COVID-19
ជាតិ
អ្នកជាប់ឃុំ៧៣ភាគរយហើយ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩
06, Aug 2021 , 4:25 pm        
រូបភាព
ក្នុងចំណោមអ្នកជាប់ឃុំសរុបប្រមាណ៣,៨ម៉ឺននាក់នៅទូទាំងប្រទេស មានអ្នកជាប់ឃុំ៧៣ភាគរយហើយ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយគិតត្រឹមដើមខែសីហា ឆ្នាំ២០២១នេះ។ នេះបើតាមព័ត៌មានពីលោក នុត សវនា អគ្គនាយករងនិងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ។

 
វ៉ាក់សាំង គឺជាចំណែកដ៏សំខាន់ ក្នុងការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ក្នុងពន្ធនាគារ។ លោក នុត សាវនា ថ្លែងជាមួយសារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី៦ ខែសីហាថា៖«យើងដឹងហើយ វ៉ាក់សាំង មានគុណសម្បត្តិច្រើន ការពារមិនឲ្យឆ្លងកូវីដ ហើយបើទោះបីឆ្លង ក៏មិនធ្ងន់ធ្ងរដែរ»។ 
 
យ៉ាងណាក៏ដោយ ពន្ធនាគារ នៅតែប្រឈមនឹងបញ្ហាចម្បងមួយ គឺភាពចង្អៀតណែន។ កន្លងមកអង្គការសង្គមស៊ីវិល ធ្លាប់បង្ហាញក្តីបារម្ភខ្លាំងថា ភាពចង្អៀតណែនក្នុងពន្ធនាគារ អាចបង្កហានិភ័យខ្ពស់ក្នុងរាលដាលជំងឺកូវីដ-១៩ ដល់អ្នកជាប់ឃុំ ដូច្នេះពួកគេ បានស្នើឲ្យតុលាការនិងរដ្ឋាភិបាល ពិចារណាពីការដោះលែងអ្នកជាប់ឃុំខ្លះ រួមមាន អ្នកជាប់ឃុំជិតផុតទោស អ្នកជាប់ឃុំជាស្រ្តីមានកូនតូចៗឬមានផ្ទៃពោះ អ្នកជាប់ឃុំជាចាស់ជរា អ្នកជាប់ឃុំមានជំងឺប្រចាំកាយ និង អ្នកជាប់ឃុំអាយុក្រោម១៨ឆ្នាំ។  
 
លោក នុត សវនា សារភាពថា មកដល់ពេលនេះ ភាពចង្អៀតណែនក្នុងពន្ធនាគារ មិនទាន់ត្រូវបានដោះស្រាយឡើយ។ ប៉ុន្តែ លោក អះអាងថា តាមពន្ធនាគារមួយចំនួន ដូចជា ពន្ធនាគារខេត្តឧត្តមមានជ័យ ពន្ធនាគារខេត្តត្បូងឃ្មុំ និង ពន្ធនាគារខេត្តកំពង់ចាម ជាដើម កំពុងត្រូវបានសង់អគារបន្ថែម។ លោក បន្តថា អគារថ្មីតាមពន្ធនាគារទាំងនោះ អាចនឹងសង់រួច នៅចុងឆ្នាំ២០២១នេះ ហើយស្ថានភាពចង្អៀតណែនក្នុងពន្ធនាគារ នឹងកាន់តែល្អប្រសើរ។ 
 
សេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធនាគារ ចេញកាលពីខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា នៅតាមពន្ធនាគារមួយចំនួន រួមមាន ពន្ធនាគារព្រៃស (ភ្នំពេញ) ពន្ធនាគារខេត្តព្រះសីហនុ ពន្ធនាគារខេត្តកណ្តាល ពន្ធនាគារខេត្តកំពង់ស្ពឺ និង ពន្ធនាគារខេត្តបន្ទាយមានជ័យ ជាដើម មានអ្នកជាប់ឃុំប្រមាណពី១០ទៅ២០ភាគរយ ដែលឆ្លងជំងឺកូវីដ-១៩។ តាមការតាមដាននិងការចុះផ្សាយរបស់សារព័ត៌មានថ្មីៗកន្លងមក អ្នកជាប់ឃុំម្នាក់ នៅពន្ធនាគារព្រៃស និងអ្នកជាប់ឃុំម្នាក់ នៅពន្ធនាគារពន្ធខេត្តកំពង់ស្ពឺ បានស្លាប់ដោយសារជំងឺកូវីដ-១៩។ លោក នុត សវនា បដិសេធការផ្តល់តួលេខសរុបនៃអ្នកជាប់ឃុំ ដែលស្លាប់ដោយសារជំងឺកូវីដ-១៩។
 
សូមបញ្ជាក់ថា មកដល់ដើមខែសីហានេះ ក្រសួងសុខាភិបាល ប្រជាជនកម្ពុជាជាង៧,៧លាននាក់ហើយ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គឺចាប់ផ្តើមតាំងពីខែកុម្ភៈមក៕  
 
 

Tag:
 COVID-19
  អ្នកជាប់ឃុំ
  វ៉ាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com