COVID-19
ជាតិ
កូវីដ-១៩៖ សៀមរាប៩៦ករណី កំពង់ចាម៤៧ករណី ត្បូងឃ្មុំ៣១ករណី និងព្រះវិហារ២៤ករណី
07, Aug 2021 , 4:20 pm        
រូបភាព
បាត់ដំបង ព្រៃវែង កោះកុង និងឧត្តរមានជ័យ នៅតែមានចំនួនករណីឆ្លងច្រើន ខណៈបន្ទាយមានជ័យគ្មានអ្នកឆ្លងឡើយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១។ បាត់ដំបង រកឃើញអ្នកឆ្លងថ្មីចំនួន៩៤នាក់ ស្លាប់១នាក់ ព្រៃវែង ៦១នាក់ ស្លាប់១នាក់ កោះកុង ៤៥នាក់ ស្លាប់២នាក់ និងឧត្តរមានជ័យ៣៦នាក់។ ចំណែកឯខេត្តតំបន់ឦសាន្តមានអ្នកឆ្លងតិច ដោយរតនគិរីមាន៥នាក់ មណ្ឌលគិរី៣នាក់ និងប៉ៃលិន២នាក់។


បាត់ដំបងមានអ្នកឆ្លងថ្មី៩៤នាក់ ស្លាប់១នាក់
 
ក្នុងចំណោមអ្នកឆ្លងកូវីដ-១៩ថ្មីទាំង៩៤នាក់នេះ មាន១៨នាក់ជាពលរដ្ឋត្រឡប់មកពីប្រទេសថៃ និងកុមារអាយុចន្លោះពី៩ខែដល់១០ឆ្នាំចំនួន១៣នាក់។ អ្នកជំងឺកូវីដ-១៩ទាំងនេះ ភាគច្រើនជាអ្នកក្រុងបាត់ដំបង ស្រុកសង្កែ,គាស់ក្រឡ,បវេល,បាណន់,ឯកភ្នំ,សំពៅលូន,ភ្នំព្រឹក,កំរៀង,មោងឫស្សី,អំពិលប្រាំងដើម,ថ្មគោល និង៥នាក់មកពីខេត្តកំពង់ធំ,សៀមរាប,តាកែវ,ពោធិ៍សាត់ និងព្រៃវែង។ ទន្ទឹមនឹងនេះ ក៏មានករណីស្លាប់បុរសម្នាក់ផងដែរ ឈ្មោះ សៅ ភិន អាយុ៨២ឆ្នាំ រស់នៅភូមិអូរចារ ឃុំអូរចារ ក្រុងបាត់ដំបង។ ក្រៅពីនេះ មានអ្នកជាសះស្បើយចំនួន១៥០នាក់ផងដែរ។
 
មកដល់ពេលនេះ បាត់ដំបងមានអ្នកជំងឺកូវីដ-១៩សរុបចំនួន៤០២៣នាក់ ជាសះស្បើយចំនួន២៤៩២នាក់ កំពុងព្យាបាលចំនួន១៤៨៣នាក់ និងស្លាប់៤៨នាក់។ 
 
ព្រៃវែងមានករណីឆ្លងថ្មី៦១នាក់ និងស្លាប់១នាក់
 
អ្នកជំងឺកូវីដ-១៩ថ្មីទាំង៦១នាក់នេះ មាន២១នាក់ក្នុងស្រុកព្រះស្ដេច,៨នាក់នៅក្រុងព្រៃវែង,៨នាក់នៅស្រុកស្វាយអន្ទរ,៥នាក់នៅស្រុកកំពង់ត្របែក និង៥នាក់នៅស្រុកពាមរក៍។ ចំណែកឯស្រុកបាភ្នំ ពារាំង និងកំចាយមារ មាន៣នាក់រៀងខ្លួន និង៥នាក់ទៀត នៅស្រុកមេសាង ពោធិ៍រៀង និងកញ្ជ្រៀច។ ក្នុងនោះក៏មានករណីជាសះស្បើយចំនួន៤២នាក់ និងស្លាប់១នាក់ផងដែរ។ អ្នកស្លាប់១នាក់នោះជាស្រ្តីជនជាតិខ្មែរឥស្លាម អាយុ៦១ឆ្នាំ រស់នៅក្នុងឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក។
 
គិតត្រឹមពេលនេះ ខេត្តព្រៃវែងមានអ្នកជំងឺកូវីដ-១៩សរុបចំនួន៤៨០៥នាក់ ជាសះស្បើយចំនួន៣៤៩៥នាក់ កំពុងព្យាបាលចំនួន១២២៦នាក់ និងស្លាប់៨៤នាក់។ 
 
