COVID-19
ជាតិ
អ្នកប្រមូលសំរាម បារម្ភពីការឆ្លងកូវីដ-១៩កាន់តែខ្លាំង ខណៈរដ្ឋអនុញ្ញាតឲ្យអ្នកជំងឺព្យាបាលតាមផ្ទះ
12, Aug 2021 , 9:59 am        
រូបភាព
រូបតំណាង៖ ក្រុមបុគ្គលិកចុះប្រមូលសំរាម។ (រូបពីទំព័រហ្វេសប៊ុកស៊ីនទ្រី)
រូបតំណាង៖ ក្រុមបុគ្គលិកចុះប្រមូលសំរាម។ (រូបពីទំព័រហ្វេសប៊ុកស៊ីនទ្រី)
ភ្នំពេញ៖ អ្នកប្រមូលសំរាមកាន់តែព្រួយបារម្ភ ខណៈអ្នកឆ្លងកូវីដ-១៩នៅតែបន្តកើនឡើង ពិសេសអ្នកព្យាបាលតាមផ្ទះក៏មានច្រើន។ ប៉ុន្តែក្រសួងសុខាភិបាល អះអាង អ្នកព្យាបាលតាមផ្ទះ គឺមានការត្រួតពិនិត្យត្រឹមត្រូវ រួមទាំងការវេចខ្ចប់សំរាមទៀតផង។ 



ជាអ្នកបើកឡានប្រមូលសំរាម នៅខណ្ឌចំការមន រាជធានីភ្នំពេញ លោក ងួន ពៅ មានការព្រួយបារម្ភពីការឆ្លងកូវីដ-១៩ កាន់តែខ្លាំង ខណៈមានអ្នកព្យាបាលតាមផ្ទះកាន់តែច្រើន។ នៅក្នុងកាលៈទេសៈព្រួយបារម្ភនេះ លោកពៅ និងក្រុមការងារខ្លួន បានបង្កើនការប្រុងប្រយ័ត្នកាន់តែខ្លាំង ដោយពាក់ម៉ាស់ និងស្រោមដៃជាប្រចាំ នៅពេលប្រមូលសំរាមតាមផ្ទះពលរដ្ឋ ឬតំបន់ជាប់ពាក់ព័ន្ធកូវីដ-១៩។ 
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកបើកឡានប្រមូលសំរាមឲ្យក្រុមហ៊ុនស៊ិនទ្រីរូបនេះ បាននិយាយដូច្នេះ៖ «ពេលឃើញផ្ទះណាមានចង់ខ្សែពណ៌ស ពណ៌លឿង ឬខ្សែព័ទ្ធជុំវិញ ខ្ញុំជាអ្នកបើកឡានមែន តែខ្ញុំក៏ខ្លាចឆ្លងដែរ ព្រោះអ្នកចុះប្រមូលសំរាមរួចហើយ ក៏ឡើងមកជិះឡានជុំគ្នាវិញ។ អ៊ីចឹងបានក្រុមរបស់ខ្ញុំ ឲ្យតែឃើញផ្ទះពាក់ព័ន្ធកូវីដ-១៩ដែលមានចងខ្សែ គឺរំលងប្រមូលសិនហើយ ចាំដល់លែងឃើញមានចងខ្សែចាំចូលប្រមូលវិញ។ យើងខ្លាចឆ្លងដែរ! មានតែធ្វើចឹង»។  
 
ចំណែក លោក ស៊ុន និត ជាអ្នកចុះប្រមូលសំរាមក្នុងក្រុមរបស់លោក ងួន ពៅ ក៏អះអាងដែរថា ខ្លួនមិនហ៊ានយកសំរាមផ្ទះ អ្នកមានចងខ្សែហាមឃាត់(សម្គាល់ផ្ទះអ្នកជំងឺកូវីដ-១៩) ឡើយ ព្រោះលោក ខ្លាចការវេចខ្ចប់សំរាមរបស់អ្នកផ្ទះនោះ មិនបានត្រឹមត្រូវ។ សម្រាប់លោក និត ការប្រមូលសំរាមរំលងផ្ទះអ្នកជំងឺកូវីដ-១៩នេះ មិនមែនជាការរើសអើងនោះទេ ប៉ុន្តែដើម្បីបង្ការការជំងឺឆ្លងប៉ុណ្ណោះ។ 
 
