហនុ។ អ្នកឆ្លងប្រមាណ៤០ករណីទៀត អាជ្ញាធរមិនទាន់កំណត់ប្រភពឆ្លងបាននៅឡើយ​។  
 
ចំពោះករណីស្លាប់ទាំង២នាក់នោះ មានស្ត្រីវ័យ ៨០ឆ្នាំ រស់នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប និងបុរសវ័យ ៧៤ឆ្នាំ រស់នៅភូមិបន្ទាយឈើ​ សង្កាត់ទឹកវិល ក្រុងសៀមរាប​។  បច្ចុប្បន្ន ខេត្តសៀមរាប មានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤.៨៤៦នាក់ ក្នុងនោះ២.៥៩៥នាក់ បាន​ជាសះស្បើយ, ៥៥នាក់ស្លាប់ និង២.១៩៦នាក់ កំពុងសម្រាកព្យាបាល។
 
​ព្រៃវែង៖ មនុស្សចំនួន ៨៧នាក់ទៀតវិជ្ជមានកូវីដ-១៩ ខណៈអ្នកជាសះស្បើយមានចំនួន ៥៦នាក់ទៀត។ អ្នកស្លាប់មាន១នាក់បន្ថែមដែរ។  ក្នុងចំណោមអ្នកដែលឆ្លងថ្មីនោះ មានអ្នករស់នៅក្រុងព្រៃវែង, ស្រុកពាមរក៍, ព្រះសេ្ដច, កំពង់ត្របែក, ពាមជរ, មេសាង, ពារាំង, កំ​ចាយ​មារ, បាភ្នំ, ពោធិ៍រៀង, ស៊ីធរកណ្តាល និងអ្នកជំងឺម្នាក់ ជាអ្នកខេត្តកណ្តាល។ ​ចំណែកករណីស្លាប់គឺជាស្ត្រីវ័យ ៤៥ឆ្នាំ ស់នៅភូមិពោធិ៍ទី ឃុំពោធិ៍ទី ស្រុកសុីធរកណ្ដាល ខេត្តព្រៃវែង។ គិតត្រឹមថ្ងៃទី៤ ខែសីហា ខេត្តព្រៃវែងមានអ្នកឆ្លងកូវីដ-១៩ ចំនួន ៤.៦៥៣នាក់ ក្នុងនោះ៣.៣៥១នាក់បានជាសះស្បើយ, ៨១នាក់ស្លាប់ និង១.២២១នាក់ កំពុងសម្រាកព្យាបាល​។
 
កំពង់ធំ៖ បន្តរកឃើញអ្នកឆ្លងថ្មីចំនួន ៥១នាក់ទៀត ខណៈអ្នកជាសះស្បើយមាន១៤នាក់ និងស្លាប់ដល់ទៅ៤នាក់។ អ្នកឆ្លងថ្មីភាគច្រើន ជាពលរដ្ឋរស់នៅក្រុងស្ទឹងសែន និងស្រុកបារាយណ៍។ ក្រៅពីនេះ មានពលរដ្ឋរស់នៅស្រុកសន្ទុក ស្ទោង កំពង់ស្វាយ និងស្រុកតាំងគោក។ បច្ចុប្បន្ន ខេត្តកំពង់មានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២.១៦០នាក់ ក្នុងនោះ១.៣២៧នាក់, ៦០នាក់ស្លាប់ និង៧៧៣នាក់កំពុងសម្រាកព្យាបាល។ 
 
កំពង់ចាម៖ មានអ្នកវិជ្ជមានថ្មីចំនួន ៤៣នាក់ទៀត ក្នុងនោះមានពលរដ្ឋដែលរស់នៅក្រុងកំពង់ចាម, ស្រុកកំពង់សៀម,កងមាស,ចំការលើ,ស្ទឹងត្រង់, ព្រៃឈរ, ស្រីសន្ធរ និង៣នាក់ជាអ្នកខេត្តត្បូងឃ្មុំ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏ប្រកាសពីករណីជាសះស្បើយចំនួន ៣៨នាក់បន្ថែមដែរ។ 
 
