ជាតិ
ដៃគូការងារវិស័យឯកជនអះអាងថា ត្រៀមខ្លួន​ជានិច្ចជួយរដ្ឋាភិបាលដើម្បីស្តារទេសចរណ៍ឡើងវិញ
07, Aug 2021 , 3:09 pm        
រូបភាព
ដោយ:
រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតក្រុមការងារពិសេសមួយ ដើម្បីស្ដារវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិកូវីដ-១៩។ ក្រុមការងារពិសេសនេះ មានការចូលរួមពីក្រសួងពាក់ព័ន្ធ និងវិស័យឯកជន។ អ្នកជំនាញទេសចរណ៍ក្នុងវិស័យឯកជនពីររូប បានលើកឡើងថា ការរួមចំណែកពីអ្នកប្រកបអាជីវកម្មទេសចរណ៍ គឺមានសារសំខាន់ ព្រោះពួកគេជាអ្នកអនុវត្ត និងបម្រើសេវាកម្មដល់ទេសចរដោយផ្ទាល់។

 
នៅថ្ងៃទី២៦​ កក្កដាកន្លងទៅ សម្តេច ហ៊ុន សែន បានសម្រេចបង្កើត ក្រុមការងារពិសេស ដើម្បីស្តារវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិកូវីដ-១៩ ដោយមានលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ជាប្រធាន។ ក្រុមការងារពិសេសនេះ មានអនុប្រធាន៨រូប និងមនុស្ស៣៥រូបទៀតជាសមាជិក ដែលស្ថិតក្នុងផ្នែករដ្ឋ និងឯកជន។
 
ការចូលរួមស្ដារវិស័យទេសចរណ៍ ពីវិស័យឯកជន នឹងជួយជំរុញ​ឱ្យផែនការនេះ អាចអនុវត្តទៅបានរលូន និងទាន់ពេលវេលា។ លើសពីនេះ ប្រតិបត្តិករវិស័យឯកជនទាំងនោះ អាចយល់ពីបញ្ហារបស់ភ្ញៀវទេសចរ ​ ជាហេតុធ្វើឱ្យការដោះស្រាយបញ្ហាក្នុងវិស័យនេះ ចំគោលដៅ។
 
លោកស្រី ឆាយ ស៊ីវលីន​ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ដែលជាសមាជិកមួយរូបក្នុងក្រុមការងារពិសេស បានលើកឡើងថា តាមរយៈតួនាទីនេះលោកស្រី​ នឹងបន្តស្វែងរកទីផ្សារបន្ថែម ដើម្បីជួយរកចំណូល ដល់ម្ចាស់អាជីវកម្មទេសចរណ៍។ បន្ថែមពីនេះ លោកស្រី នឹងពង្រឹងការបណ្ដុះបណ្ដាលដល់អាជីវករក្នុងវិស័យនេះបន្ថែមទៀត។


 លោកស្រី ឆាយ សៀវលីន ពាក់អាវពណ៌ប្រផេះ ក្នុងកិច្ចប្រជុំទេសចរណ៍អាស៊ាន នៅសណ្ឋាគាសូហ្វីតែល ។ រូបភាពពីទំព័រហ្វសប៊ុកក្រសួងទេសចរណ៍

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជារូបនេះ​​​​​ បញ្ជាក់ប្រាប់សារព័ត៌មានThmeyThmey25 យ៉ាងដូច្នេះថា ៖ « សមាគមទេសចរណ៍នាងខ្ញុំ នឹងចូលរួមទៅលើផ្នែកគោលនយោបាយ ផ្នែកបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព និងការអភិវឌ្ឍន៍ផលិតផលក្នុងសហគមន៍ទេសចរណ៍។ យើងនឹងស្វែងយល់ថា ផលិតផលទេសចរណ៍គួរតែមានអ្វីខ្លះ ទើបអាចត្រូវស្តង់ដា។ ការផ្សព្វផ្សាយ និងការរកទីផ្សារឱ្យប្រតិបត្តិករក្នុងស្រុកក៏ជារឿងមួយសំខាន់ ដែលយើងត្រូវចូលរួម »។
 
​លោកស្រី ឆាយ ស៊ីវលីន​ រីករាយចំពោះការរួមចំណែកជាមួយរដ្ឋាភិបាលក្នុងផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិកូវីដ-១៩។ ផែនការនេះ គឺជាក្ដីសង្ឃឹមដល់អ្នកប្រកបរបរក្នុងវិស័យទេសចរណ៍ និង​ពលរដ្ឋដែលធ្វើការក្នុងវិស័យនេះ។
 
ដោយឡែក លោកស្រី ចិន្តា ក្លេ អនុប្រធានសមាគមសណ្ឋាគារកម្ពុជា​ ជាសមាជិកមួយរូបទៀត លើកឡើងថា ការចូលរួមពីវិស័យឯកជនក្នុងផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិកូវីដ-១៩ គឺជាការរួមគ្នាដោះស្រាយបញ្ហា ឱ្យចំគោលដៅ ដោយធ្វើយ៉ាងណា​ឱ្យផែនការនេះអាចសម្រេចទៅបាន។ លោកស្រី​ យល់ថា អាជីវករ ក្នុងវិស័យទេសចរណ៍ គឺជាអ្នកទំនាក់ទំនងដោយផ្ទាល់ជាមួយភ្ញៀវទេសចរ។


