ជាតិ
សហភាពអឺរ៉ុប នឹងផ្ដល់ជំនួយដល់១០ម៉ឺនដុល្លារ សម្រាប់SME ដែលកែច្នៃជលផល
05, Aug 2021 , 7:59 pm        
រូបភាព
ភ្នំពេញ៖ អង្គការអភិវឌ្ឍឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ (UNIDO) សហការជាមួយរដ្ឋបាលជលផល បានដាក់ដំណើរការកម្មវិធីគាំទ្រសហគ្រាសកែច្នៃជលផលខ្នាតតូច មធ្យមនិងធំ ដែលជាក្រោមជំនួយរបស់សហភាពអឺរ៉ុប។ កម្មវិធីនេះ នឹងជួយជំរុញការអភិវឌ្ឍធុរកិច្ចឯកជនក្នុងវិស័យជលផល ក្រោយប្រមូលផល ដោយផ្ដល់ឱកាសដល់សហគ្រិនស្រ្តី និងយុវជន ដើម្បីទទួលបានជំនួយចាប់ពី២ម៉ឺន៥ពាន់-១០ម៉ឺនដុល្លារ។


ក្រោមការគាំទ្រថវិកាពីសហភាពអឺរ៉ុប អង្គការអភិវឌ្ឍឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ (UNIDO) សហការជាមួយរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសដាក់ដំណើរការកម្មវិធីគាំទ្រសហគ្រាសជលផលខ្នាតតូច មធ្យមនិងធំ (VCIS)។ កម្មវិធីនេះ មានគោលបំណងគាំទ្រដល់សហគ្រាសកែច្នៃផលជលផល ក្រោយប្រមូលផលខ្នាតតូច មធ្យមនិងធំនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការ UNIDO ចេញផ្សាយថ្ងៃទី ៤ សីហា។ 
 
កម្មវិធី VCIS ជាគម្រោងវិនិយោគរួមគ្នា ដើម្បីជួយដល់ប្រតិបត្តិករអាជីវកម្មកែច្នៃផលជលផល ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដើម្បីកែលម្អលក្ខខណ្ឌផលិត និងបន្ថែមតម្លៃលើផលិតផលរបស់ខ្លួន តាមរយៈការទទួលបានវិញ្ញាបនប័ត្រ សុវត្ថិភាពចំណីអាហារ ដែលរួមចំណែកបង្កើនភាពប្រកួតប្រជែងរបស់ផលិតផលនៅលើទីផ្សារក្នុងស្រុក តំបន់ និងអន្តរជាតិ។ កម្មវិធីនេះ នឹងផ្តល់ការគាំទ្រផ្នែកឧុបករណ៍ និងហិរញ្ញវត្ថុ ចាប់ពី ២៥,០០០ ទៅ ១០០,០០០ ដុល្លារ ដល់សហគ្រិនកម្ពុជា ពិសេសម្ចាស់អាជីវកម្ម ជាស្ត្រី និងយុវជនក្នុងវិស័យជលផលក្រោយប្រមូលផល។ 


កម្មវិធីគាំទ្រសហគ្រាសជលផលខ្នាតតូច មធ្យមនិងធំ រៀបចំដោយអង្គការ UNIDO និងរដ្ឋបាលជលផល ក្រោមជំនួយសហភាពអឺរ៉ុប 

សម្រាប់ម្ចាស់សហគ្រាសកែច្នៃផលជលផលខ្នាតតូច មធ្យមនិងធំ  ដែលចាប់អារម្មណ៍ក្នុងកម្មវិធីនេះ សូមដាក់ពាក្យទៅកាន់កម្មវិធី VCIS ដែលទទួលពាក្យជាប្រចាំខែ ដោយជុំទីមួយចាប់ផ្តើមពីថ្ងៃទី១ សីហាឆ្នាំ២០២១តទៅ។ ព័ត៌មានបន្ថែមអំពីកម្មវិធី VCIS អាចទំនាក់ទំនងតាមលេខទូរសព្ទ ០២៣ ៩០០ ៩៧៤។ 
 
សូមបញ្ជាក់ថា វិស័យជលផលនៅតែជាចលករលើកស្ទួយសេដ្ឋកិច្ចដ៏សំខាន់ និងជាប្រភពការងារសម្រាប់ប្រជាជនកម្ពុជាភាគច្រើន។ វិស័យជលផលក្រោយប្រមូលផល បានបង្កើតការងារប្រមាណជាង ៣៣,០០០ការងារ ជាពិសេសសំរាប់ស្ត្រី។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដដែល៕
 
 
 

Tag:
 កសិកម្ម
  ជលផល
  SME
  សហគ្រិន
© រក្សាសិទ្ធិដោយ thmeythmey.com