«ខ្ញុំមិនហ៊ានប្រមូលទេ ផ្ទះដែលមានចងខ្សែ។ មិនមែនរើសអើងទេ តែខ្ញុំបារម្ភខ្លាចឆ្លងដែរ ព្រោះមេរោគមើលមិនឃើញ! មិនដឹងគេទុកសំរាមយ៉ាងម៉េច!? ហើយកូវីដ-១៩បំប្លែងថ្មី(ដែលតា) ឮថាឆ្លងលឿន ពួកខ្ញុំមានតែប្រយ័ត្នជាងមុន»។ នេះបើតាមលោក ស៊ុន និត។
 
សម្រាប់លោក ង៉ែត មឿន ដែលតែងតែចុះប្រមូលសំរាមនៅក្នុងខណ្ឌដង្កោវិញ បានអះអាងថា ខ្លួនប្រើប្រាស់សម្ភារការពារកូវីដ-១៩ជាប្រចាំ ខណៈមេរោគកូវីដ-១៩បម្លែងខ្លួនថ្មី «ដែលតា» កំពុងគំរាមកំហែងសុខភាពពលរដ្ឋ ។
 
អ្នកប្រមូលសំរាមឱ្យក្រុមហ៊ុនប្រមូលសំរាមថ្មី MIZUDA រូបនេះ រៀបរាប់ថា៖ «ពេលក្រុមការងារខ្ញុំចុះប្រមូលសំរាមតាមផ្ទះ យើងតែណែនាំជាប្រចាំ ប្រើសិនប្រទះឃើញតំបន់ណាឬផ្ទះណា មានចងខ្សែហាមឃាត់ ឬស្លាកសញ្ញាពាក់ព័ន្ធកូវីដ-១៩ មិនត្រូវបើកកកាយរកសំបកដប ឬពិនិត្យញែកសំរាមនោះទេ គឺលើកដាក់ចូលឡានដោយប្រុងប្រយ័ត្នទៅ ហើយសម្អាតដៃជើងបន្ថែមផង»។ 


អ្នកជំងឺកូវីដ-១៩ សម្រាកព្យាបាលនៅផ្ទះ ហើយអាជ្ញាធរយកផ្ទាំងអក្សរមកបិទបញ្ជាក់នៅជាប់ទ្វារផ្ទះ។
 
ជុំវិញបញ្ហានេះ លោក ហុក គីមចេង អគ្គនាយកបច្ចេកទេស និងជាអ្នកនាំពាក្យនៃក្រសួងសុខាភិបាល អំពាវនាវឲ្យក្រុមប្រមូលសំរាមកុំភ័យខ្លាច ព្រោះក្រុមបច្ចេកទេសសុខាភិបាល បានត្រួតពិនិត្យត្រឹមត្រូវហើយ។ ប៉ុន្តែយ៉ាងណាលោក គីមចេង នឹងយកបញ្ហាព្រួយបារម្ភរបស់កម្មករប្រមូលសំរាមនេះ ទៅពិភាក្សាជាមួយអាជ្ញាធរថែមទៀត ដើម្បីកុំឲ្យមានការកកស្ទះសំរាមនៅតាមផ្ទះ ឬតំបន់ពាក់ព័ន្ធកូវីដ-១៩។ 
 
លោកថ្លែងប្រាប់សារព័ត៌មានថ្មីៗថា៖ «អ្នកព្យាបាលតាមផ្ទះ គឺមានពេទ្យត្រួតពិនិត្យតាមដានគាត់រាល់ថ្ងៃ ហើយក៏ពន្យល់រឿងទុកដាក់សំរាម (ទៅអ្នកជំងឺដែរ) គឺចងទុកដាក់ដោយឡែក ២ ទៅ៣ថ្ងៃសិន (ចាំដាក់ឲ្យអ្នកប្រមូល)...។ យើងត្រូវការសហការគ្នាជាមួយអាជ្ញាធរ ហើយអ្នកជំងឺ និងក្រុមហ៊ុនដែលប្រមូលសំរាម ចូលរួម (យល់ដឹងវិធានការទុកដាក់សំរាម) ទាំងអស់គ្នា»។ 
 
