ជាតិ
សង្គមជាតិ
ក្រសួងសុខាភិបាលកំណត់ខេត្តចំនួន១៥ ត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងរក្សាគម្លាត
16, Aug 2021 , 6:03 pm        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្លែងក្នុងយុទ្ធនាការស្តីពីយុទ្ធនាការជាតិ ក្រោមប្រធានបទ  «រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩»កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។ រូបភាពពីក្រសួងសុខាភិបាល_
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្លែងក្នុងយុទ្ធនាការស្តីពីយុទ្ធនាការជាតិ ក្រោមប្រធានបទ «រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩»កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។ រូបភាពពីក្រសួងសុខាភិបាល_
ដោយ:
ភ្នំពេញ៖ ក្រសួងសុខាភិបាល នាថ្ងៃទី១៦ ខែសីហា បានកំណត់ខេត្តចំនួន១៥​ ឲ្យអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព ដោយសារផ្ទុះករណីកូវីដ-១៩ បំប្លែងថ្មី ដែលតា (Delta)។

 
ខេត្តទាំង១៥ ដែលត្រូវគោរពវិធានាការសុវត្ថិភាពនោះ គឺមានខេត្តពោធិ៍សាត់ ,បាត់ដំបង,មណ្ឌលគីរី,​រតនគីរី,​ក្រចេះ, ស្ទឹងត្រែង,កំពត,កែប,កំពង់ធំ,ព្រះវិហារ កោះកុង,ប៉ៃលិន,កំពង់ឆ្នាំង ត្បូងឃ្មុំ និងឧត្តរមានជ័យ។ 
 
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា ការកំណត់ខេត្តទាំង១៥នេះ ដោយសារជំងឺកូវីដ-១៩ បំប្លែងថ្មី«ដែលតា» កំពុងតែរាតត្បាតខ្លាំងក្នុងខេត្តទាំងនោះ។ បើតាមរដ្ឋមន្រ្តី សុខាភិបាល កាតព្វកិច្ចពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពនេះ គឺត្រូវអនុវត្តឡើងរហូតដល់មានការជូនដំណឹងសាជាថ្មី។ 
 
ដើម្បីអនុវត្តគោលការណ៍នេះឲ្យមានប្រសិទ្ធភាព លោក ម៉ម ប៊ុនហេង បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចាត់វិធានការ​ឲ្យបានម៉ឹងម៉ាត់។ ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ណែនាំដល់ពលរដ្ឋរួមគ្នា អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ដើម្បីជៀសផុតពីជំងឺកូវីដ-១៩។
 
រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ថា បើបុគ្គលណា មិនពាក់មាស់ ក្នុងទីសាធារណៈ ឬក្នុងកន្លែងដែលមានមនុស្សចាប់ពី២នាក់ឡើងទៅ បុគ្គលនោះ នឹងត្រូវទទួលទណ្ឌកម្ម តាមអនុក្រឹត្យលេខ៣៧ អនក្រ.កប ស្តីពីការទប់ស្កាត់ជំងឺកូវីដ-១៩។ 
 
បើតាមអនុក្រឹត្យដដែលនេះ បុគ្គល មិនពាក់ម៉ាស់ នៅទីកន្លែង ដែលមានមនុស្សចាប់ពី២នាក់ឡើងទៅ ដូចការកំណត់របស់ក្រសួងសុខាភិបាល នឹងត្រូវទទួលការព្រមានសិន សម្រាប់កំហុសលើកទី១ ហើយបើនៅតែបំពានលើកទី២ នឹងប្រឈមការពិន័យប្រាក់ពី២សែនរៀល ទៅ១លានរៀល។ ចំណែកបុគ្គលដែលមិនរក្សាគម្លាតសុវត្ថិភាព ក៏រងការពិន័យដូចគ្នាដែរ៕  
 

Tag:
 ម៉ាស់
 កូវីដ-១៩ បំប្លែងថ្មីដែលតា
© រក្សាសិទ្ធិដោយ thmeythmey.com