COVID-19
ជាតិ
កូវីដ-១៩ ធ្វើឲ្យរដ្ឋាភិបាលកម្ពុជា ដឹងថា «មន្រ្តីតិច ក៏អាចធ្វើការបានដែរ»
08, Aug 2021 , 6:59 pm        
រូបភាព
សម្តេច ស ខេង ថ្លែងក្នុងពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធិផលផ្សេងៗក្នុងវត្តព្រៃតាម៉ុក នៅឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩។
សម្តេច ស ខេង ថ្លែងក្នុងពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធិផលផ្សេងៗក្នុងវត្តព្រៃតាម៉ុក នៅឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩។
ជំងឺកូវីដ-១៩ ធ្វើឲ្យរដ្ឋាភិបាលកម្ពុជា ឆ្លងកាត់បទពិសោធមួយ​ គឺមន្រ្តីតិច តែការងារ នៅតែដំណើរការ។ អ្នកតាមដានស្ថានការណ៍សង្គម គាំទ្រឲ្យកាត់បន្ថយមន្រ្តីរាជការតាមស្ថាប័នដែលមិនសូវចាំបាច់។

 
ពេលកម្ពុជា ចាប់ផ្តើមផ្ទុះជំងឺកូវីដ-១៩ មន្រ្តីក្នុងរង្វង់តែ២ទៅ១០ភាគរយប៉ុណ្ណោះ 
ដែលរដ្ឋាភិបាល ទុកឲ្យបំពេញការងារផ្ទាល់និងប្រចាំការនៅតាមក្រសួង-ស្ថាប័ននីមួយៗ ឯក្រៅពីនេះ ត្រូវបំពេញការងារតាមអនឡាញពីគេហដ្ឋានរៀងៗខ្លួន។ ថ្វីបើក្រសួង-ស្ថាប័នរដ្ឋនីមួយៗ ទុកមន្រ្តីតិចតួចឲ្យប្រចាំការដូច្នេះក្តី តែការងារក្នុងក្រសួង-ស្ថាប័នទាំងអស់នោះ មិនចោទជាបញ្ហាអ្វីឲ្យធ្ងន់ធ្ងរឡើយ។ 
 
ស្ថានភាពអំពីក្រសួង-ស្ថាប័នរដ្ឋ នៅដំណើរការងារជាធម្មតា ជាមួយនឹងចំនួនមន្រ្តីដ៏តិចតួចនេះ គឺគេ បានដឹងតាមរយៈប្រសាសន៍របស់សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលថ្លែងក្នុងពិធីប្រគល់រថយន្ត ហ្វ័រ រេងជើ ភិក អាប់ (Ford Ranger Pick-up) ចំនួន៨៧គ្រឿងដល់បណ្តាស្នងការដ្ឋាននគរបាលខេត្ត ដើម្បីយកទៅបែងចែកឲ្យអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ ក្នុងបរិវេណក្រសួងមហាផ្ទៃ។
 
ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ សម្តេចរដ្ឋមន្រ្តី កត់សម្គាល់ឃើញថា បើប្រៀបធៀបរវាងការងារ ដែលមានមន្រ្តីក្នុងអង្គភាពផ្ទាល់ទាំងអស់គ្នា (១០០ភាគរយ) ជាមួយការងារ ដែលមានមន្រ្តីក្នុងអង្គភាពតែ២ភាគរយ គឺការងារ ដែលមានមន្រ្តីក្នុងអង្គភាពតែ២ភាគរយ បានថយចុះតិចតួចប៉ុណ្ណោះ ខណៈកិច្ចការជាច្រើនទៀត និងកិច្ចការធំៗ នៅអាចដំណើរការជាប្រក្រតី។ ផ្អែកលើសម្មតិកម្មនេះ សម្តេច បានទាញចេញជាសេចក្តីសន្និដ្ឋានថា ទៅថ្ងៃមុខ រដ្ឋាភិបាល​កម្ពុជា អាចកាត់បន្ថយចំនួនមន្រ្តីរាជការបាន ដ្បិតបច្ចុប្បន្ន មន្រ្តីរាជការ ដែលនៅប្រចាំការតាមក្រសួង-ស្ថាប័ន មាន២ភាគរយប៉ុណ្ណោះ តែអាចដំណើរការបាន។ 
 
