កីឡាអន្តរជាតិ
អន្តរជាតិ
Koeman៖ ទោះជា Barca គ្មាន Messi ប៉ុន្តែយើងត្រូវបន្តដំណើរទៅមុខ
09, Aug 2021 , 10:52 am        
រូបភាព
ដោយ៖ជា យូគៀង 

លោក Ronald Koeman អ្នកចាត់ការទូទៅក្រុមអ្នកមានបុណ្យ Barcelona បានដាស់តឿនកូនក្រុមទាំងអស់ឲ្យបន្តការប្រឹងប្រែងខ្លាំងថែមទៀត បើទោះជាគ្មានកីឡាករឆ្នើម Lionel Messi ក៏ដោយ។ លោក Koeman និយាយបែបនេះក្រោយពីក្លិប Barcelona ឈ្នះ ក្រុមសេះបង្កង់ Juventus ដោយលទ្ធផល ៣-០ ក្នុងពានរង្វាន់ Gamper Trophy នាថ្ងៃទី៩ ខែសីហា។




កីឡាករឆ្នើម Lionel Messi បានក្លាយជាអ្នករួមចំណែកដ៏ធំមួយសម្រាប់ក្លិប Barcelona ប្រមាណជិត ២០ឆ្នាំមកហើយ ប៉ុន្តែដោយសារតែវិបត្តិហរិញ្ញវត្ថុ ដែលក្លិបបានជួបប្រទះ ព្រមទាំងច្បាប់របស់សហព័ន្ធបាល់ទាត់អេស្ប៉ាញ La Liga ដែលធ្វើឲ្យ Messi មិនអាចបន្តរួមរស់ជាមួយក្លិបអ្នកមានបុណ្យទៀតបាន។ លោក Koeman គ្រូបង្វឹកក្រុម Barca និយាយថា ពេលនេះមិនមែនជាពេល ដែលត្រូវសោកស្តាយនៃការបាត់បង់ប្រធានក្រុម Messi របស់ពួកគេនោះទេ។
 
«វាជារឿងធម្មតាទៅហើយនៅពេលមានកីឡាករដូច Messi ត្រូវចាកចេញ វាពិតជាផ្តល់ការពិបាកដល់អ្នកទាំងអស់គ្នាទទួលយក ប៉ុន្តែពួកយើងត្រូវតែបន្តទៅមុខ ព្រោះយើងមិនអាចផ្លាស់ប្តូរវាក្នុងកាលៈទេសៈនេះបានទេ»។ នេះជាការលើកឡើងរបស់អ្នកចាត់ការក្លិបអ្នកមានបុណ្យ។
 
លោក Koeman ប្រាប់ក្នុងសន្និសីទកាសែត ក្រោយចប់ការប្រកួតថា៖«ពួកយើងត្រូវតែបន្តប្រយុទ្ធ ពួកយើងធ្វើបានល្អ ការឈ្នះនិងខិតខំព្យាយាមបន្ថែមទៀត យើងមានកីឡាករ ដែលអាចជំនួសតំណែងរបស់ Messi នៅទីតាំងដែលគាត់លេង ហើយក៏ជាតំបន់ដ៏សំខាន់សម្រាប់ក្រុមដូចគ្នា។ ពួកយើងមិនមាន Leonel Messi ប៉ន្តែយើងនៅមានកីឡាករល្អៗមានសមត្ថភាពជាច្រើនក្នុងការបន្តដើរផ្លូវមួយនេះបន្តទៀត»។
 
លោក Ronald Koeman ក៏បានរំពឹងដែរថា កីឡាករដទៃទៀត នឹងបន្តបង្ហាញទម្រង់លេងដ៏ល្អបំផុត ទៅកាន់អ្នកគាំទ្រ ក្រោយគ្មានប្រធានក្រុម Lionel Messi ។
 

© រក្សាសិទ្ធិដោយ thmeythmey.com