កីឡាអន្តរជាតិ
អន្តរជាតិ
៣ប្រទេសបានមេដាយអូឡាំពិកដំបូង ខណៈហ្វីលីពីនក្នុងចំណោមក្រុមដែលឈ្នះមេដាយមាសជាប្រវត្តិសាស្ត្រ
09, Aug 2021 , 9:29 am        
រូបភាព
ដោយ: រួបរួម
អត្តពលិកពីគណៈកម្មការអូឡាំពិកជាតិ (NOCs) ចំនួន៩៣ បានឈ្នះមេដាយពីព្រឹត្តិការណ៍កីឡា អូឡាំពិកក្រុងតូក្យូ (Tokyo 2020) ដែលមានចំនួនច្រើនបំផុតក្នុងប្រវត្តិសាស្ត្រអូឡាំពិក។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ ប្រទេសចំនួន៣ បានឈ្នះមេដាយអូឡាំពិកជាលើកដំបូង ខណៈហ្វីលីពីន ស្ថិតក្នុងចំណោមប្រទេសដំបូងដែលបានមេដាយមាស។

 
មេដាយចំនួន១០៨០ ត្រូវបានចែកជូនជ័យលាភី ក្នុងនោះមេដាយមាស៣៤០ ប្រាក់៣៣៨ និងសំរឹទ្ធ៤០២។ ប្រទេស/ក្រុម ១០ដែលទទួលមេដាយច្រើនជាងគេ គឺសហរដ្ឋអាមេរិក ចិន ម្ចាស់ផ្ទះជប៉ុន ចក្រភពអង់គ្លេស គណៈកម្មការអូឡាំពិករុស្ស៊ី អូស្ត្រាលី ហូឡង់ បារាំង អាល្លឺម៉ង់ និងអ៊ីតាលី។
 
ប្រទេសដែលឈ្នះមេដាយអូឡាំពិកដំបូងបំផុត៖

តួកមេនីស្ថាន៖ 
ក្រោយបំបែកចេញពីសហភាពសូវៀត តួកមេនីស្ថាន បានចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកលើកដំបូងនៅឆ្នាំ១៩៩៦។ ក្នុងព្រឹត្តិការណ៍ Tokyo 2020 នេះ តួកមេនីស្ថាន បានបញ្ជូនអត្តពលិក៩នាក់ ក្នុង៤ប្រភេទកីឡា។
 


ក្រោយរង់ចាំអស់២៦ឆ្នាំ កីឡាការិនី Polina Guryeva បានក្លាយជាម្ចាស់មេដាយអូឡាំពិកលើកដំបូងបំផុត ក្នុងប្រវត្តិសាស្ត្រប្រជាជាតិអាស៊ីកណ្តាលមួយនេះ ដោយទទួលបានមេដាយប្រាក់ លើវិញ្ញាសាលើកទម្ងន់៥៩គីឡូក្រាម កាលពីថ្ងៃទី២៧ ខែកក្កដា។
 
សាំងម៉ារ៉ាំង៖
សាំងម៉ារ៉ាំង ក្លាយជាប្រជាជាតិដ៏តូចជាងគេ ដែលបានឈ្នះមេដាយពីព្រឹត្តិការណ៍អូឡាំពិក និងជាមេដាយលើកដំបូង បើគិតចាប់តាំងពីឆ្នាំ១៩៦០មក។ ក្នុងចំណោមអត្តពលិក៥នាក់ លើ៤ប្រភេទកីឡា សាំងម៉ារ៉ាំង បានឈ្នះមេដាយប្រាក់១ និងសំរឹទ្ធ២។
 



កាលពីថ្ងៃទី២៩ ខែកក្កដា កីឡាការិនី Alessandra Perilli បានឈ្នះមេដាយសំរឹទ្ធ លើវិញ្ញាសាបាញ់កាំភ្លើង Women’s Trap ដែលជាមេដាយមាសដំបូងបំផុត នៃរដ្ឋដ៏តូចមួយនេះ។ ពីរថ្ងៃក្រោយមក Perilli ចាប់ដៃគូជាមួយកីឡាករ Gian Marco Berti ហើយបានមេដាយប្រាក់ដំបូងជាប្រវត្តិសាស្ត្រផងដែរ។ នៅថ្ងៃទី៥ ខែសីហា កីឡាករចំបាប់ Myles Amine បានឈ្នះមេដាយសំរឹទ្ធមួយបន្ថែមទៀត ក្នុងទម្ងន់៨៦គីឡូក្រាម។
 