រដ្ឋមន្រ្តីមហាផ្ទៃ មានប្រសាសន៍ថា៖«ឆ្នាំ [២០២១] នេះ យើង អាចរកឃើញបញ្ហាមួយត្រង់ថា ចំនួនមន្រ្តីក្របខ័ណ្ឌរបស់យើង យើង អាចមានលទ្ធភាព ដើម្បីកាត់បន្ថយបាន។ កាត់បន្ថយបាន ពីព្រោះថា នៅ២ភាគរយ យើង ធ្វើការបានប៉ុណ្ណឹង អ៊ីចឹង យើង អាចថែម១០ភាគទៀត ក៏វា អត់បញ្ហា តែវា បានថយចុះក្របខ័ណ្ឌយ៉ាងច្រើន»។ សម្តេច បន្តថា៖«នេះ ខ្ញុំ គ្រាន់តែប្រមើលមើលជាបឋមប៉ុណ្ណឹងទេ ដែលចាត់ទុកថា ជាកម្មវត្ថុ ឬជារបៀបវារៈការងាររបស់យើង ក្នុងកំណែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីធានាឲ្យរដ្ឋបាលនេះ មានគុណភព មានប្រសិទ្ធភាព ហើយធានាបាននូវការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ»។
 
លោកបណ្ឌិត មាស នី អ្នកតាមដានស្ថានការណ៍សង្គម មើលឃើញថា មិនមែនតែមន្រ្តីរាជការទេ ដែលមានចំនួនច្រើន ក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាល ក៏ធំដែរ ដែលគួរតែកាត់បន្ថយ។ យ៉ាងណា លោក ជំរុញឲ្យមានការសិក្សាច្បាស់លាស់ជាមុនថា កន្លែងណា គួរកាត់បន្ថយ ហើយកន្លែង មិនគួរកាត់បន្ថយ។ លោក បន្ថែមថា កន្លែងណា ដែលមិនមានមន្រ្តីរាជការគ្រប់គ្រាន់ ការបំពេញការងារ នឹងមិនមានប្រសិ្ធភាពឡើយ ហើយកន្លែងណា ដែលមានមន្រ្តីច្រើនពេកលើសពីតម្រូវការ ការងារ អាចនឹងមិនដំណើរការដូចគ្នា ដោយសារពួកគេប្រចាំគ្នា។ 
 
អ្នកតាមដានស្ថានការណ៍សង្គមរូបនេះ បញ្ជាក់ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗថា៖«ខ្ញុំ ចង់ឃើញ រដ្ឋាភិបាល ប្រើប្រាស់ថវិកា ដែលយើង បង់ពន្ធឲ្យមានប្រសិទ្ធភាព ជាជាងគ្រាន់តែការយកលុយទៅចិញ្ចឹមមនុស្សច្រើនហូរហៀ ដែលជាលុយញើសឈាមរបស់ប្រជាពលរដ្ឋអ្នកបង់ពន្ធ ឲ្យរដ្ឋបានគិត។ […] ហើយចំនួនមន្រ្តីរាជការ ដែលកំពុងធ្វើការក្នុងស្ថាប័នរដ្ឋហ្នឹង កុំចេះតែប្រមូលចូល ដោយសារកត្តានយោបាយ ដោយសារអ្នកហ្នឹងឯង ជាខ្សែបណ្តាញនយោបាយ […]»។ 
 
បន្ថែមពីនេះ លោក នៅតែរិះគន់អំពីការរៀបចំបក្សពួក និងគ្រួសារនិយមក្នុងស្ថាប័នរដ្ឋ។ លោក មើលឃើញផលអវិជ្ជមានថា បក្សពួក និងគ្រួសារនិយមក្នុងស្ថាប័នរដ្ឋ ធ្វើឲ្យការងារ រាំងស្ទះ ហើយម្យ៉ាងទៀត បើទោះបីជាចង់ជម្រុះចេញ ក៏ពិបាកដែរ ពីព្រោះ ជាក្រុមរបស់ពួកគេ។ 
 
