ជាតិ
សត្វត្រយងយក្សសម្បុកថ្មីនៅព្រៃកែវសីមា ញាស់បានកូនមួយក្បាល
08, Aug 2021 , 8:59 am        
រូបភាព
ដោយ៖ ប៉ូ សុភា  

នៅដើមខែកក្កដា ក្រុមស្រាវជ្រាវសត្វព្រៃនៃអង្គការ WCS ប្រទះឃើញកូនត្រយងយក្ស បានញាស់ជោគ​ជ័យ ដោយមានកូនចំនួន១ក្បាលក្នុងសម្បុក។  ទន្ទឹមនឹងនោះនៅថ្ងៃទី២៧ ខែកក្កដា គេបានឃើញសម្បុកត្រយងយក្សមួយបន្ថែមទៀតនៅដែនជម្រកសត្វព្រៃកែវសីមាដដែល។​ ភាពជោគជ័យនេះ បានធ្វើឱ្យអ្នកអភិរក្សរីករាយ លាយឡំនឹងក្តីព្រួយបារម្ភពីសុវត្ថិភាពរបស់ពួកវាផងដែរ។


 
លោក សូត វ៉ាន់ឌឿន ជាអ្នកសម្របសម្រួល និងស្រាវជ្រាវសត្វព្រៃនៃអង្គការ WCS បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ២៥ថា​ ត្រយងយក្សមួយសម្បុកដែលត្រូវបានប្រទះឃើញនៅថ្ងៃទី១៤ ខែឧសភាកន្លងទៅ នៅភាគខាងជើងនៃដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី បានញាស់ហើយនៅក្នុងដើមខែកក្កដា។ តាមការអង្កេតរបស់ក្រុមអ្នកស្រាវជ្រាវ បានបង្ហាញថា នៅក្នុងសម្បុកថ្មីនេះ មានកូនចំនួន១ក្បាល ហើយមេរបស់វាក៏កំពុងបញ្ចុកចំណីជារៀងរាល់ថ្ងៃ។ 
 
ទន្ទឹមនឹងភាពជោគជ័យនៃការញាស់របស់កូនសត្វត្រយងយក្ស អ្នកសម្របសម្រួលរូបនេះ ក៏ព្រួយបារម្ភពីកត្តាគំរាមកំហែងផ្សេងៗនៅជុំវិញតំបន់ខាងលើ ដែលអាចធ្វើឱ្យរអាក់រអួលដល់ដំណើរនៃការវិវត្តរបស់កូនសត្វប្រភេទនេះ។ «ខ្ញុំបារម្ភណាស់កូនវាញាស់ហើយ តែយើងនៅតែពិបាកចិត្ត ព្រោះវាកើតហើយពិតមែន តែកូនតូចមិនទាន់ចេះហើរទេ។ ជួនអីបើមានការរំខាន់ពីអ្នកខាងក្រៅ អាចធ្វើឱ្យមេវាផ្អើលហើយហើរចោលសម្បុក និងកូនតូច។ ដូច្នេះ បើមានករណីនេះកើតឡើងដូចជាយើងបរាជ័យដដែលហ្នឹង»។ នេះជាការបារម្ភរបស់លោក  សូត វ៉ាន់ឌឿន។
 
ជាមួយនឹងវត្តមានកូនត្រយងយក្សមួយក្បាលថ្មីនេះ ក្រុមអ្នកជំនាញបានរកឃើញសម្បុកត្រយកយក្សមួយបន្ថែមទៀតផងដែរ។ ក្រុមអ្នកស្រាវជា្រវខាងលើ កំពុងលើកទឹកចិត្តឱ្យមានសហការរវាងអ្នកភូមិក្នុងសហគមន៍ខាងលើ ដើម្បីការចូលរួមយាមសម្បុកត្រយង ដែលទើបចួបនៅចុងខែកក្កដាកន្លង។
 
លោក វ៉ាន់ឌឿន លើកឡើងយ៉ាងដូច្ន៖«សម្បុកដែលទើបចួប ពួកយើងមិនទាន់អាចរកអ្នកភូមិដែលស្ម័គ្រចិត្តយាមវានៅឡើយទេ ដោយសារក្នុងអំឡុងពេលនេះអ្នកភូមិក្នុងសហគមន៍កំពុងមមាញញឹកប្រមូលផលចម្ការ។ ក្នុងពេលនេះ យើងក៏បារម្ភថាអាចនឹងមានអ្នកចូលទៅរំខានពួកវា ព្រោះមិនទាន់មានអ្នកការពារពួកវានៅឡើយ»។  
 
អ្នកសម្របសម្រួល និងស្រាវជ្រាវសត្វព្រៃនៃអង្គការ WCS រូបនេះ បានសំណូមពរដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ឱ្យចូលរួមឱ្យតម្លៃសត្វព្រៃ តាមរយៈការសហការជាមួយអង្គការ ដោយចូលរួមយាមសម្បុករបស់ពួកវា, ស្វែងយល់ពីអត្ថប្រយោជន៍ និងសារៈសំខាន់ផ្សេងៗដែលបានមកពីប្រភេទសត្វនេះ​ និងសូមកុំបរិភោគ ឬសម្លាប់ រួមទាំងកុំកាប់បំផ្លាញព្រៃជាជម្រករបស់វា ក្នុងន័យដើម្បីសង្គ្រោះជីវិតពួកវាឱ្យនៅគង់រង្សនៅក្នុងព្រៃធម្មជាតិក្នុងប្រទេសកម្ពុជា៕
 
 
 

Tag:
 ត្រយងយក្ស
  សម្បុកថ្មី
  ញាស់
© រក្សាសិទ្ធិដោយ thmeythmey.com