អន្តរជាតិ
មេបក្សនយោបាយម៉ាឡេស៊ី ចូលគាល់មហាក្សត្រដើម្បីជជែកពីការជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី
17, Aug 2021 , 5:21 pm        
រូបភាព
ទិដ្ឋភាពខាងមុខរាជវាំងម៉ាឡេស៊ី។ រូបថត Xinhua
ទិដ្ឋភាពខាងមុខរាជវាំងម៉ាឡេស៊ី។ រូបថត Xinhua
មេដឹកនាំគណបក្សនយោបាយម៉ាឡេស៊ីនានាដែលមានសំឡេងក្នុងសភា បានចូលគាល់មហាក្សត្រ Al-Sultan Abdullah Ri'ayatuddin Al-Mustafa Billah Shah ក្នុងព្រះបរមរាជវាំងគួឡាឡាំពួ ដើម្បីពិភាក្សាពីការជ្រើសរើសនាយករដ្ឋមន្រ្តីថ្មីជំនួសលោក មូហ៊ីឌីន យ៉ាស៊ីន ដែលលាលែង។

 
អនុប្រធានគណបក្ស Parti Islam Se-Malaysia លោក Tuan Ibrahim Tuan Man, ប្រធានគណបក្ស Parti Pejuang Tanah Air លោក Mukhriz Mahathir, ប្រធានគណបក្ស United Malays National Organisation លោក Ahmad Zahid Hamidi, និងអគ្គលេខាធិការគណបក្ស Democratic Action Party លោក Lim Guan Eng បានធ្វើដំណើរទៅកាន់ព្រះបរមរាជវាំងជាបន្តបន្ទាប់ដើម្បីគាល់មហាក្សត្រម៉ាឡេស៊ីនៅថ្ងៃទី១៧ ខែសីហា។ 
 
បើតាមទីភ្នាក់ងារព៌ត័មានម៉ាឡេស៊ី Bernama នៅក្នុងលិខិតមួយដែលចេញដោយប្រធានសភាជាន់ទាបលោក Azhar Azizan Harun មហាក្សត្រម៉ាឡេស៊ីបានណែនាំឱ្យលោកជូនដំណឹងដល់តំណាងរាស្រ្តទាំងអស់ឱ្យបញ្ជាក់ពីសមាជិកសភាដែលពួកគេគាំទ្រជានាយករដ្ឋមន្ត្រីថ្មី។​ តំណាងរាស្ត្រទាំងអស់ត្រូវបញ្ជូនលិខិតគាំទ្រនេះទៅរាជវាំងមិនឱ្យលើសពីម៉ោង៤រសៀលថ្ងៃទី១៨ ខែសីហា។
 
ក្រោយការលាលែងរបស់លោក មូហ៊ីឌីន យ៉ាស៊ីន នៅថ្ងៃទី១៦ ខែសីហា គណបក្សនយោបាយនានាដែលមានអាសនៈក្នុងសភា បានចាប់ផ្តើមការចរចារវាងគ្នាដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី។ បេក្ខភាពដែលអាចប្រមូលសំឡេងគាំទ្រពីសមាជិកសភា១១១ អាចក្លាយជានាយករដ្ឋមន្ត្រី ជាជាងការរៀបចំការបោះឆ្នោតទូទៅមួយអំឡុងពេលវិបត្តិកូវីដ-១៩ ។
 
ថ្វីបើលាលែងពីតំណែងក្តី លោក យ៉ាស៊ីន ត្រូវបានតែងតាំងដោយមហាក្សត្រជានាយករដ្ឋមន្រ្តីចាំផ្ទះរហូតដល់មានការតែងតាំងនាយករដ្ឋមន្ត្រីថ្មី។ ​ការលាលែងពីតំណែងរបស់បនាយករដ្ឋមន្ត្រីរូបនេះធ្វើឡើងក្រោយលោកបាត់បង់ការគាំទ្រភាគច្រើនក្នុងសភា និងរងសម្ពាធខ្លាំងពីគ្រប់មជ្ឈដ្ឋានម៉ាឡេស៊ីទាក់ទងនឹងកង្វះសមត្ថភាពគ្រប់គ្រង និងដោះស្រាយបញ្ហាកូវីដ-១៩៕
 

Tag:
 ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com