ជាតិ
មណ្ឌលបដិសណ្ឋារកិច្ច នៅប្រាសាទព្រះវិហារ នឹងបង្ហាញពីតម្លៃបេតិកភណ្ឌដល់ភ្ញៀវទេសចរ
06, Aug 2021 , 8:59 am        
រូបភាព
គម្រោងសាងសង់អាគារបដិសណ្ឋារកិច្ចក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ។  រូបភាពពីទំព័រហ្វេសប៊ុកអាជ្ញាធរជាតិព្រះវិហារ
គម្រោងសាងសង់អាគារបដិសណ្ឋារកិច្ចក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ។ រូបភាពពីទំព័រហ្វេសប៊ុកអាជ្ញាធរជាតិព្រះវិហារ
ដោយ:
អាជ្ញាធរជាតិព្រះវិហារកំពុងសាងសង់មណ្ឌលបដិសណ្ឋារកិច្ច ដើម្បីផ្ដល់ព័ត៌មានពីសេវាកម្មទេសចរណ៍កន្លែងកម្សាន្តនៅក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ។ មិនត្រឹមតែផ្ដល់សេវាកម្មមណ្ឌលបដិសណ្ឋារកិច្ចនេះ ក៏ដើរតួនាទី ជាកន្លែងផ្ដល់ចំណេះដឹង និងបង្ហាញភ្ញៀវទេសចរឱ្យយល់ពីតម្លៃបេតិកភណ្ឌរបស់ប្រាសាទនានាផងដែរ។



ភ្ញៀវទេសចរជាតិ-អន្តរជាតិមានបំណងទៅកម្សាន្តនៅរមណីយដ្ឋានព្រះវិហារ នឹងមានភាពងាយស្រួលជាងមុនដោយទេសចរគ្រាន់តែទៅមណ្ឌលបដិសណ្ឋារកិច្ច ដែលអាជ្ញាធរជាតិព្រះវិហារកំពុងសាងសងនៅមុខសារមន្ទីរ ធម្មជាតិសកល ទេសចរនឹងអាចទទួលបានព័ត៌មានសម្រាប់ដំណើរកម្សាន្ត។ភ្ញៀវទេសចរ អាចទិញសំបុត្រ ជួលមគ្គុទ្ទេស ជួលរថយន្តសួរព័ត៌មានផ្សេងៗនៅមណ្ឌលបដិសណ្ឋារកិច្ចនេះបាន។
 
លោក គង់ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានប្រាប់សារព័ត៌មាន ThmeyThmey25តាមបណ្ដាញសង្គមតេឡេក្រាមថា កន្លងមកទេសចរ ទៅលេងប្រាសាទព្រះវិហារដោយមិនសូវទទួលបានព័ត៌មានលម្អិត និងមិនសូវយល់ស៊ីជម្រៅពីតម្លៃនៃប្រាង្គប្រាសាទនោះទេ។ ដូច្នេះមណ្ឌលបដិសណ្ឋារកិច្ចនេះ នឹងជាកន្លែងប្រមូលផ្ដុំព័ត៌មានប្រាសាទដែលអាចជំរុញឱ្យទេសចរស្វែងយល់ពីតម្លៃបេតិកភណ្ឌបាន។


 រូបភាពពីទំព័រហ្វេសប៊ុកអាជ្ញាធរជាតិព្រះវិហារ 

«មណ្ឌលបដិសណ្ឋារកិច្ចនឹងផ្ដល់ព័ត៌មានសំខាន់ៗពីប្រាសាទព្រះវិហារដើម្បីឱ្យទេសចរបានស្គាល់បានយល់ពីប្រវត្តិសាស្ត្ររបស់ប្រាសាទមុននឹងទៅទស្សនា។ ទេសចរបានយល់ នោះពេលទស្សនាគឺអាចបង្កើនតម្លៃប្រាសាទថែមទៀត»។ នេះជាការបញ្ជាក់របស់លោកគង់ ពុទ្ធិការ។
 
តាមរយៈការផ្ដល់ព័ត៌មានលម្អិតរបស់អ្នកនៅមណ្ឌលបដិសណ្ឋារកិច្ច លោក គង់ ពុទ្ធិការ រំពឹងថា ទេសចរនឹងអាចយល់ពីតម្លៃនៃប្រាសាទនិងឈប់គិតថាមកប្រាសាទគ្រាន់តែទស្សនា ដោយមិនសិក្សាបន្ថែម។ បើតាមលោក ពុទ្ធិការក្នុងមណ្ឌលបដិសណ្ឋារកិច្ចនេះ ក៏មានរៀបចំឱ្យមានផ្សារសហគមន៍ដែលទេសចរអាចទិញរបស់អនុស្សាវរីយ បន្លែ ផ្លែឈើ ពីប្រជាជនក្នុងសហគមន៍ផងដែរ។
 
សូមជម្រាបផងដែរថាអាជ្ញាធរជាតិព្រះវិហារ កំពុងដំណើរការសាងសង់មណ្ឌលបដិសណ្ឋារកិច្ចនេះ បានរយៈពេល២ខែហើយនិងគ្រោងបញ្ចប់ការសាងសង់នៅពាក់កណ្ដាលឆ្នាំ២០២២។ មណ្ឌលបដិសណ្ឋារកិច្ចប្រាសាទព្រះវិហារមានទីតាំងនៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕
 
 

Tag:
 ThmeyThmey25
  ព្រះវិហារ
© រក្សាសិទ្ធិដោយ thmeythmey.com