កោះកុងឆ្លងថ្មី៤៥នាក់ ស្លាប់២នាក់
 
ក្នុងចំណោមអ្នកជំងឺកូវីដ-១៩ថ្មីទាំង៤៥នាក់នេះ មាន២៧នាក់រស់នៅឃុំព្រែកខ្សាច់ ១៨នាក់នៅស្រុកស្រែអំបិល។ ក្នុងនោះក៏មានកុមារអាយុ៤ខែ១នាក់ និងអាយុ៦ខែ១នាក់ បានឆ្លងកូវីដ-១៩ផងដែរ។ ទន្ទឹមនឹងនេះ ពលរដ្ឋ២នាក់បានស្លាប់ដោយសារកូវីដ-១៩ ដោយ១នាក់ជាបុរសអាយុ៧៦ឆ្នាំ រស់នៅក្នុងភូមិ០២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ និង១នាក់ទៀត ជាស្រ្តីអាយុ៦៥ឆ្នាំ រស់នៅភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។ ជាមួយគ្នានេះ ក៏អ្នកជាសះស្បើយចំនួន៤៤នាក់ផងដែរ។
 
ឧត្តរមានជ័យ ឆ្លងថ្មី៣៦នាក់ ជាសះស្បើយ១៩២នាក់
 
ជំងឺកូវីដ-១៩បានបន្តឆ្លងមនុស្សចំនួន៣៦នាក់ ដោយ៣៥នាក់ជាអ្នកស្រុកសំរោង និង១នាក់ក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ក្នុងចំណោមនោះ មានពលករកំពុងធ្វើចត្តាឡីស័កចំនួន៨នាក់ និងកុមារអាយុចន្លោះពី១០ខែដល់១០ឆ្នាំផងដែរ។ ក្រៅពីអ្នកឆ្លងថ្មី ក៏មានអ្នកជាសះស្បើយចំនួន១៩២នាក់ផងដែរ។
 
គិតមកដល់ពេលនេះ ខេត្តឧត្តរមានជ័យមានអ្នកឆ្លងកូវីដ-១៩សរុបចំនួន៥១៨៥នាក់ នាំចូលពីបរទេសចំនួន៤៥៧៧ករណី ជាសះស្បើយចំនួន១៣១០នាក់ ស្លាប់៩នាក់ និងកំពុងសម្រាកព្យាបាលចំនួន៣៨៦៦នាក់។
 
រតនគិរី៖ មានអ្នកជំងឺកូវីដ-១៩ថ្មីចំនួន៥នាក់ ដោយ៤នាក់ជាស្រ្តី រស់នៅស្រុកកូនក្រមុំ២នាក់ ១នាក់ នៅក្រុងបានលុង និង១នាក់ទៀតនៅស្រុកលំផាត់។ ចំណែកឯ ម្នាក់ទៀតជាបុរស អាយុ៣៥ឆ្នាំ រស់នៅស្រុកឃុំប៉ូយ ស្រុកអូរជុំ។ 
 
មណ្ឌលគិរី៖ មានអ្នកឆ្លងថ្មីចំនួន៣នាក់ជាបុរសសុទ្ធ ដោយ២នាក់រស់នៅក្រុងសែនមនោរម្យ និង១នាក់នៅស្រុកកោះញែក។ អ្នកទាំង៣នាក់នេះ បានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ បន្ទាប់មកបានធ្វើតេស្តរហ័ស (Rapid Test) និងតេស្ត PCR រកឃើញវិជ្ជមានផងដែរ។ 
 
ប៉ៃលិន៖ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) រកឃើញអ្នកជំងឺកូវីដ-១៩ថ្មីចំនួន២នាក់ ដោយ១នាក់ រស់នៅភូមិប្រម៉ោយ ឃុំវាលវែង ស្រុកវាលវែង ខេត្តពោធិ៍សាត់ និង១នាក់ទៀត រស់នៅភូមិអន្លង់ក្ដី ឃុំបូរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ អ្នកទាំង២នាក់នេះ ជាពលករត្រឡប់មកពីប្រទេសថៃ បានឆ្លងកូវីដ-១៩អំឡុងពេលធ្វើចត្តាឡីស័កនៅក្នុងមណ្ឌល។ ទន្ទឹមនឹងនេះ ក៏បានអ្នកជាសះស្បើយចំនួន៦នាក់ផងដែរ។
 
បន្ទាយមានជ័យ៖ យោងតាមលទ្ធផលរហ័សថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនូន១៨៥នាក់ ដោយភាគច្រើនជាពលករមកពីប្រទេសថៃ និងកុមារអាយុចន្លោះពី៦ខែដល់១០ឆ្នាំចំនួន២៤នាក់។ ដោយឡែកនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ មានអ្នកជាសះស្បើយចំនួន៣១៨នាក់ផងដែរ។

