COVID-19
ជាតិ
ពលរដ្ឋកម្ពុជាជាងពាក់កណ្ដាលប្រទេសហើយ បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩
08, Aug 2021 , 3:43 pm        
រូបភាព
ភ្នំពេញ៖ កម្ពុជាមានពលរដ្ឋ ៨,០៤៤,៧០៧ នាក់ហើយ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។  តួលេខនេះ ស្មើនឹងអត្រា ៥០,២៨ភាគរយ ក្នុងផែនការចាក់វ៉ាក់សាំងប្រជាជនសរុប១៦លាននាក់ ។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ដែលបានបញ្ជាក់ថា ក្នុងចំណោមអ្នកដែលចាក់វ៉ាក់សាំងបង្ការកូវីដ-១៩នេះ មានជាង៥,៦លាននាក់ បានចាក់ដូសលើកទី២ហើយ។

 
បើតាមរបាយការណ៍ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី៧ ខែសីហា ពលរដ្ឋទូទាំងប្រទេស ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ មាន ៨,០៤៤,៧០៧នាក់ ក្នុងនោះកុមារ និងយុវជនអាយុ១២ដល់១៧ឆ្នាំ មាន២៥២,៤៤៨នាក់ និង ពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើងទៅ មាន២៥២,៤៤៨ នាក់។ 
 
ជាមួយគ្នានេះ ពលរដ្ឋបានចាក់វ៉ាក់សាំង Sinopharm មាន ២,៨២៨,០៣២នាក់, ពលរដ្ឋ ១៦៥,៦០៨ នាក់ បានចាក់វ៉ាក់សាំង Covishield(Astra Zeneca) , AstraZeneca (Japan) មាន ១៦២,១២២នាក់, Johnson & Johnson មាន១៨៤,៣៥២ នាក់ និង ៤,៤៥២,១៤៥ នាក់ទៀត បានចាក់វ៉ាក់សាំង Sinovac។ 
 
កម្ពុជាផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនពលរដ្ឋ និងកងកម្លាំងយោធា តាំងពីថ្ងៃទី១០កុម្ភៈ ឆ្នាំ២០២១មក។ លើសពីនេះ នៅដើមខែសីហា ឆ្នាំ២០២១ រដ្ឋាភិបាល បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ឲ្យកុមារនិងមនុស្សវ័យជំទង់អាយុចាប់ពី១២ឆ្នាំដល់អាយុ១៧ឆ្នាំ និងនៅថ្ងៃទី ៨សីហា រដ្ឋាភិបាលចាប់ផ្ដើម ចាក់វ៉ាក់សាំងដូសទី៣ ដល់មន្រ្តីជួរមុខនៅតាមខេត្តជាប់ព្រំដែនថែមទៀត។ 
 
បច្ចុបន្ន កម្ពុជាមានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយ និងការបញ្ជាទិញ មានជាង ២០លានដូស។ ក្នុងនោះមាន Johnson & Johnson ជាង១លានដូស, CoviShield  មាន៣២៤,០០០ដូស, AstraZeneca មាន១លានដូស, Sinovac មាន១២,៥លានដូស និងវ៉ាក់សាំងរបស់Sinopharm មាន៦,២លានដូស៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com