ជាតិ
សង្គមជាតិ
ការសិក្សាស្រាវជ្រាវ និងគ្រប់គ្រងស្មារតី ជួយឲ្យ សាន នីកាម៉ារី ជាប់ជ័យលាភីលេខ១ នៃការនិយាយភាសាអង់គ្លេស
13, Aug 2021 , 7:59 am        
រូបភាព
ដោយ:
ភ្នំពេញ៖ យុវសិស្ស សាន នីកាម៉ារី អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១១ នៅសាលារៀនហូពបាត់ដំបង បានជាប់ជ័យលាភីលេខមួយ ផ្នែកប្រកួតប្រជែងនិយាយជាភាសាអង់គ្លេស ក្នុងកម្មវិធី«វោហារឆ្នើម» ដែលរៀបចំឡើងដោយក្រសួងមហាផ្ទៃ និងក្រសួងអប់រំ យុវជន និងកីឡាកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១។

 
សម្រាប់យុវសិស្ស សាន នីកាម៉ារី ការប្រកួតប្រជែងនិយាយជាភាសាអង់គ្លេស ជាវេទិកាមួយផ្តល់ឱកាសឲ្យយុវសិស្ស និងនិស្សិត បង្ហាញសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេស ។ ដើម្បីជាប់ជ័យលាភីលេខ១ នៃការនិយាយភាសាអង់គ្លេសនេះ សាន នីកាម៉ារី បានចំណាយពេលសិក្សាស្រាវជ្រាវបន្ថែម ជាពិសេសរៀនពីវិធីគ្រប់គ្រងស្មារតី ដើម្បីកុំឲ្យតក់ស្លុត ក្នុងពេលប្រកួតវោហារនេះ។
 
ខាងក្រោមនេះជាបទសម្ភាសរវាងកញ្ញា សៅ សុខអេង អ្នកសារព័ត៌មានថ្មីៗ និងយុវសិស្ស សាន នីកាម៉ារី៖ 
 
កញ្ញា សៅ សុខអេង៖ ត្រឹមជាសិស្សថ្នាក់ទី១១ទេ តើកត្តាអ្វីជំរុញឲ្យកញ្ញាចូលរួមក្នុងកម្មវិធីប្រកួតប្រជែងនិយាយជាភាសាអង់គ្លេស? 
 
កញ្ញា សាន នីកាម៉ារី៖ ដោយសារកម្មវិធីប្រកួតប្រជែងនិយាយជាភាសាអង់គ្លេសនៅកម្ពុជាយើងគឺអត់សូវមានទេ វារៀងថ្មីដែរ។ កត្តាជំរុញឲ្យខ្ញុំចូលរួមកម្មវិធីនេះ គឺខ្ញុំខ្លួនឯង និង២០ភាគរយទៀតគឺមានមិត្តភក្តិ និងលោកគ្រូអ្នកគ្រូជាអ្នកជួយលើកទឹកចិត្ត។ ខ្ញុំគិតថាបើខ្ញុំចូលរួមទៅ ហើយទៅមានអ្នកផ្សេងគាត់នឹងចូលរួមដែរ នោះនឹងធ្វើឲ្យការប្រកួតជាឧទាហរណ៍ និងគំរូដល់សិស្សជំនាន់ក្រោយហ៊ានចូលរួមប្រកួតដែរ។ ទោះបីជាឈ្នះ ឬមិនឈ្នះ ប៉ុន្តែយើងមានបទពិសោធ។ ខ្ញុំទើបតែចូលរួមកម្មវិធីនេះជាលើកទី១ទេ។ ខ្ញុំគិតថាភាសាអង់គ្លេសជាភាសាមួយដែលធំធេង និងទូលំទូលាយលើពិភពលោក។ ប្រសិនយើងព្យាយាមប្រើប្រាស់ភាសាអង់គ្លេសឲ្យបានល្អទៅ កូនខ្មែរយើងអាចនិយាយជាភាសាអង់គ្លេសបានច្រើន ដើម្បីឲ្យយើងអាចចូលក្នុងសង្គម និងលើឆាកអន្តរជាតិបាន។ 
 
 
កញ្ញា សៅ សុខអេង៖ ជាម្ចាស់ជ័យលាភីលេខមួយ អមដោយមេដាយមាស រួមទាំងកុំព្យូទ័រ ជាពិសេសអាហារូបករណ៍សិក្សានៅសកលវិទ្យាល័យមួយកន្លែងទៀត តើកញ្ញាមានការត្រៀមខ្លួន និងមានការតាំងចិត្តបែបណា ក្នុងការប្រកួតនិយាយភាសាអង់គ្លេស ដែលប្រព្រឹត្តទៅបានល្អ និងមិនមានការភ័យខ្លាច?
 