ឧត្តរមានជ័យ៖ បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៩នាក់ទៀត ដោយ៣៦នាក់ជាករណីឆ្លងក្នុងសហគមន៍។ អ្នកជំងឺចំនួន ៥០នាក់ ក៏បានជាសះស្បើយដែរ។ អ្នកវិជ្ជមាន ភាគច្រើនរស់នៅក្រុងសំរោង និងស្រុកអន្លង់វែង។ ក្រៅពីនេះ មានអ្នកស្រុកចុងកាល់ និងស្រុកត្រពាំងប្រាសាទ និងមានអ្នកជំងឺដែលរស់នៅកំពត និងតាកែវដែរ។ បច្ចុប្បន្ន ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន​៥.០៧១នាក់ ក្នុងនោះ ៤.៥៣២នាក់ ជាករណីនាំចូល។ អ្នកដែលបានជាសះស្បើយមានចំនួន ១.០៣៧នាក់ ,ស្លាប់៩នាក់ និងកំពុងសម្រាកព្យាបាលចំនួន​៤.០២៥នាក់។
 
ត្បូងឃ្មុំ៖ ពលរដ្ឋចំនួន៣៨នាក់ទៀត បានឆ្លងកូវីដ-១៩ អ្នកជាសះស្បើយមាន៤៩នាក់​ និងនាក់ទៀតស្លាប់។ ក្នុងចំណោមអ្នកវិជ្ជមានថ្មីនោះមានពលរដ្ឋដែលរស់នៅក្រុងសួង, ស្រុកមេមត់,អូររាំងឪ, ពញាក្រែក,ត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ។ 

កោះកុង៖ មានករណីវិជ្ជមានកូវីដ-១៩ ថ្មីចំនួន ៣៥នាក់ទៀត ខណៈអ្នកដែលជាសះស្បើយមានចំនយន ៨២នាក់។ អ្នកឆ្លងភាគច្រើនរស់នៅស្រុកស្រែអំបិល។ ក្រៅពីនេះជាអ្នករស់នៅក្រុងខេមរភូមិន្ទ ស្រុកមណ្ឌលសីមា និងស្រុកកោះកុង។
 
មណ្ឌលគិរី៖ មនុស្សចំនួន ១៤នាក់ មានតេស្តវិជ្ជមានកូវីដ-១៩ ខណៈ៤នាក់បានជាសះស្បើយ​។ អ្នកវិជ្ជមានថ្មីទាំង ១៤នាក់នោះ សុទ្ធតែជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។ 
 
ក្រចេះ៖ រកឃើញអ្នកវិជ្ជមានថ្មីចំនួន ១០នាក់ទៀត និងមានអ្នកជាសះស្បើយចំនួន១៥នាក់​។ អ្នកដែលទើបឆ្លងមាន ៥នាក់រស់នៅស្រុកឆ្លូង, ៣នាក់រស់នៅស្រុកស្នូល, ១នាក់នៅក្រុងក្រចេះ និង១នាក់ទៀតនៅស្រុកសំបូរ។ គិតត្រឹមថ្ងៃទី៤ ខែសីហា ខេត្តក្រចេះ មានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៦៨នាក់ ក្នុងនោះ២៣៣នាក់ ស្លាប់៨នាក់ និងកំពុងព្យាបាលចំនួន ១២៧នាក់។ 
 
ព្រះវិហារ៖ ពលរដ្ឋ ៩នាក់ទៀត បានឆ្លងជំងឺកូវីដ-១៩ ក្នុងនោះមាន ៣នាក់ជាកុមារ។ អ្នកវិជ្ជមាន ៣នាក់រស់នៅក្រុងព្រះវិហារ និង៦នាក់ទៀត រស់នៅស្រុកជាក្សាន្ត។ គិតត្រឹមថ្ងៃទី៤ ​សីហា ខេត្តព្រះវិហារ បានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៦៤៦នាក់ ក្នុងនោះ៣៧៤នាក់  ​ជាសះស្បើយ, ២នាក់ស្លាប់  និង២៧០នាក់ កំពុងសម្រាកព្យាបាល។
​សរុបទូទាំងប្រទេស៖ មនុស្ស​ចំនួន ៥៩១ នាក់​ទៀត តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ នៅកម្ពុជា ក្នុងនោះ១៨៣ នាក់​ជា​ករណី​នាំចូល​។ អ្នកជា​សះស្បើយ មាន៦១៨ នាក់​បន្ថែម និង​អ្នក​ស្លាប់មាន ១៩នាក់​ទៀត​។ ​​នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​៥ ខែសីហា​នេះ។ មកទល់ពេលនេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប ៨០.២២៥​នាក់ ក្នុងនោះ​ ១១.៥៣៥នាក់ ជា​ករណី​នាំចូល​។ អ្នកជា​សះស្បើយ​មាន​ ៧៣.៤២១នាក់  និង​ស្លាប់​សរុប១.៥០៧នាក់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com