កន្លងមកក្រុមបច្ចេកទេសក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក៏វាយតម្លៃឃើញថា មេរោគកូវីដ-១៩ មិនអាចរស់បានរយៈពេល២ទៅ៣ថ្ងៃឡើយ។ នេះបើតាមលោក ហុក គីមចេង ដែលបន្ថែមថា បច្ចុប្បន្ននេះ មានអ្នកជំងឺកូវីដ-១៩ ចំនួន៣ពាន់នាក់ហើយ កំពុងសម្រាកព្យាបាលតាមផ្ទះ នៅក្នុងរាជធានីភ្នំពេញ។ 
 
ជុំវិញបញ្ហាប្រមូលសំរាមនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអះអាងថា មិនទាន់មានករណីសំរាមកកស្ទះ នៅតាមផ្ទះអ្នកព្យាបាលកូវីដ-១៩ ឬតំបន់រាលដាលជំងឺនេះឡើយ ចាប់តាំងពីមានការបែងចែកតំបន់ប្រមូលសំរាម ដល់ក្រុមហ៊ុននីមួយៗមកនេះ។ 
 
«ខ្ញុំរីករាយពេលឃើញពលរដ្ឋយើង ទាំងអ្នកប្រមូលសំរាមចេះខ្លាចកូវីដ-១៩ ចេះការពារជាងមុន តែកុំខ្លាចជ្រុលហើយក៏កុំមិនខ្លាចអីសោះ។ កន្លែងដែលចងខ្សែខ្លះ ពលរដ្ឋគាត់ចងខ្លួនឯង ដើម្បីរក្សាគម្លាត ហើយកន្លែងខ្លះក៏ក្រុមជំនាញចង ព្រោះពាក់ព័ន្ធកូវីដ-១៩។ តែទាំងនេះ មិនចោទបញ្ហាទេ ព្រោះផ្ទះដែលមានអ្នកព្យាបាលគឺគេដាក់ថា មានអ្នកកូវីដ-១៩ ព្យាបាលច្បាស់លាស់ណាស់ មិនច្រឡំគ្នាទេ»។ នេះបើតាមអភិបាលរាជធានីភ្នំពេញ។
 
កាលពីថ្ងៃទី៩ កក្កដា កន្លងមក អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានណែនាំឱ្យអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ដែលព្យាបាលតាមផ្ទះ ត្រូវទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងឆ្លងជំងឺទៅអ្នកដទៃ ខណៈមានអ្នកជំងឺសម្រាកព្យាបាលបន្តកើនឡើង។ 
 
ក្នុងករណីដែលអ្នកជំងឺមិនអនុវត្តតាមការណែនាំ ហើយបង្កឱ្យមានការឆ្លងទៅអ្នកដទៃ នឹងទទួលខុសត្រូវតាមមាត្រា៩ នៃច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩  ដោយត្រូវផ្ដន្ទាទោសដាក់ពន្ធធានាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ និងលិខិតបទដ្ឋានពាក់ព័ន្ធដែលជាធរមាន។ នេះបើតាមលោក ឃួង ស្រេង។
 
ចំពោះចំណាត់ការលើអ្នកល្មើសបទបញ្ជានេះ លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋានរាជធានីភ្នំពេញ ស្នើសុំឲ្យសារព័ត៌មានថ្មីៗសាកសួរទៅ ខាងសាលារាជធានីភ្នំពេញវិញ។ 
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏មិនបានបញ្ជាក់ពីករណីអ្នកល្មើសការណែនាំរបស់អាជ្ញាធរដែរ។ ប៉ុន្តែលោក បានសង្កត់ធ្ងន់ថា ការដាក់ចេញវិធានការនេះ គឺគ្មានគោលបំណងប្រើចំណាត់ការលើអ្នកព្យាបាលជំងឺកូវីដ-១៩ តាមផ្ទះឡើយ ពោលគឺដើម្បីទប់ស្កាត់ការរាលដាលជំងឺឆ្លងប៉ុណ្ណោះ។
 
សូមជម្រាបថា ក្រសួងសុខាភិបាលបានប្រកាសកាលពីថ្ងៃទី៩កក្កដាថា មិនអនុញ្ញាតឲ្យអ្នកជំងឺកូវីដ-១៩ ដែលបំប្លែងថ្មី «ដែលតា» សម្រាកព្យាបាលនៅតាមផ្ទះជាដាច់ខាត ពោលគឺពួកគេត្រូវសម្រាកនៅមណ្ឌល ឬមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩៕ 
 
 
 

Tag:
 សំរាម
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com