កញ្ញា សាន នីកាម៉ារី៖ អ្វីដែលខ្ញុំត្រូវត្រៀមខ្លួនមុនការចូលរួមប្រកួត គឺខ្ញុំត្រូវរៀបចំប្រធានបទ។ ក្នុងមួយថ្ងៃខ្ញុំអានសៀវភៅ និងស្រាវជ្រាវប្រហែលជា៣០នាទីទៅ១ម៉ោង។ ប៉ុន្តែអ្វីដែលខ្ញុំត្រូវត្រៀមខ្លាំងជាងគេ គឺការគ្រប់គ្រងអារម្មណ៍។ ខ្ញុំព្យាយាមប្រាប់ខ្លួនឯងថាកុំឲ្យភ័យ ហើយព្យាយាមប្រាប់ខ្លួនឯងថាបើទោះបីយើងបានលទ្ធផលបែបណា ក៏យើងត្រូវតែទទួលយក ពីព្រោះយើងក៏ទទួលបានបទពិសោធ និងមេរៀន។ អ្វីដែលគួរតែមាននៅពេលយើងនិយាយជាភាសាអង់គ្លេសនៅសាធារណៈគឺយើងត្រូវដឹងថាយើងចង់និយាយពីអ្វី។ គោលបំណងដែលយើងចែកចាយទៅ គឺយើងចង់ឲ្យគេដឹងពីអ្វី។ យើងត្រូវច្បាស់អំពីព័ត៌មានដែលយើងចង់និយាយ។ យើងត្រូវធ្វើជាខ្លួនយើង ហើយយើងត្រូវគិតថា ការចែករំលែករបស់យើងគឺជាសារប្រយោជន៍សម្រាប់មហាជន។ ពេលយើងនិយាយ យើងកុំព្យាយាមនិយាយលឿនពេក យើងគួរតែរំភើបនូវឱកាសដែលយើងមានវិញ។  
 
កញ្ញ សៅ សុខអេង៖ មែនទែនទៅតាមខ្ញុំដឹង កញ្ញាបានរៀនភាសាអង់គ្លេស រយៈពេល៦ឆ្នាំមកហើយ តើកញ្ញាមានវីធីរៀនបែបណា ដើម្បីអាចប្រើប្រាស់ភាសាអង់គ្លេសឲ្យបានល្អ និងពូកែ? 
 
កញ្ញា សាន នីកាម៉ារី៖ ដើម្បីឲ្យចាំពាក្យអង់គ្លេសបានលឿន គឺខ្ញុំតែងតែសរសេរពាក្យអង់គ្លេសណាមួយលើក្រដាស ហើយបិទលើជញ្ជាំង ហើយព្យាយាមទន្ទឹង និងមើលវាដដែលៗ។ ហើយដើម្បីឲ្យចាំច្បាស់ពីវេយ្យាករណ៍អង់គ្លេសបានលឿន គឺខ្ញុំឧស្សាហ៍សរសេរ ជាពិសេសសរសេរក្នុងសារឆ្លើយឆ្លងជាមួយមិត្តភក្តិតាមអនឡាញ។ ជាទូទៅ ដើម្បីឲ្យខ្ញុំអាចឆាប់ចាំពាក្យ និងវេយ្យាករណ៍ គឺខ្ញុំតែងតែងសរសេរដដែលៗ ពេលនោះហើយនឹងធ្វើឲ្យខ្ញុំឆាប់ចាំក្នុងខួរ។ ខ្ញុំតែងតែងក្រោកពីព្រឹកមើល និងអានសៀវភៅអង់គ្លេស។ ដោយសារខ្ញុំចង់ចេះភាសាអង់គ្លេស ខ្ញុំក៏មើលគំរូអ្នកដទៃដែលនៅជុំវិញខ្លួនខ្ញុំ ពេលខ្ញុំឃើញគេចេះនិយាយភាសាអង់គ្លេសបានឡូយ ខ្ញុំក៏មានអារម្មណ៍ និងតាំងចិត្តចង់ចេះដូចគេដែរ។  ខ្ញុំបង្កើតផ្នត់គំនិត និងជំរុញខ្លួនឯងឲ្យព្យាយាមរៀនភាសាអង់គ្លេស។ ខ្ញុំព្យាយាមចាប់យកចំណុចទាក់ទងនឹងការនិយាយរបស់ជនជាតិបរទេស ជាពិសេសខ្ញុំព្យាយាមមើលវីដេអូ ឬរឿងបែបជាភាសាអង់គ្លេស។ មានពិធីរៀនភាសាអង់គ្លេសច្រើន ប៉ុន្តែខ្ញុំរកវិធីរៀនបែបណាដែលងាយស្រួលសម្រាប់ឲ្យខ្ញុំអាចងាយឆាប់ចេះ។ 
 