បួរគីណាហ្វាសូ៖
រដ្ឋអាហ្វ្រិកខាងលិចមួយនេះ បានបញ្ជូនអត្តពលិក៧នាក់ ក្នុង៥ប្រភេទកីឡា។ បើគិតចាប់តាំងពីឆ្នាំ១៩៧២មក បួរគីណាហ្វាសូ បានចូល​ក្នុងតារាងមេដាយលើកដំបូង។  អ្នកដែលសម្រេចបានសុបិនដែលរង់ចាំអស់៤៩ឆ្នាំនេះ គឺកីឡាករអត្តពលកម្ម Hugues Fabrice Zango ដែលបានឈ្នះមេដាយសំរឹទ្ធ លើវិញ្ញាសា Men’s Triple Jump កាលពីថ្ងៃទី៥ ខែសីហា។
 


មេដាយមាសអូឡាំពិកលើកដំបូងបំផុត

ហ្វីលីពីន៖
ជាក្រុមពីតំបន់អាស៊ីអាគេ្នយ៍ ដែលជោគជ័យជាងគេនៅតូក្យូ ដោយទទួលបានមេដាយមាស១ ប្រាក់២ និងសំរឹទ្ធ១ ក្នុងចំណោមអត្តពលិក១៩នាក់ លើ១១ប្រភេទកីឡា។ បើគិតចាប់តាំងពីឆ្នាំ១៩២៤មក នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលហ្វីលីពីនឈ្នះមេដាយមាស។
 


ម្ចាស់កំណត់ត្រាប្រវត្តិសាស្ត្រ៩៧ឆ្នាំ សម្រាប់ហ្វីលីពីននៅអូឡាំពិកនោះគឺ កីឡាការិនីលើកទម្ងន់ Hidilyn Diaz បានឈ្នះមេដាយមាសលើវិញ្ញាសា ទម្ងន់៥៥គីឡូក្រាម កាលពីថ្ងៃទី២៦ ខែកក្កដា។ ជាមួយគ្នា កីឡាការិនី Nesthy Petecio ក៏បានក្លាយជាកីឡាការិនីប្រដាល់ហ្វីលីពីន ដែលបានឈ្នះមេដាយប្រាក់អូឡាំពិកផងដែរ។
 
ប៊ែរមុយដា៖
ជាដែនដីឯនាយសមុទ្ររបស់ចក្រភពអង់គ្លេស ដែលស្ថិតនៅប៉ែកមហាសមុទ្រអាត្លង់ទិចខាងជើង ប៊ែរមុយដា បានបញ្ជូនអត្តពលិក២នាក់ លើ២ប្រភេទកីឡា ហើយបានឈ្នះមេដាយមាសលើកដំបូង បើគិតចាប់តាំងពីឆ្នាំ១៩៣៦មក និងជាមេដាយអូឡាំពិកទី២ បើគិតចាប់តាំងពីពួកគេ ទទួលបានសំរឹទ្ធ១ នៅឆ្នាំ១៩៧៦។


 
អ្នកដែលសម្រេចបានកំណត់ត្រាដ៏ភ្ញាក់ផ្អើល សម្រាប់ដែនកោះដ៏តូចនេះ គឺកីឡាការិនី Flora Duffy ដែលបានឈ្នះមេដាយមាសលើវិញ្ញាសាទ្រីយ៉ាត្លុង កាលពីថ្ងៃទី២៧ ខែកក្កដា។
 
កាតា៖
កាតាបានឈ្នះមេដាយមាស២ និងសំរឹទ្ធ១ ក្នុងចំណោមអត្តពលិក១៦នាក់ និង៧ប្រភេទកីឡាដែលបានទៅប្រកួតប្រជែងនៅតូក្យូ។ បើគិតចាប់តាំងពីឆ្នាំ១៩៨៤មក នេះជាការឈ្នះមេដាយមាសអូឡាំពិកលើកដំបូងបំផុត ហើយជាពិសេសឈ្នះ រហូតដល់ទៅ២ ក្នុងព្រឹត្តិការណ៍តែមួយ។
 
អ្នកដែលបានសម្រេចកំណត់ត្រាសម្រាប់តាកា​ គឺកីឡាករលើកទម្ងន់៩៦គីឡូក្រាម Fares El-Bakh ដែលបានឈ្នះមេដាយមាសកាលពីថ្ងៃទី៣១ ខែកក្កដា ហើយមួយថ្ងៃបន្ទាប់ កីឡាករអត្តពលិក Mutaz Essa Barshim ឈ្នះមេដាយមាស១ទៀត លើវិញ្ញាសាលោតកម្ពស់ (Men’s High Jump)។
 
ក្រៅពីនេះ មានអត្តពលិកផ្សេងទៀត ជាពិសេសកីឡាអត្តពលកម្ម និងហែលទឹក ដែលបានបំបែកកំណត់ត្រាមុនៗ។ ប្រទេស/ក្រុម/តំបន់ខ្លះ មានអត្តពលិក បានទទួលមេដាយលើប្រភេទកីឡា ដែលពួកគេមិនធ្លាប់ទទួលបានពីមុនផងដែរ៕
 


 
 
 
 
 
 

Tag:
 Tokyo 2020
© រក្សាសិទ្ធិដោយ thmeythmey.com