លោក យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ មិនអាចដឹងឡើយថា ទៅថ្ងៃមុខ រដ្ឋាភិបាលកម្ពុជា មានផែនការកាត់បន្ថយចំនួនមន្រ្តីរាជការឬយ៉ាងណា។ ប៉ុន្តែ លោក អាចនិយាយបានថា បច្ចុប្បន្ន ការរើសឬការបន្ថែមចំនួនមន្រ្តីរាជការ គឺមានភាពតឹងរ៉ឹង ខណៈកម្ពុជា កំពុងមានបញ្ហាសេដ្ឋកិច្ចដោយសារជំងឺកូវីដ-១៩។ 
 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ មន្រ្តីជាន់ខ្ពស់នៃក្រសួងមុខងារសាធារណៈរូបនេះ អធិប្បាយថា៖«[មន្រ្តីរាជការ] មិនជ្រើសរើសច្រើនទេ គឺជ្រើសរើសផ្អែកលើគោលការណ៍ នៃចំនួនមន្រ្តីរាជការ ដែលចូលនិវត្ត។ គោលការណ៍ហ្នឹង យើង រក្សាប៉ុន្មានឆ្នាំមកហើយ ក្នុងគោលដៅធ្វើយ៉ាងម៉េច ឲ្យមន្រ្តីរាជការ នៅក្នុងចំនួនមួយ ដែលយើង អាចធានាបាននូវការងារផង ហើយអាចទ្រទ្រង់បានតាមលទ្ធភាពថវិកាផង»។
 
លោក លើកឡើងថា ក្នុងបរិបទជំងឺកូវីដ-១៩ មានវិស័យ២ គឺវិស័យអប់រំ និង វិស័យសុខាភិបាល ជាពិសេសវិស័យសុខាភិបាល នៅតែត្រូវបន្ថែមចំនួនមនុស្សធ្វើការ។ លោក រំលេចពីវិស័យសុខាភិបាលថា វិស័យនេះ កាន់តែរវល់ និងត្រូវការកម្លាំងមនុស្សកាន់តែច្រើន ក្នុងការបំពេញការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ចំណែកវិស័យផ្សេងទៀត ដែលមិនសូវចាំបាច់ ត្រូវកាត់បន្ថយនិងផ្អាកការជ្រើសរើសមន្រ្តីរាជការសិន។  
 
លោក យក់ ប៊ុនណា អះអាងថា កាលពីមិនទាន់ផ្ទុះជំងឺកូវីដ-១៩ ជាមធ្យម រដ្ឋាភិបាលកម្ពុជា ជ្រើសរើសមន្រ្តីរាជការប្រមាណ៦ពាន់នាក់ ឬក្រោម១ម៉ឺននាក់ ក្នុង១ឆ្នាំៗ សម្រាប់បម្រើការងារតាមក្រសួង-ស្ថាប័នរដ្ឋ។ នៅឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជា ផ្អាកជ្រើសរើសមន្រ្តីរាជការ ខណៈឆ្នាំ២០២១នេះ ត្រូវជ្រើសរើសប្រមាណ៦ពាន់នាក់។  
 
បើតាមរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈរូបនេះដដែល សព្វថ្ងៃ មន្រ្តីរាជការទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ មានប្រមាណ២២ម៉ឺននាក់។ មន្រ្តីរាជការប្រមាណ២២ម៉ឺននាក់នេះ គឺបម្រើការងារក្នុងក្រសួង-ស្ថាប័ន ដែលចំណុះឲ្យរដ្ឋាភិបាល ដោយមិនរាប់បញ្ចូល កងកម្លាំងប្រដាប់អាវុធ មន្រ្តីក្នុងអង្គការនីតិបញ្ញត្តិ  មន្រ្តីក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និង មន្រ្តីមួយចំនួនក្នុងតុលាការនោះទេ៕ 
 
 

Tag:
 ស ខេង
  មាស នី
  យក់ ប៊ុនណា
  រដ្ឋបាលសាធារណៈ
  កាត់បន្ថយមន្រ្តីរាជការ
© រក្សាសិទ្ធិដោយ thmeythmey.com