រៀនភាសាអ្វីដ៏ដោយដើម្បីឲ្យឆាប់ចេះ គឺខ្ញុំព្យាយាមនិយាយជាមួយជនជាតិដើមឲ្យបានច្រើន។ ដោយសារប៉ាម៉ាក់របស់ខ្ញុំ គឺពួកគាត់ធ្វើការនៅអង្គការមួយដែលសម្បូរបរទេស។ អ៊ីចឹងទៅវាផ្តល់ឱកាសឲ្យខ្ញុំអាចស្គាល់ និងជួបបរទេសច្រើន ហើយខ្ញុំយកឱកាសហ្នឹងទៅហាត់សមនិយាយអង់គ្លេស។ ខ្ញុំរៀនពីសាលាបាន៥០ភាគរយ និងរៀនពីមនុស្សនៅជុំវិញខ្លួន៥០ភាគរយទៀត គួបផ្សំនឹង ខ្ញុំតែងតែមើលវីដេអូ តាមយូធូប អានសៀវភៅភាសាអង់គ្លេស សរសេរ ស្តាប់បទចម្រៀងភាសាអង់គ្លេស និងសន្ទនាឲ្យបានច្រើន ដោយនិយាយជាមួយជាមួយកម្មវិធីឆ្លងឆ្លើយជាភាសាអង់គ្លេសតាមទូរសព្ទ។ អ្វីដែលសំខាន់នោះគឺការរៀននិយាយជាមួយបរទេស មិត្តភក្តិ និងអនុវត្តនិយាយខ្លួនឯងឲ្យបានច្រើន។ ខ្ញុំរៀនរបៀបហ្នឹងគឺជិត៦ឆ្នាំមកហើយ តាំងពីខ្ញុំនៅអាយុ១១ឆ្នាំ។ 
 
កញ្ញា សៅ សុខអេង៖ ការចូលរួមប្រកួតប្រជែងនិយាយភាសាអង់គ្លេស តើកញ្ញាយល់ថា វាជាចំណែកពង្រឹងចំណេះដឹងផ្នែកភាសាអង់គ្លេសរបស់កញ្ញាឲ្យល្អប្រសើរជាងនេះដែរទេ?
 
កញ្ញា សាន នីកាម៉ារី៖ ពិតណាស់ពេលខ្ញុំចូលរួមកម្មវីធីនេះ ពិតជាបានជួយខ្ញុំបន្ថែមមែន។ កាលពីមុន ខ្ញុំចេះនិយាយភាសាអង់គ្លេសតាមបែបជីវីតសាមញ្ញទូទៅ ប៉ុន្តែនៅពេលខ្ញុំបានចូលរួមប្រកួតកម្មវិធីហ្នឹងមក ខ្ញុំចេះរៀបពាក្យ និងការនិយាយបែបផ្លូវការច្រើន និងល្អជាងហ្នឹង។ តាំងពីចូលរួមកម្មវិធីហ្នឹងមក ធ្វើឲ្យខ្ញុំចេះស្រាវជ្រាវច្រើនជាងមុន។ សម្រាប់ខ្ញុំការដែលមានការប្រកួតប្រជែងនិយាយភាសាអង់គ្លេស គឺជាការរួមចំណែកឲ្យសិស្សមានភាពក្លាហ៊ាន ហ៊ានបញ្ចេញមតិ និងសមត្ថភាព និងតម្រង់ទិសឲ្យសិស្សមានភាពដឹកនាំ និងស្គាល់ពីខ្លួនឯងឲ្យច្បាស់ជាងមុន។ បរិយាកាសនៃការប្រកួតបែបហ្នឹង និងការរៀននៅក្នុងថ្នាក់គឺខុសគ្នាមែនទែន។ នៅពេលដែលយើងចូលរួមកម្មវិធីបែបហ្នឹងឲ្យបានច្រើន យើងនឹងដឹងពីសមត្ថភាពយើងមានប៉ុនណា។ ខ្ញុំគិតថាក្រសួង និងសាលាគួរតែមានការរៀបចំកម្មវិធីបែបហ្នឹងឲ្យបានច្រើន ដើម្បីជួយឲ្យសិស្ស និងនិស្សិតហ៊ានបញ្ចេញសមត្ថភាពដែលពួកគេមាន៕ 
 
 
 

Tag:
 យុវសិស្ស
 អប់រំ
 ភាសាអង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com