ជាតិ
ក្រសួងកសិកម្ម និងក្រុមហ៊ុនអូស្រ្តាលី ព្រមព្រៀងគ្នា ជំរុញផលិតកម្មដំណាំស្ដង់ដារសរីរាង្គ
10, Aug 2021 , 6:59 pm        
រូបភាព
រូបភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រូបភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ក្រសួងកសិកម្ម បានចុះ MOU ជាមួយក្រុមហ៊ុន Lexmin Pty Ltd Cambodia លើការជំរុញដំណាំកសិកម្មស្តង់ដារសរីរាង្គ និងពង្រឹងសមត្ថភាពកសិករ ដើម្បីទទួលបានឱកាសការងារនៅតាមបណ្ដាកសិដ្ឋាននានាក្នុងប្រទេសអូស្រ្តាលី។ កិច្ចការសហការនេះ នឹងបង្កើនផលិតកម្មដំណាំស្តង់ដារសរីរាង្គទាំងបរិមាណ និងគុណភាពសម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ។



ក្រសួងកសិកម្ម និងក្រុមហ៊ុន Lexmin Pty Ltd Cambodia បានចុះ MOU នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ លើការជំរុញដំណាំកសិកម្មស្តង់ដារសរីរាង្គ និងពង្រឹងសមត្ថភាពកសិករ ដើម្បីទទួលបានឱកាសការងារនៅតាមបណ្ដាកសិដ្ឋាននានាក្នុងប្រទេសអូស្រ្តាលី។ នេះបើតាមលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។  
 
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានលើកឡើងថា ការចុះ MOU នេះ ក្នុងគោលបំណងផ្សាភ្ជាប់ទំនាក់ទំនងផលិតផលកសិកម្មកម្ពុជាទៅទីផ្សារអន្តរជាតិ និងអភិវឌ្ឍវិស័យកសិកម្មសរីរាង្គសម្រាប់ពេលអនាគត។ ទន្ទឹមនឹងនេះ វាក៏ជាផ្នែកមួយលើកកម្ពស់ផលិតកសិកម្ម ការកែច្នៃ តម្លៃខ្ពស់ផងដែរ។ រដ្ឋមន្រ្តីក្រសួងកសិកម្ម បញ្ជាក់ថា លើសពីការជំរុញដំណាំកសិកម្មទៅទីផ្សារអន្តរជាតិ ការចុះMOU នេះក៏ជាផ្នែកមួយជួយដល់កសិករអាចបង្កើនប្រាក់ចំណូល សមត្ថភាពបច្ចេកទេស និងឱកាសការងារផងដែរ។


រូបភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ 

បើតាមលោក វេង សាខុន ដដែល បច្ចុប្បន្នក្រសួងកសិកម្មអនុវត្តប្រព័ន្ធផលិតកម្មកសិកម្មសរីរាង្គចំនួន២គឺ ការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP) និងកសិកម្មសរីរាង្គកម្ពុជាលេខ១៦៣ ប្រក.កសក ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ (CamOrg)។ នេះជាយន្តការបច្ចេកទេស ក្នុងការជំរុញ លើកកម្ពស់ដំណាំកសិកម្មស្របតាមស្តង់ដារគុណភាព និងសុវត្ថិភាពចំណីអាហារ៕
 
 

Tag:
 MOU
 ដំណាំស្ដង់ដារសរីរាង្គ
© រក្សាសិទ្ធិដោយ thmeythmey.com