Update

សៀមរាបឆ្លងថ្មី៩៦នាក់ ស្លាប់២នាក់

ក្នុងចំណោមអ្នកឆ្លងកូវីដ-១៩ទាំង៩៦នាក់នេះ ភាគច្រើនជាអ្នកក្រុងសៀមរាប ហើយចំនួនទៀតមាននៅស្រុកសូទ្រនិគម ជីក្រែង ប្រាសាទបាគង អង្គរធំ ក្រឡាញ់ ស្វាយលើ និងស្រុកពួក។ ក្នុងនោះក៏មានកុមារតូចៗអាយុចន្លោះពី១ឆ្នាំដល់៨ឆ្នាំចំនួន១០នាក់ផងដែរ។ ចំពោះអ្នកស្លាប់២នាក់នោះ ជាស្រ្តីអាយុ៦៥ឆ្នាំ រស់នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប និង១នាក់ទៀត ជាស្រ្តីអាយុ៧៦ឆ្នាំ រស់នៅភូមិគោកព្នៅ ឃុំសសរស្ដម្ភ ស្រុកពួក។ ក្រៅពីនេះ ក៏មានអ្នកជាសះស្បើយចំនួន៩៤នាក់ផងដែរ។

គិតមកដល់ពេលនេះ សៀមរាបមានអ្នកឆ្លងកូវីដ-១៩សរុបចំនួន៥១៧៥នាក់ ជាសះស្បើយចំនួន២៧៩៥នាក់ ស្លាប់៥៩នាក់ និងកំពុងសម្រាកព្យាបាលចំនួន២៣២៧នាក់។

កំពង់ចាម មានអ្នកឆ្លងថ្មីចំនួន៤៧នាក់ និងស្លាប់១នាក់

ពលរដ្ឋចំនួន៤៧នាក់វិជ្ជមានកូវីដ-១៩ ដោយ១០នាក់នៅក្រុងកំពង់ចាម ១២នាក់នៅស្រុកចំការលើ ៨នាក់នៅស្រុកព្រៃឈរ ៤នាក់នៅស្រុកកងមាស ហើយស្រុកកំពង់សៀម និងស្រីសន្ធរមាន៣នាក់រៀងខ្លួន។ ក្រៅពីនេះ មាននៅស្រុកជើងព្រៃ១នាក់ ស្រុកកោះសូទិន១នាក់ និង២នាក់ទៀតមកពីខេត្តកំពង់ធំ និងត្បូងឃ្មុំ។ ក្នុងចំណោមនោះ ក៏មានកុមារអាយុ១៧ខែម្នាក់ផងដែរ។ ទន្ទឹមនឹងនេះ ក៏មានអ្នកស្លាប់១នាក់ផងដែរ ជាស្រ្តីជនជាតិខ្មែរឥស្លាម អាយុ៥៣ឆ្នាំ រស់នៅភូមិស្ពឺ(ក) ឃុំជយោ ស្រុកចំការលើ។ ចំពោះករណីជាសះស្បើយមាន៨នាក់ផងដែរ។

ត្បូងឃ្មុំរកឃើញអ្នកឆ្លងថ្មី៣១នាក់ និងសះស្បើយ៥១នាក់
ក្នុងចំណោមអ្នកវិជ្ជមានទាំង៣១នាក់នេះ មានអ្នកជាប់ឃុំចំនួន១៥នាក់ កុមារអាយុ៤ឆ្នាំ១នាក់ សិស្សអាយុចន្លោះពី៤ឆ្នាំដល់១៥ឆ្នាំ៣នាក់ និងមនុស្សចាស់អាយុ៧៣ឆ្នាំ១នាក់។ ក្រៅពីនេះ មានកសិករ អាជីវករ នៅស្រុកពញាក្រែក ស្រុកក្រូចឆ្មា និងមកពីខេត្តកំពង់ឆ្នាំង១នាក់ និងស្វាយរៀង១នាក់។ ជាមួយគ្នានេះ ក៏មានអ្នកជាសះស្បើយចំនួន៥១នាក់ផងដែរ។

ព្រះវិហាររកឃើញឆ្លងថ្មី២៤នាក់ ជាសះស្បើយ៣០នាក់

ចំពោះអ្នកឆ្លងកូវីដ-១៩ទាំង២៤នាក់នេះ ២១នាក់នៅស្រុកជាំក្សាន្ត ២នាក់នៅក្រុងព្រះវិហារ និង១នាក់នៅស្រុកគូលែន។ ក្រៅពីនេះ ក៏មានអ្នកជាសះស្បើយចំនួន៣០នាក់ផងដែរ។
គិតមកដល់ពេលនេះ ព្រះវិហារមានអ្នកឆ្លងកូវីដ-១៩សរុបចំនួន៧០០នាក់ ជាសះស្បើយចំនួន៤០៥នាក់ និងស្លាប់២នាក់៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com