 លោកស្រី ចិន្តា ក្លេ អនុប្រធានសមាគមសណ្ឋាគារកម្ពុជា

អនុប្រធានសមាគមសណ្ឋាគារកម្ពុជារូបនេះ ប្រាប់សារព័ត៌មានThmeyThmey25ដូច្នេះថា៖ «​សមាគមសណ្ឋាគារយើង នឹងជួយដល់ការអភិវឌ្ឍនេះខ្លាំង ព្រោះយើងជាអ្នកប្រតិបត្តិការផ្ទាល់។ យើងនឹងចូលរួមទាំងផ្លូវកាយ និងផ្លូវចិត្ត។ ផ្លូវកាយគឺយើងចូលរួមតាមរយៈការបណ្ដុះបណ្ដាលប្រតិបត្តិករ ពីការទទួលភ្ញៀវដោយមានការគោរពវិធានសុខាភិបាល ។ ចំណែកផ្លូវចិត្តយើងត្រូវបទបែនទៅបរិបទថ្មី​ ថែទាំភ្ញៀវតាមបែបផែនកូវីដ-១៩»។​
 
ក្រៅពីវិស័យឯកជន ការបម្រើភ្ញៀវនៅតាមសហគមន៍ ក៏ត្រូវពង្រឹងបន្ថែមក្នុងបរិបទកូវីដ-១៩ ក្នុងន័យនេះរដ្ឋាភិបាល ត្រូវបង្កើនការបណ្ដុះបណ្ដាល ដល់ប្រជាសហគមន៍ដើម្បីឱ្យពួកគេត្រៀមខ្លួនទទួលភ្ញៀវទេសចរនៅពេលបើកដើរកម្សាន្តវិញ។ មួយវិញទៀត ការពង្រឹងអនាម័យ ក៏ជារឿងសំខាន់ផងដែរ ព្រោះនេះជាការសាងទំនុកភ្ញៀវដល់ភ្ញៀវជាតិ និងអន្តរជាតិ។​
 
ជុំវិញបញ្ហានេះ លោកស្រី ចិន្តា យល់ថា​ សហគមន៍គួរបើកចិត្តឱ្យវិស័យឯកជនចូលខ្លួន ទៅបណ្ដុះបណ្ដាលការរក្សាអនាម័យ ការរៀបចំទទួលភ្ញៀវទេសចរ និងការបដិសណ្ឋារកិច្ចដល់ភ្ញៀវ ព្រោះនេះ ជាកសាងទំនុក ដល់ភ្ញៀវទេសចរ ដែលមានក្នុងផែនការមេផងដែរ។ «ប្រជាសហគមន៍មួយចំនួនគាត់តែងយល់ច្រឡំថា វិស័យឯកជន ចូលទៅដណ្ដើមផលប្រយោជន៍ពួកគាត់។ ប៉ុន្តែពួកគាត់គិតខុស ព្រោះពេលវិស័យឯកជនចូលទៅ នឹងមានការអភិវឌ្ឍ ហើយផ្ដល់ការងារដល់ពួកគាត់។​ ឯកជនមុនគេចូលទៅ ក៏គេមានកិច្ចសន្យាត្រឹមត្រូវដែរ»។ នេះជាការបញ្ជាក់របស់លោកស្រី ចិន្តា ក្លេ។
 
សូមជម្រាបផងដែរ សម្ដេច ហ៊ុន សែន អនុម័តជាផ្លូវការ «ផែនទីចង្អុលផ្លូវRoadmap» ពីផែនការស្ដារវិស័យទេសចរណ៍ នៅក្នុងនិងក្រោយវិបត្តិកូវីដ-១៩ កាលថ្ងៃទី៣០មិនា ឆ្នាំ២០២១។ ផែនការស្ដារទេសចរណ៍ ក្នុងនិងក្រោយវិបត្តិកូវីដ-១៩ បានបែកចែកជា ៣ដំណាក់កាលផ្សេងៗគ្នា​។​ ដំណាក់កាលទី១ គឺការគ្រប់គ្រងវិបត្តិក្នុងដំណាក់កាលទម្លាប់ថ្មី និងរៀបចំផែនការសម្រាប់ស្ដារឡើងវិញ ឆ្នាំ២០២១។ ដំណាក់កាលទី២ ការស្ដារឡើងវិញក្រោយវិបត្តិកូវីដ-១៩ (២០២២-២០២៣) ។ ដំណាក់កាលទី៣ ការរៀបចំឆ្ពោះទៅកាន់អនាគតថ្មីនៃវិស័យទេសចរណ៍កម្ពុជា (២០២៤-២០២៥)៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com