កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធាន La Liga ថា Real Madrid កំពុងគំរាមកំហែងសហព័ន្ធសារជាថ្មី
11, Aug 2021 , 2:39 pm        
រូបភាព
ដោយ៖ជា យូគៀង

ក្លិបអធិរាជស Real Madrid កំពុងតែរៀបចំពាក្យបណ្តឹងប្តឹងប្រធាន La Liga គឺលោក Javier TaBas ជុំវិញករណីម្ចាស់ភាគហ៊ុនឯកជនដែលជាដៃគូរបស់ La Liga និងទទួលបានចំណែក ១០ភាគរយនៃសិទ្ធិទូរទស្សន៍របស់លីគអេស្ប៉ាញមួយនេះ នាថ្ងៃអនាគត។ ក្លិបយក្សរបស់អេស្ប៉ាញមួយនេះ មិនសប្បាយចិត្តចំពោះប្រធាន La Liga ដែលផ្ដល់សិទ្ធឲ្យក្រុមហ៊ុនវិនិយោគបែបនេះឡើយ។


សហព័ន្ធបាល់ទាត់ La Liga របស់អេស្ប៉ាញនិងក្រុមហ៊ុន CVC Capital Partner បានយល់ព្រមជាដៃគូគ្នា ដោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគទឹកប្រាក់ ២,៧ ពាន់លានអឺរ៉ូ ដល់លីគអេស្ប៉ាញមួយនេះ ដោយប្ដូរមកវិញនូវទឹកប្រាក់ ប្រមាណ១០ភាគរយ ពីការផ្សាយរាល់ការប្រកួតក្នុងក្របខណ្ឌ។ ក្លិប Real Madrid មិនពេញចិត្តលើការវិនិយោគថ្មីនេះ មកកាន់ La Liga ហើយ ក៏បានប្រឆាំងទៅនឹងការចុះកិច្ចព្រមព្រៀងរវាង La Liga និងក្រុម CVC ។
 
«ក្រុមប្រឹក្សាភិបាលរបស់ក្លិបបានជួបប្រជុំគ្នានៅម៉ោង ១១ នាព្រឹកថ្ងៃទី១០ ហើយបានសម្រេចជាឯកច្ឆ័ន្ទថានឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ទាំងផ្នែករដ្ឋរួមទាំងព្រហ្មទណ្ឌ ដើម្បីប្រឆំាំង​នឹងប្រធាន La Liga លោក Javier Tabas  រួមទាំងលោក Javier de Jaime Guijarro ប្រធានក្រុមហ៊ុន CVC Capital Partner។ ក្រុមប្រឹក្សាភិបាល ក៏បានសម្រេចអនុវត្តនូវរាល់សកម្មភាពផ្លូវច្បាប់ដ៏សមស្រប ក្នុងការលុបបំបាត់កិច្ចព្រមព្រៀងរវាង La Liga និងក្រុមហ៊ុន CVC ផងដែរ»។ នេះបើតាមសេចក្តីថ្លែងការរបស់ក្លិប Real Madrid។
 
ឆ្លើយតបទៅកាន់ក្លិប Real Madrid វិញលោក Javier Tabas ក៏ចោទក្លិបអធិរាជស ដែលមានលោក Florentino Perez ជាប្រធាននេះ ថា កំពុងគំរាមកំហែងនិងប្រើប្រាស់ឯកជនភាពខ្លួន មកលើសហព័ន្ធ។ លោក Tabas បានសង្កត់ធ្ងន់ថា ក្លិបនិងសហព័ន្ធ បានស៊ូទ្រាំនឹងការគំរាមកំហែងពីលោក Florentino Perez ជាច្រើនឆ្នាំណាស់ ហើយពេលនេះ គឺជាពេល ដែលត្រូវផ្តល់សិទ្ធិទៅឲ្យក្រុមហ៊ុនសាធារណៈវិញម្តង៕
 

© រក្សាសិទ្ធិដោយ thmeythmey.com